(ភ្នំពេញ)៖ ការវិវត្តផ្នែកនយោបាយថ្មីៗរបស់កម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ គឺជាការលាតត្រដាងអំពីការណ៍ដែលប្រទេសមួយ ស្ថិតក្នុងអន្តរកាលអាចឈានទៅមុខ ឬដើរថយក្រោយ។ លោក Paul Collier ដែលជាសេដ្ឋវិទូដ៏ល្បីល្បាញម្នាក់ បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ ដែលមានចំណងជើង «សង្គ្រាម កាំភ្លើង និងការបោះឆ្នោត៖ ប្រជាធិបតេយ្យនៅកន្លែងគ្រោះថ្នាក់» ថា ក្នុងអំឡុងទសវត្សរ៍មុន ៤០ភាគរយនៃប្រទេសទើបបញ្ចប់ជម្លោះ បានវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញ។ កម្ពុជាគឺជាករណីលើកលែងដ៏ពិសេស។
ចាប់តាំងពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៩ កម្ពុជាទទួលបាននូវសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយខ្លួនជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនបំផុត ដែលការផ្លាស់ប្តូរនេះត្រូវបាននាំមកដោយ សន្តិភាព ស្ថិរភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
អតីតកាលរបស់ប្រទេសកម្ពុជាជាប់ទៅដោយស្លាកស្នាមនៃសង្គ្រាមស៊ីវិល និងអំណាចនយោបាយសង្រ្គាមត្រជាក់។ នៅពេលដែលប្រទេសជាតិត្រូវបានរំដោះនៅឆ្នាំ១៩៧៩ ពីរបបខ្មែរក្រហម ឥស្សរជននយោបាយជាតិសំខាន់ៗបានលេចឡើងជាបន្តបន្ទាប់។ ម្នាក់ក្នុងចំណោមនោះ គឺយុវជន ហ៊ុន សែន ដែលហ៊ានពលីជីវិតខ្លួន ដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រួមទាំងបានការពារផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិខ្លួនទៀតផង។
ដំណើរការចរចារសន្តិភាពបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបាននាំមកនូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និងការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ ក្រោមការណែនាំ និងការឯកភាពរបស់អង្គការសហប្រជាជាតិ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ កំណែទម្រង់ស្ថាប័ន និងច្បាប់ និងសេរីភាវូបនីយកម្មសេដ្ឋកិច្ច តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលរួមបញ្ចូលគោលការណ៍សំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានផ្តល់ជាត្រីវិស័យនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានបង្កប់នៅក្នុងប្រព័ន្ធនយោបាយកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។
អរគុណដល់សន្តិភាព និងស្ថិរភាព ដែលនាំឱ្យអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាង ៧ភាគរយក្នុងរយៈពេល ២ទសវត្សរ៍កន្លងមក ហើយប្រាក់ចំណូលរបស់មនុស្សម្នាក់បានកើនដល់ប្រហែល ១៧០០ដុល្លារអាមេរិក បើធៀបទៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលមានប្រហែលត្រឹមតែ ២៤០ដុល្លារប៉ុណ្ណោះ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៤ភាគរយក្នុងឆ្នាំ១៩៩៣ មកនៅតិចជាង ១០ភាគរយក្នុងឆ្នាំ២០១៩។
លទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយសារភាពចៃដន្យ ឬការស្រមៃចង់បាននោះទេ ប៉ុន្តែជាគោលនយោបាយដែលបង្កើតឡើងដោយប្រុងប្រយ័ត្ន និងយ៉ាងហ្មត់ចត់ រួមជាមួយនឹងសន្តិភាព និងស្ថិរភាពនយោបាយ ដែលទទួលបានតាមរយៈការដឹកនាំនយោបាយដ៏រឹងមាំ និងមានប្រសិទ្ធភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរាជរដ្ឋាភិបាល។ កំណែទម្រង់នយោបាយ និងអភិបាលកិច្ច គឺជាដំណើរការដែលត្រូវការភាពខ្លាំងក្នុងការគ្រប់គ្រងផ្នែកនយោបាយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសឈានទៅរកសន្តិភាព និងវិបុលភាព។ ឥឡូវនេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ក្រោមបន្ទាត់នៃរដ្ឋធម្មនុញ្ញជាតិបែបសេរី ដែលធានានូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ប្រទេសកម្ពុជាបានឃើញ គណបក្សនយោបាយសកម្មចំនួនរាប់សិប បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ការវិវត្តផ្នែកនយោបាយចុងក្រោយបំផុត គឺកើតនៅក្នុងខែតុលា ឆ្នាំ២០២១ នៅពេលដែលមានវិសោធនកម្មរដ្ឋធម្មនុញ្ញ តម្រូវឱ្យឥស្សរជនដែលនឹងកាន់តំណែងជាមេដឹកនាំនយោបាយថ្នាក់កំពូលៗ មានសញ្ជាតិខ្មែរតែមួយ ហើយដែលវិសោធនកម្មទាំងនោះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជន និងសហគមន៍អន្តរជាតិ រួមទាំងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងគណបក្សនយោបាយ និងរដ្ឋាភិបាលផ្សេងទៀតមកពីជុំវិញពិភពលោក។ វិសោធនកម្មទាំងនោះ រួមទាំងច្បាប់ដែលបានអនុម័តថ្មីផ្សេងទៀត គឺដើម្បីធានាការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។
