(ភ្នំពេញ)៖ ស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិនានា កំពុងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការតាមដានព្រឹត្តិការណ៍នយោបាយលើពិភពលោក ជាពិសេសព្រឹត្តិការណ៍សង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងឈ្លានពានដោយកងទ័ពរុស្ស៉ី រយៈពេល១សប្តាហ៍មកនេះ Fresh News បានទទួលលិខិតមិត្តអ្នកអានមួយ ដែលបង្ហាញអំពីទស្សនៈទាក់ទងនឹងការដឹកនាំ ជាពិសេសគឺយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរ និងប្រើប្រាស់កម្លាំងក្នុងការផ្តួលរំលំរបបប៉ុលពត។

ក្នុងលិខិតមិត្តអ្នកអាននេះ បានរៀបរាប់ដូចតទៅ៖

មេទ័ពដ៏មានយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់កម្ពុជា គឺចាប់ផ្តើមចេញពីយុទ្ធមិត្តតែ ៤រូបប៉ុណ្ណោះ រួមដំណើរតស៊ូរំដោះកម្ពុជា បានជោគជ័យពីរបបប្រល័យយពូជសាសន៍ប៉ុលពត? ខ្ញុំសូមទាញអារម្មណ៍ប្រិយមិត្តក្នុងបណ្តាញទំនាក់ទំនងសង្គមថា៖

ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) កម្ពុជាគ្មានលទ្ធភាពអ្វីក្រៅពីឈរតម្រង់ជួរចូលណ្តៅសាកសពម្តងមួយៗឡើយ គ្មានប្រទេសណា ឬអ្នកណាមួយហ៊ានចេញមុខមកអន្តរាគមន៍ទេ។

ក្នុងឆ្នាំ១៩៧៧ យើងអាចពិពណ៌នាបានថា៖ ដោយបារមី និងវត្ថុស័ក្តិសិទ្ធគ្រប់គ្រងថែរក្សាប្រទេសកម្ពុជា បានជំរុញដាស់តឿនទឹកចិត្តសមមិត្ត ហ៊ុន សែន ដែលក្នុងពេលនោះមានតួនាទីជាមេបញ្ជាការវិរៈសេនាធំ (តំបន់ស២១) កាន់កាប់កម្លាំងក្នុងដៃចំនួន១៧៧៦នាក់ បានសម្រេចចិត្តជ្រើសយកយុទ្ធមិត្តទុកចិត្តតែ ៤រូបប៉ុណ្ណោះ ចាកចេញពីមាតុប្រទេសទៅស្វែងរកការគាំទ្រពីប្រទេសជិតខាង មកជួយរំដោះប្រទេសកម្ពុជា រហូតទទួលបានជ័យជំនះ លើបនប្រល័យពូជសាសន៍ប៉ុលពត។

សេចក្តីសង្ខេបខាងលើ សូមបងប្អូនជនរួមជាតិ មេត្តាពិចារណា!

ហេតុអ្វីបានជាសមមិត្ត ហ៊ុន សែន បោះបង់កងកម្លាំងទាំង១៧៧៦នាក់ ហើយជ្រើសយកតែយុទ្ធមិត្តទុកចិត្តតែ ៤រូបប៉ុណ្ណោះទៅជាមួយ ដើម្បីធ្វើការតស៊ូរំដោះប្រទេសមួយទាំងមូល?

តើទេពកោសល្យអ្វី ដែលអាចធ្វើឲ្យប្រទេសជិតខាង ទទួលយកសំណូមពរដោយបញ្ជូនកងទ័ពស្មគ្រ័ចិត្តវៀតណាមគៀកស្មារជាមួយកងទ័ពរណសិរ្សរំដោះប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យលើរបបប៉ុលពត?

សំណេរខាងលើរបស់លោក ចង់បញ្ជាក់ជូនថា កាលៈទេសៈខ្លះមិនអាចប្រើចំនួនទ័ពដ៏ច្រើន ដើម្បីយកប្រៀបឈ្នះលើគូរសត្រូវបានទេ ហើយមេទ័ពដ៏មានយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនោះ គឺសម្តេចតេជោ ហ៊ុន សែន លោកដែលបានបង្កើតនូវភាពដ៏អស្ចារ្យនេះឡើងទុកជាប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២
ដោយ៖ លោក គឹម រស្មី