(ភ្នំពេញ)៖ រយៈពេលលើស២៤ម៉ោងហើយដែលទណ្ឌិត សម រង្ស៊ី មិនទាន់បានឆ្លើយតបជាផ្លូវការថា តើខ្លួនហ៊ាន ឬមិនហ៊ានទទួលយកការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ឬអត់ ខណៈដែលអ្នកនៅជុំវិញទណ្ឌិត សម រង្ស៊ី បានបដិសេធសំណើសុំភ្នាល់នេះរួចហើយ។ សម រង្ស៊ី ខ្លួនឯងក៏បានដឹងច្បាស់ថា ខ្លួនក៏មិនហ៊ានភ្នាល់ដែរ ព្រោះដឹងតែពីចាញ់រួចទៅហើយ ដោយសារអ្វីដែលខ្លួននិងក្រុមខ្លួនបើកយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញសេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ពីផែនការមួយទៅផែនការមួយទៀត ហើយពេលខ្លះចាញ់ឡើងបោសគូថខោ។

ការណ៍នេះក៏កាន់តែបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាឱ្យឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងរបស់ខ្លួនបានត្រឹមតែនិយាយឱ្យតែរួចពីមាត់ តែគ្មានការទទួលខុសត្រូវចំពោះទង្វើខ្លួនដូចសព្វមួយដង ហើយក៏បានបញ្ជាក់ច្បាស់ថា ក្រុមប្រឆាំងប្រើប្រាស់ការធ្វើប្រជាភិថុតិ ការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន។ ពួកគេបន្តរស់នៅ និងបោកបញ្ឆោតសកម្មជនរបស់ខ្លួនជាមួយនឹងភាពក្លែងក្លាយ និងការបោកប្រាស់។

តាមរយៈទង្វើទាំងឡាយរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សាជាអ្នកនាំមុខនេះ អ្នកវិភាគចៅចាក់ស្មុកអាចទាញសេចក្តីសន្និដ្ឋានមួយចំនួនដូចខាងក្រោម៖

ទី១៖ សម រង្ស៊ី និងក្រុមប្រឆាំងរបស់ខ្លួន ធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និង និយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវ។ ក្រុមនេះពិតជាអ្នកនយោបាយចរិតមាន់ត្រចៀកស ដែលហ៊ានប្រើប្រាស់ល្បិចកលស្មោគគ្រោកទាំងឡាយដើម្បីបំពេញបំណងខ្លួន តែគ្មានការទទួលខុសត្រូវ។ ដោយសារតែពួកគេជាអ្នកនយោបាយចរិតដូចកូនក្មេង ធ្វើអ្វីផ្តេសផ្តាសដោយមិនដឹងអី។ ដូច្នេះហើយបានជាពួកគេតែងតែបរាជ័យជារៀងដរាបមក។

ទី២៖ សម រង្ស៊ី ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ។ គ្មានចក្ខុវិស័យដោយសារតែជាអ្នកនយោបាយ «ឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ» ដែលសពលោក កែម ឡី ធ្លាប់ដាក់ឈ្មោះឱ្យ សម រង្ស៊ី ថាជា«អ្នកនយោបាយអង្ករកំប៉ុង»។ អ្នកនយោបាយដែលគ្មានចក្ខុវិស័យបែបនេះគឺជាគ្រោះធំបំផុតសម្រាប់ជាតិ និងប្រជាជន។ គ្មានចក្ខុវិស័យ ដោយសាតែសូម្បីតែការបន្តវេននយោបាយ ដែលជាកិច្ចដ៏សំខាន់ក៏ សម រង្ស៊ី បានមិនបាននឹកឃើញផង និងតែងតែដណ្តើមតួនាទីយុវជនថែមទៀតផង ដែលសម្រាប់អ្នកនយោបាយមានចក្ខុវិស័យវែងឆ្ងាយ មិនត្រឹមតែបានគិតនោះទេ គឺថែមទាំងបានរៀបចំរួចរាល់បានយ៉ាងល្អទៅហើយ។

