(ភ្នំពេញ)៖ ពិតណាស់ «ទីណាពលរដ្ឋមានទុក្ខ តែងមានមុខសម្តេចជួយ» ជាឃ្លាដែលឆ្លុះបញ្ចាំងពីសច្ចភាពនៅកម្ពុជា។ ក្រៅពីការការពារ និងថែរក្សាសន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយនោះ ប្រមុខរាជរដ្ឋាភិបាលក៏តែងតែយកចិត្តទុកដាក់ គិតគូរ និងផ្សារភ្ជាប់សុខទុក្ខជាមួយនឹងប្រជាពលរដ្ឋ បន្តដោះស្រាយរាល់បញ្ហា ឬកង្វល់របស់ប្រជាពលរដ្ឋជានិច្ច។

ជាក់ស្តែង ករណី កញ្ញា មាន ពេជ្ររីតា ដែលទទួលរងនូវការរំលោភបំពាន និងអតុល្យភាពក្នុងការតស៊ូស្វែងរកយុត្តិធម៌ ត្រូវបានទទួលជំនួយផ្លូវច្បាប់យ៉ាងមុតមាំពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច។ តាមរយៈជំនួយដ៏ថ្លៃថ្លាបំផុតនេះ ជាលទ្ធផល កញ្ញា មាន ពេជ្ររីតា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយទន្ទឹមនេះ តុលាការក៏កំពុងពិនិត្យបន្តនិតិវិធីលើពាក្យបណ្តឹងរបស់កញ្ញា ដែលប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈដោយមានស្ថានទម្ងន់ទោស។

ករណីកញ្ញា មាន ពេជ្ររីតា គឺជាឧទាហរណ៍មួយក្នុងចំណោមស្ត្រីខ្មែរជាច្រើនរូប ដែលទទួលបាននូវការការពារតាមផ្លូវច្បាប់យ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលមានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជាសេនាធិការជួយស្វែងរកយុត្តិធម៌ និងជាអ្នកបំពេញការងារផ្ទាល់ ឱ្យរួចផុតពីការរំលោភបំពានពីបុគ្គលដែលអាងលើ អំណាចទឹកប្រាក់របស់ខ្លួន ធ្វើការជិះជាន់ រំលោភបំពានលើជនស្លូតត្រង់។ ការការពារនេះ មិនត្រឹមតែជាការការពារជូនជនរងគ្រោះដែលរងនូវការរំលោភបំពានម្នាក់នោះទេ ប៉ុន្តែជានិមិត្តសញ្ញានៃការការពារ និងថែរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូរ របស់ស្តី្រខ្មែរ ជាពិសេសស្ត្រីទន់ខ្សោយ និងផ្តល់យុត្តិធម៌សង្គម យ៉ាងជាក់ច្បាស់មិនអាចប្រកែកបាន។

មហាជនទូទៅបានត្រេកអរស្វាគមន៍ និងសាទរយ៉ាងខ្លាំង ចំពោះការផ្តល់ជំនួយផ្លូវច្បាប់ដល់កញ្ញា មាន ពេជ្ររីតា ហើយក្រោមដំបូលសន្តិភាព និងការគិតគូរ ឈឺឆ្អាលរបស់ សម្តេចតេជោសែន ប្រជាពលរដ្ឋមានសង្ឃឹមយ៉ាងមុតមាំថាកញ្ញា មាន ពេជ្ររីតា ពិតជាទទួលបាននូវយុត្តិធម៌ជាមិនខាន៕

ការពិតពីមាតុភូមិ, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១