(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដោយមានលោក​ លឹម ជាវុត្ថា នាយកប្រតិបត្តិជាតំណាង បានជួបពិភាក្សាការងារមួយចំនួនជាមួយ តំណាងស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជាដែលមានលោក Hahm Jeong-han អគ្គទីប្រឹក្សា និងជាអគ្គកុងស៊ុលជាតំណាង នៅក្នុងពិធីអាហារសាមគ្គី នាថ្ងៃត្រង់ ទី២០ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីសំណេះសំណាលការងារមួយចំនួន និងស្វែងយល់ព័ត៌មាន ពីគ្នាទៅវិញទៅមក។

លោក​ លឹម ជាវុត្ថា បានលើកឡើងពីប្រវត្តិកកើត និងការប្រតិបត្តិការងារប្រចាំថ្ងៃ របស់អង្គភាពព័ត៌មាន Fresh News ដែលនាំអោយឈានទៅរកភាពជោគជ័យ លើផ្នែកផ្សព្វផ្សាយព័ត៌មាន ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ជូនទៅតំណាងស្ថានទូតកូរ៉េខាងត្បូង បានជ្រាប រួមទាំងបញ្ហាមួយចំនួនទៀតដែល កើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធការរីកចំរើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជាតែម្ដង។

ក្នុងនោះលោក Hahm Jeong-han ក៏បានកោតសរសើរដល់អង្គភាពព័ត៌មាន Fresh News ដែលជាបណ្ដាញផ្ដល់ព័ត៌មានមួយរបស់ប្រទេសកម្ពុជា ដែលផ្ដល់ព័ត៌មានលឿនគួរជាទីទុកចិត្ត និងសំបូរបែបដែលសូម្បីតែមន្ត្រី នៅក្នុងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ក៏បានដោនឡូតព័ត៌មាន Fresh News ទុកសំរាប់បើកមើល និងតាមដានព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយឡែកលោកស្រី Kim hwa-sook ជាមន្ត្រីអ្នកស្រាវជ្រាវផ្នែកនយោបាយ និងសេដ្ឋកិច្ចប្រចាំស្ថានទូតកូរ៉េខាងត្បូងដែលចេះនិយាយ និងអានភាសាខ្មែរ បានអះអាងថាក្នុងមួយថ្ងៃ លោកស្រីបានបើកមើលព័ត៌មាន  Fresh News លើសពី១០ដងដើម្បីតាមដាន និងបានដឹងពីព័ត៌មានដែលកើតមាន នៅក្នុងប្រទេសកម្ពុជា។

ចុងក្រោយ តំណាងអង្គភាពព័ត៌មាន Fresh News និងតំណាងស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជាបានសន្យាបន្តទំនាក់ទំនងគ្នា ដើម្បីសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ធ្វើយ៉ាងណាអោយវិស័យព័ត៌មាននៅប្រទេសទាំងពីរមានការរីកចំរើន ហើយប្រទេសកូរ៉េខាងត្បូង ក៏មានបំណងផ្សព្វផ្សាយព័ត៌មានមួយចំនួនពីប្រទេសកូរ៉េខាងត្បូង  អោយប្រជាជនកម្ពុជាបានដឹងផងដែរ ដោយសារតែនៅប្រទេសកម្ពុជា មានប្រជាជនកូរ៉េខាងត្បូង មករស់នៅ និងរកសុីច្រើន ហើយប្រជាជនកម្ពុជាក៏ទៅធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូង ច្រើនផងដែរ មានរហូតដល់ទៅជាង៤៥០០០នាក់ឯណោះ៕