ការផ្លាស់ប្តូរអំណាចគឺជាប្រធានបទនយោបាយដ៏ក្តៅគគុករបស់សាធារណជន ដោយការរំពឹងទុកមានការកើនឡើងថា តើអ្នកណានឹងក្លាយជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបច្ចុប្បន្ន។ ដើម្បីជំរះនូវរាល់មន្ទិលសង្ស័យទាំងនេះ នាពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នឹងក្លាយជាបេក្ខភាពមួយរូបដែលនឹងឈរឈ្មោះសម្រាប់ ការបោះឆ្នោតនាពេលខាងមុខ។ ជាការពិតណាស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការពេញចិត្តជាខ្លាំងចំពោះកូនប្រុសច្បងរបស់គាត់។ ភាពប្រាកដប្រជាផ្នែកនយោបាយ និងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី មានសារៈសំខាន់ណាស់ចំពោះស្ថិរភាព និងការអភិវឌ្ឍនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា ដោយសារទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសន្តិសុខកាន់តែមានភាពប្រែប្រួលលឿនរហ័សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីគណបក្សប្រជាជនកម្ពុជា។ គាត់ក៏ជាបុគ្គលសាធារណៈដ៏មានប្រជាប្រិយភាពមួយរូប ដោយគាត់បានបង្ហាញពីការដឹកនាំរបស់គាត់សម្រាប់ប្រជាជនកម្ពុជា។ គាត់បានទទួលការអប់រំផ្នែកយោធា ពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក នៅ West Point និងថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ គាត់មានបទពិសោធន៍ជាក់ស្តែងក្នុងការបម្រើយោធាតាំងពីឆ្នាំ១៩៩៥។
ប្រទេសកម្ពុជាសម័យទំនើបបានប្រកាន់យកនូវគុណូបធិបតេយ្យ ដែលការដឹកនាំនយោបាយនៅក្នុងរបបប្រជាធិបតេយ្យកម្ពុជា ទោរទៅលើសមត្ថភាព និងគុណូបធិបតេយ្យ។ សមត្ថភាពយោធា និងការទូតរបស់គាត់ត្រូវបានបង្ហាញយ៉ាងពេញទំហឹង ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ដែលបានរួមចំណែកដល់ការ ការពារបូរណភាពទឹកដីរបស់កម្ពុជា និងសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោកក៏បានដឹកនាំសកម្មភាពមនុស្សធម៌ រួមទាំងធ្វើជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រមូលផ្តុំគ្រូពេទ្យ និស្សិតពេទ្យ និងអ្នកស្ម័គ្រចិត្ត ដើម្បីផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជានៅតាមជនបទ។ ចាប់តាំងពីការរីករាលដាលជាសកលនៃមេរោគកូវីដ១៩ នៅដើមឆ្នាំ២០២០មក លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននិងកំពុងលះបង់ខ្លួនឯងដើម្បីជាតិ ដោយមិនខ្លាចនឿយហត់ ក្នុងការការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដោយដាក់ខ្លួនឱ្យប្រឈមហានិភ័យនៃការឆ្លងកាន់តែខ្ពស់។ តើគាត់ធ្លាប់ត្អូញត្អែរម្តងទេ? ប្រហែលជា មិនធ្លាប់ទេ! តើគាត់នឹងត្អូញត្អែរទេ? ប្រហែលគ្មានថ្ងៃទេ!
ការការពារសន្តិភាព និងរក្សាស្ថិរភាព គឺជាកត្តាចាំបាច់ដើម្បីរក្សាបាននូវកំណើន និងការអភិវឌ្ឍជាបន្តបន្ទាប់ ទន្ទឹមនឹងការការពារឯករាជ្យភាព បូរណភាព និងអធិបតេយ្យភាព។ ជាមួយនឹងចក្ខុវិស័យទាំងនេះ ដំណើរឆ្ពោះទៅរកសន្តិភាព ទាមទារឱ្យមានឯកភាពជាតិ និងសាមគ្គីភាពដើម្បីការពារសន្តិភាព បន្តកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច និងបង្កើតកាលានុវត្តភាពផ្សេងៗដល់ប្រជាជន។ ការគាំទ្ររបស់ប្រជាជនតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ នឹងសម្រេចនូវជោគវាសនានៃការដឹកនាំប្រទេសកម្ពុជានាពេលអនាគត។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាអនាគតមេដឹកនាំដ៏មានសមត្ថភាពបំផុត ដែលអាចបន្តកសាងអរិយធម៌ ទំនើបកម្ម និងរដ្ឋាភិបាលរបស់ប្រជាជន ដើម្បីប្រជាជន និងជាមួយប្រជាជន។
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១
លោក សួស យ៉ារ៉ា ជាសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា