(ភ្នំពេញ)៖ ថ្ងៃទី១២ កុម្ភៈ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាសរបស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ពិភពលោកទាំងមូល។ នោះគឺ វីរៈបុរសខ្មែរមួយរូបដែលជាស្ថាបនិកសន្តិភាពឈ្មោះ តេជោ ហ៊ុន សែន បានទទួលពានរង្វាន់ «សន្តិភាព ស៊ុនហាក់» ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលនៃ សាធារណៈរដ្ឋកូរ៉េ។ ពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេង មិនត្រឹមតែសម្រាប់រូបនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូលផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានប្រគល់ជូនប្រមុខដឹកនាំកម្ពុជានាពេលនេះ បានធ្វើឡើងក្នុងខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹង និងតំបន់ខ្លះ ឬប្រទេសខ្លះកំពុងស្ថិតនៅពីមុខគ្រោះថ្នាក់នៃសង្គ្រាម។

នេះគឺជាសារមួយយ៉ាងច្បាស់លាស់ដែលអ្នកផ្តល់ពានរង្វាន់សន្តិភាពនេះចង់ពញាក់ស្មារតីមេដឹកនាំពិភពលោកទាំងឡាយ ឲ្យងាកមកចាប់អារម្មណ៍ និងផ្តល់តម្លៃលើសន្តិភាពដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងសម្រាប់មនុស្សជាតិនៅលើភពផែនដីទាំងមូល។

នៅក្នុងវីដេអូខ្លីមួយដែលម្ចាស់ពានរង្វាន់បានផលិតឡើង និងចាក់ផ្សាយនៅក្នុងឱកាសនោះ គេបានរំលេចយ៉ាងច្បាស់នូវវីរភាពនិងការលះបង់ដ៏ធំធេងរបស់តេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនរបស់ខ្លួន បន្ទាប់ពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍បានឆក់យកជីវិត ពលរដ្ឋខ្មែរអស់ជាច្រើនលាននាក់។ ខ្សែវីដេអូខ្លីតែ មានន័យជ្រៅបានធ្វើឲ្យថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា និងអ្នកចូលរួមក្នុងពិធី នោះកោតស្ងប់ស្ញែង យ៉ាងក្រៃលែងនូវវីរភាពរបស់ប្រមុខដឹកនាំកម្ពុជា ដើម្បីសន្តិភាពដែលពិតជាស័ក្តិសមឥតខ្ចោះក្នុងការទទួលបានពានរង្វាន់ដ៏វិសេសវិសាលនេះ។

លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី៥០ របស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៩៥ ដល់ ១៩៩៩ បានថ្លែងសុន្ទរកថាកោត ស្ញប់ស្ញែងសម្តេចតេជោ ហ៊ុន សែន ជាពន់ពេក។ លោកបានគូសបញ្ជាក់ថា ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមានការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាក៏គួរឱ្យកត់សម្គាល់ដែរ។ យើងបានស្តាប់លឺឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បានកាត់បន្ថយអត្រា ស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានលឺអំពីមនុស្សមានទេពកោសល្យដែលបានចំណាយពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិត នេះដើម្បីឆ្លើយតបនឹង វិបត្តិកូវីដ ១៩។ អ្នកបានលឺពីអ្នកស្នេហាជាតិមួយរូប គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាន នាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។

នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ខ្ញុំ (សហរដ្ឋអាមេរិក) ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់មនុស្សប្រហែល ៤៦.០០០នាក់ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០នាក់ ផ្សេងទៀតធ្វើអត្តឃាត។ លោកគូសបញ្ចាក់ថា សន្តិភាព វិបុលភាព សុវត្ថិភាពនិងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅ ពេលគាត់ហាក់ដូចជាអស់សង្ឃឹម។ លោកបន្តថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។

ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំរបស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា។

សុន្ទរកថានេះ សបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ឥស្សរជននានានៅលើពិភពលោកមកលើវីរភាពរបស់តេជោ ហ៊ុន សែន ដើម្បីបុព្វហេតុសន្តិភាព។ មានតែសន្តិភាពទេដែលបង្កើតភាពសុខដុមរមនារបស់មនុស្សនៅលើភពផែនដីនេះបាន។ អ្វីដែលជាលក្ខណៈពិសេសរបស់ស្ថាបនិកសន្តិភាពនៅកម្ពុជាហើយ ដែលកម្រមានអ្នកណាធ្វើបានគឺការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាម។ ទស្សនាទាននេះហើយដែលតេជោ ហ៊ុន សែន បានចែករំលែកទៅកាន់មេដឹកនាំជាច្រើននៅក្នុងពិភពលោក។ បច្ចុប្បន្នប្រមុខដឹកនាំកម្ពុជាក៏កំពុងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកដោយមិនខ្លាចនឿយហត់ក្នុងការស្វែងរកសន្តិភាព ក្នុងតំបន់និងនៅក្នុងឧបទ្វីបកូរ៉េ។ ទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងដែលស័ក្តិសមបំផុតនឹងទទួលបានពានរង្វាន់នៅថ្ងៃនេះ។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលតេជោ សែន ទទួលបានពិតជាមានអត្ថន័យមហាធំធេងសម្រាប់ប្រជាជាតិខ្មែរផង និងសម្រាប់ពិភពលោកផង។ សម្រាប់ប្រជាជាតិខ្មែរដែលបានហែលឆ្លងកាត់សង្គ្រាមស៊ីវិលដ៏អាក្រក់ រហូតធ្លាក់ក្នុងវាលពិឃាត តើមានពលរដ្ឋខ្មែរណាម្នាក់ដែលប្រាថ្នាចង់ឃើញសង្គ្រាមវិលវិញជាថ្មី? សម្រាប់ពិភពលោកវិញដែលបានឆ្លងកាត់សង្គ្រាមលោកលើកទី១ និងលើកទី២ និងសង្គ្រាមក្នុងបណ្តាប្រទេសជាច្រើនទៀតដែលកើតឡើងនៅពេលថ្មីៗ ពិតជាគ្មានមនុស្សជាតិណាម្នាក់ប្រាថ្នាចង់ជួបសង្គ្រាមនោះឡើយ។

ដូច្នេះមេដឹកនាំនិងស្ថាបនិកសន្តិភាព កម្ពុជាឈ្មោះ តេជោ សែន ជាមួយនឹងការទទួលបានរង្វាន់សន្តិភាពស៊ុនហាក់ នៅពេលនេះកំពុងក្លាយជានិមិត្តរូបនៃសន្តិភាព សម្រាប់ពិភពលោកទាំងមូល ដែលគ្មាននរណាអាចប្រកែកបដិសេធ បានឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