អ្នកនយោបាយគ្មានចក្ខុវិស័យរូបនេះ ធ្វើនយោបាយ តាំងពីមានបក្សរហូតដល់អត់បក្សឈរជើង និងធ្វើនយោបាយតាំងពីនៅក្នុងស្រុករហូតដល់រត់ចោលស្រុក។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើដំណើរមកដល់ផ្លូវទាល់ច្រក និងស្ទើរដល់ទីបញ្ចប់នៃជីវិតនយោបាយ និងជីវិតតាមធម្មជាតិទៅហើយ ប៉ុន្តែពុំទាន់បានគិតគូរអំពីការបន្តវេននៅឡើយ។ ពិតជាអ្នកនយោបាយដែលគ្មានភាពចាស់ទុំខាងនយោបាយ និងគ្មានចក្ខុវិស័យសម្រាប់បក្ស និងប្រទេសជាតិមែន។

ទី៣៖ សម រង្ស៊ី ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ សូម្បីតែក្មេងជំនាន់ក្រោយ ដែលគ្រាន់តែទៅរៀននៅក្រៅប្រទេស បានទទួលសញ្ញាប័ត្រខ្ពស់ទទួលបាន សមត្ថភាពខ្ពស់ និងជាកិត្តិយសជាតិ ដែលមាននិស្សិតខ្មែររៀនបានជោគជ័យនៅសាលាល្បីៗ ក៏សម រង្ស៉ី វាយប្រហារមិនរើសមុខដែរ។ តើនេះឬជាជាអ្នកនយោបាយ ដែលតែងតែអួតក្តែងៗថា ជាអ្នកស្រឡាញ់ជាតិនោះ? តាមពិត សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយគ្មានសីលធម៌ និងគុណធម៌ ហើយបើនិយាយឱ្យចំគឺជាជនចង្រៃជាតិ ដែលមិនបានជួយកសាងនិងអភិវឌ្ឍជាតិ និងមិនបានជួយជ្រោមជ្រែងក្នុងការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិ តែបែរជាមកច្រណែនឈ្នានីសនឹងយុវជនកម្ពុជា ដែលខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានសញ្ញាបត្រ និងចំណេះជំនាញពីបរទេសដើម្បីមកជួយកសាងនិងអភិវឌ្ឍជាតិទៅវិញ។ មនុស្សជំពូកដូច សម រង្ស៊ី នេះមិន ចំណេញសម្រាប់ជាតិឡើយតែជាសត្រូវរបស់ជាតិ និងប្រជាជន។

ទី៤៖ បើនិយាយពីចាញ់វិញគឺ សម រង្ស៊ី ដែលគេប្រសិទ្ធនាមថា អ្នកនយោបាយចាញ់ចាស់វស្សា ហាក់ដូចជាចាប់ជាតិជាមួយផ្កាយវាសនា «ចាញ់រហូត និងចាញ់អាជីព» ថែមទៀត។ លើការជាក់ស្តែងក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយសម្តេចតេជោ ហ៊ុន សែន គឺមួយជីវិតនយោបាយរហូតដល់អាយុ៧២ឆ្នាំទៅហើយ ប៉ុន្តែ សម រង្ស៊ី បានបរាជ័យជាដរាប បរាជ័យរហូតគ្មានបក្សឈរជើង និងរលាយរលត់ រត់ចោលស្រុកខ្មែរថែមទៀតផង។

អ្នកនយោបាយដែលគ្មានភាពចាស់ទុំ និងគ្មានចក្ខុវិស័យដូច សម រង្ស៊ី នេះ បានចាញ់រហូតក្នុងការប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ដែលវីរបុសរបស់គណបក្ស ប្រជាជនកម្ពុជា និងរបស់កម្ពុជា ហើយអ្នកនយោបាយចាស់វស្សានេះ នឹងបន្តចាញ់រហូតដល់ជីវិតចុងក្រោយរបស់ខ្លួនបន្ថែមទៀត ប្រសិនបើហ៊ានប្រកួតប្រជែងជាមួយ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។

យោបល់តូចមួយដែលចៅចាក់ស្មុក ចង់ផ្តល់ជូនដល់ សម រង្ស៊ី អ្នកនយោបាយដែលមានភាពចាស់ទុំខាងវ័យ ប៉ុន្តែគ្មានភាពចាស់ទុំខាងនយោបាយនេះ គឺគួរតែលោកមាន ភាពខ្មាសអៀន ហើយគួរដាក់ខ្លួនចូលនិវត្តពីនយោបាយ ដើម្បីបើកផ្លូវ និងទុកឱកាសឱ្យយុវជនជំនាន់ក្រោយធ្វើនយោបាយម្តង ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំនេះ គឺការរៀបចំផែនការបន្តវេន ដើម្បីបន្តថែរក្សាការពារ និងធានាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១