(ភ្នំពេញ)៖ កម្ពុជាទើបនឹងប្រារព្ធខួបលើកទី៤៤ ឆ្នាំនៃការចងចាំដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដែលចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ផ្តើមចេញពីការយកអាយុជីវិតធ្វើ ជាដើមទុនរបស់ថ្នាក់ដឹកនាំ ទើបជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះឱ្យរស់រានមានជីវិតនិងទទួលបាន
នូវសុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ កម្ពុជាពីអតីតកាលពិតជាអភ័ព្ទជាទីបំផុត! ក្រោយពីរងគ្រោះដោយសារតែមហាសោកនាដកម្មបង្កឡើងដោយក្រុមខ្មែរក្រហម ប៉ុលពត ពលរដ្ឋរស់ក្នុងឈាមនិង ទឹកភ្នែក និរាសព្រាត់ប្រាស់ ស្លាប់គរជើងគ្នា ជនរងគ្រោះខ្មែរដែលនៅសល់ពីការសម្លាប់របស់ខ្មែរក្រហមត្រូវបានរងនូវសម្ពាធមួយថ្មីទៀត គឺទណ្ឌកម្មផ្នែកនយោបាយ និងសេដ្ឋកិច្ចពីសំណាក់បស្ចឹមប្រទេសមកលើជន រងគ្រោះនៃខិតខំត្រដររស់និងខិតខំកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញពីបាតដៃទទេ។
មិនដល់ ៥ ឆ្នាំផង ជាតិនិងប្រជាជនកម្ពុជាបានរងគ្រោះដល់ទៅ ២ដងទាំងអយុត្តិធម៌បំផុត។
បណ្តាបស្ចឹមប្រទេសមិនបានអើពើ និងបានធ្វើជាមិនឃើញភាពរងទុក្ខវេទនា និងសម្រែកដង្ហោយរកជំនួយគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរឡើយ។ បស្ចឹមប្រទេសថែមទាំងបានដាក់ទណ្ឌកម្មទាំងនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងការរស់រានមានជីវិតរបស់ជាតិ និងប្រជាជនកម្ពុជាថែមទៀតផង។ ពួកគេបានធ្វើសកម្ម ភាពសព្វបែបយ៉ាងដើម្បីប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមកប្តូរមករដ្ឋកម្ពុជា ដោយមិនអាណិតអាសូរពលរដ្ឋខ្មែរ សូម្បីតែមួយចុងក្រចក។ លើសពីនេះ ពួកគេបានបន្តជួយក្រុមខ្មែរក្រហម ដែលត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ មករា ១៩៧៩ ឱ្យមានកម្លាំងនិងឱកាសបំផ្លិចបំផ្លាញពលរដ្ឋខ្មែរថែមទៀតផង។ ពួកគេបានឃោសនាប្រឆាំងកម្ពុជានៅលើឆាកអន្តរជាតិ និងសើចចម្អកចំពោះភាពរងគ្រោះរបស់ពលរដ្ឋខ្មែរ។
ពួកគេបានគាំទ្រក្រុមខ្មែរក្រហមដែលមានបាតដៃប្រឡាក់ឈាមពលរដ្ឋខ្មែរដើម្បីបន្តប្រយុទ្ធក្នុងសង្គ្រាមស៊ីវិល ដើម្បីប៉ុនប៉ងវិលត្រឡប់មកដឹកនាំប្រទេសវិញតាមផ្លូវយោធា។ ប៉ុន្តែពួកគេបានបរាជ័យទាំងស្រុងក្រោយមការអនុវត្តយុទ្ធសាស្ត្រឌីហ្វីដដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។
នៅពេលនេះ កម្ពុជាបានងើបឈរយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបាន ចាក់គ្រឹះយ៉ាងរឹងមាំ សេរីភាពនិងការបញ្ចេញមតិមានលំហដ៏ទូលំទូលាយ រួមនឹងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការថ្នាក់តំបន់និងពិភពលោក។ កម្ពុជាបានក្រោកឈរក្នុងការកសាងសេដ្ឋកិច្ចជាតិរបស់ខ្លួនរហូតដល់មានកំណើនសេដ្ឋកិច្ចរង្វង់ ៧%ក្នុង១ឆ្នាំរយៈពេល២០ឆ្នាំជាប់គ្នា និងប្រែក្លាយពីប្រទេសដែលទទួលយកកងទ័ពមួកខៀវ អង្គការសហប្រជាជាតិមកជាការចូលរួមយ៉ាងសកម្មក្នុងតួនាទីថែរក្សា សន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការកំណែទម្រង់ថ្មីៗទៀតក្រោមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។
ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចេញពីដំណាក់កាលនៃការខំប្រឹងត្រដររស់ក្រោមសម្ពាធនយោបាយ និងសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស មកជាប្រទេសដែលរស់ដោយខ្លួនឯងនិងជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពមួយ។
កម្ពុជាពិតជាអរគុណចំពោះបណ្តាប្រទេសទាំងឡាយ ដែលបានជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេសរហូត ឈានដល់ការរីកចម្រើនដូចសព្វថ្ងៃនេះ និងបានកំណត់ចក្ខុវិស័យ ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការជួយកម្ពុជាកសាង ប្រទេសឡើងវិញជាផ្នែកមួយ ប៉ុន្តែអ្វីដែលបស្ចឹមប្រទេសមិនដែលធ្វើនោះគឺមិនបានសូមទោសជាតិនិងប្រជាជនកម្ពុជាចំពោះទង្វើដ៏អមនុស្សធម៌របស់ពួកគេ ចំពោះជាតិនិងប្រជាជនកម្ពុជាកាលពីអតីកាល។
សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើក្បាលខ្មែរបង្កការស្លាប់ និងរបួសរាប់ម៉ឺនសែននាក់ និងកម្ទេចទ្រព្យសម្បត្តិជាតិខ្មែរជាច្រើន រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនបានសូមទោសខ្មែរសូម្បីតែមួយម៉ាត់ និងថែមទាំងកំពុងទារឱ្យកម្ពុជាសងបំពុលកខ្វក់របស់ខ្លួន ដែលឱ្យរដ្ឋាភិបាលសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ខ្ចីដើម្បីធ្វើសង្គ្រាមសម្លាប់ខ្មែរថែមទៀត។
ប្រទេសអង់គ្លេសតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន ដែលទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បានថ្លែងគាំទ្រចំពោះដំណើរការជំនុំជម្រះក្តីលើអតីត មេដឹកនាំខ្មែរក្រហម ប៉ុន្តែពួកគេមិនបានសម្តែងការសោកស្តាយដែលខ្លួន បានគាំទ្រក្រុមខ្មែរក្រហមបន្តសម្លាប់ពលរដ្ឋខ្លួនក្រោយពេលដែលរបបឃោរឃៅខ្មែរក្រហម ដួលរលំនោះទេ។ បស្ចឹមប្រទេសផ្សេងទៀតក៏ដូចគ្នាដែរ។
ការមិនបានសម្តែងការសូមទោស និងមិនបានសម្តែងការសោកស្តាយនេះគឺជាការបន្តប្រមាថដល់វិញ្ញាណក្ខន្ធជនរងគ្រោះខ្មែរដែលបានស្លាប់បាត់បង់ជីវិត និងជនរងគ្រោះដែលកំពុងរស់រានមានជីវិតដែលកំពុងរស់នៅជាមួយនឹងវិបត្តិផ្លូវចិត្ត និងការឈឺចាប់ខ្លោចផ្សារនៃរឿងរ៉ាវសោកសៅពីអតីតកាល។ ក្រុមបស្ចឹមប្រទេសគួរចូល រួមទទួលខុសត្រូវជាសីលធម៌ចំពោះជនរងគ្រោះខ្មែរដោយសារតែការចូលរួមរបស់ខ្លួនដាក់សម្ពាធទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងការខំប្រឹងត្រដររស់របស់ ប្រជាពលរដ្ឋកម្ពុជា ហើយខិតខំជួយកម្ពុជាកសាង ប្រទេសឡើងវិញក្នុងភាពជាដៃគូស្មោះត្រង់ និងមិនមែនជាការផ្តល់ជំនួយមានចំណងនោះឡើយ!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១