McDonald's ជាក្រុមហ៊ុន Fast Food ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលបច្ចុប្បន្នមាន​អតិថិជនប្រើប្រាស់ប្រចាំថ្ងៃ ៦៨លាននាក់ នៅក្នុង ១១៩ប្រទេស និងមានហាងរហូតដល់ ៣៥.០០០កន្លែង និងមាន​បុគ្គលិក ១,៧លាននាក់ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន McDonald's បានចាប់ផ្ដើមសេវាកម្មរបស់ខ្លួនដំបូងនៅឆ្នាំ ១៩៤០ ដោយមានស្ថានិក Richard និង Maurice McDonald ដែលជាបងប្អូននឹងគ្នា ហើយនៅពេលនេះ McDonald's ផ្ដល់សេវាកម្មអាហារប្រភេទសាច់ ហើយក្រោយមកនៅឆ្នាំ ១៩៤៨ ទើបសម្រេចចិត្តផ្ដល់សេវាកម្ម​ប្រភេទអាហារ Hamburger វិញ។ នៅក្នុងឆ្នាំ ១៩៥៥ ពាណិជ្ជករ Ray Kroc ក៏បានសុំ Richard និង Maurice McDonald ចូលរួម​​ក្នុងក្រុមហ៊ុន McDonald's ដែរ។ ចាប់តាំងពីពេលនោះមក McDonald's បាន​បន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់មកឆ្នាំ ២០១២ ទើបមានរបាយការណ៍ហិរញ្ញវត្ថុ ដោយរកប្រាក់ចំណូលបាន ២៧,៥ពាន់លាន​ដុល្លារអាមេរិក និងចំណេញ ៥,៥ពាន់លានដុល្លារអាមេរិក។ មកដល់ពេលនេះ McDonald's បាន​លក់ hamburgers, cheeseburgers, សាច់មាន់បំពង, ដំឡូងបំពង,​ភេសជ្ជ ជាដើម។

McDonald's ដំបូងឡើយប្រើប្រាស់ឈ្មោះ "Speedee" ប៉ុន្តែក្រោយមកនៅឆ្នាំ ១៩៦៧ ក៏បានប្ដូរមកប្រើឈ្មោះ "Ronald McDonald" វិញ ខណៈដែលក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្ម​លើកដំបូងនៅក្នុង សហរដ្ឋអាមេរិក ហើយ​ក្រោយមក ក៏ប្ដូរ​មក​ប្រើឈ្មោះ "McDonald's" ជាផ្លូវការតែម្ដង។ ដោយសារតែមានការផ្ដល់មតិរិះគន់ និងដើម្បីលើកស្ទូយផ្នែកសុខភាពនោះ McDonald's បានសម្រេចចិត្តដាក់បម្រាម មិនឲ្យជក់​បារីនៅក្នុងហាង McDonald's ទាំងអស់ ដោយបម្រាមនេះត្រូវបាន​ធ្វើ​ឡើង​ចាប់ពីឆ្នាំ ១៩៩៤។

បើទោះបីជា ស្លាកសញ្ញា McDonald's ត្រូវបានពិភពលោកទាំងមូលស្គាល់ក៏ហើយក្ដី ប៉ុន្តែ​ជារៀងរាល់ឆ្នាំ McDonald's បាន​ចំណាយកលុយរាប់លានដុល្លារអាមេរិក ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈ​ទូរទស្សន៍ វិទ្យុ កាសែត ផ្ទាំងបដា ជាពិសេស​គឺចាយលុយធំនៅក្នុងព្រឹត្តិការណ៍​ FIFA World Cup និង Olympic Games ប៉ុន្តែពុំមានសេចក្ដីបញ្ជាក់ណា​មួយ​ពាក់​ព័ន្ធ​នឹង​ខ្នង​ចំណាយលើពាណិជ្ជកម្មនេះឡើយ។
ក្រុមហ៊ុន McDonald's ក៏បានចូលរួមនៅក្នុងវិស័យមនុស្សធម៌ផងដែរ ដោយជារៀងរាល់ឆ្នាំ McDonald's មានរៀបចំព្រឹត្តិការណ៍មួយ McHappy Day គឺជាថ្ងៃដែលម្ចាស់ហ៊ុន​ ត្រូវលក់ភាគហ៊ុនដើម្បីបរិច្ចាគ លើវិស័យមនុស្ស​ធម៌ ដោយ​កាលពីឆ្នាំ ២០១០ បានរៀបចំឡើងនៅក្នុងប្រទេសចំនួន ១៧ ហើយប្រមូលបានថវិកាជាច្រើនរហូតដល់ ២០,៨លានដុល្លារ​អាមេរិក។

នៅក្នុងឆ្នាំ ១៩៩០ មានលិខិតផ្សព្វផ្សាយមួយបានចុះផ្សាយថា ផលិតផល McDonald's បានធ្វើឲ្យប៉ះពាល់ដល់​បរិស្ថាន សុខភាព និង​រំលោភ​លក្ខខណ្ឌការងារ ប៉ុន្តែមតិរិះគន់នេះ មិនបានធ្វើឲ្យ McDonald's បាត់ប្រជាប្រិយភាពប៉ុណ្ណោះទេ ផ្ទុយ​ទៅ​វិញ បានធ្វើឲ្យកាន់តែល្បីឈ្មោះ ព្រោះថា មន្ត្រីជំនាញ និងតុលាការបានរកឃើញថា ពុំមានផលប៉ះពាល់ដល់​សុខភាព និង​បរិស្ថានឡើង ក្រៅពីផ្ដល់រសជាតិឆ្ងាញ់ គឺមិនបានអ្វីផ្សេងទេ។ ស្ទើរតែរៀងរាល់ឆ្នាំ McDonald's ទទួលបានមតិរិះគន់​ជាច្រើន ពាក់ព័ន្ធសេវាកម្ម ផលប៉ះពាល់ រសជាតិ ជាដើម។

ក្រុមហ៊ុន McDonald's បានជួបនូវពាក្យបណ្ដឹងជាច្រើនពាក់ព័ន្ធនឹងការប្រើស្លាកសញ្ញា ព្រោះថា McDonald's បានគំរាមដល់​​អាជីវកម្ម​ម្អូបអាហារទាំងអស់ថា ប្រសិនបើប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដោយ ប្រើពាក្យ "Mc ឬ Mac" នោះខ្លួននឹងប្ដឹង ជាក់​ស្ដែង McDonald's បានប្ដឹងហាងកាហ្វេស្កុតឡេន ដែលប្រើឈ្មោះ McDonald ប៉ុន្តែ McDonald's បានចាញ់ក្ដីនៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយមិនអាចប្ដឹង ឈ្នះក្រុមហ៊ុន McCurry ព្រោះថា McCurry បានចុះបញ្ជីពាណិជ្ជកម្មក្នុងស្រុកមុនពេល​ McDonald's មកដល់។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣ McDonald's រកប្រាក់ចំណូលបាន ២៨,១ពាន់លានដុល្លារអាមេរិក និង​ចំណេញ ៥,៥ពាន់លានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ ២០១៥ នេះ មានព័ត៌មានលេចឮថា McDonald's នឹងមានវត្តមាននៅលើ​ទី​ផ្សារប្រទេសកម្ពុជា៕