(ភ្នំពេញ)៖ ឆ្នាំ២០២០ ជិតនឹងកន្លងផុតទៅហើយ ប៉ុន្តែជំងឺកូវីដ-១៩ នៅតែរីករាកដាលនៅទូទាំងពិភពលោកដដែល ប្រសិនបើរំលឹកឡើងវិញពីរយៈពេលមួយឆ្នាំកន្លងទៅនេះ ពិតមែនតែបានឆ្លងកាត់ការភ័យខ្លាចអន្ទះសា និងឈឺចាប់ក្តី ក៏ប៉ុន្តែក្នុងដួងចិត្តរបស់ប្រជាជនចិន បែរជាពោរពេញទៅដោយក្តីដឹងគុណ ព្រមទាំងចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅចំពោះការផ្តល់ជំនួយដល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបតិ្តការ។

នៅដើមឆ្នាំនេះ ខណៈពេលប្រជាជនចិនមានការលំបាកខ្លាំងបំផុត ដោយសារការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរតាមយន្តហោះពិសេសទៅកាន់ក្រុងប៉េកាំង ដើម្បីសម្តែងការគាំទ្រចំពោះប្រជាជនចិន។ សម្តេច ហ៊ុន សែន បានក្លាយជាថ្នាក់ដឹកនាំកំពូលបរទេសដំបូងបង្អស់ដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ពេលនោះ ជប៉ុនដែលជាប្រទេសជិតខាងនៃប្រទេសចិនបានដឹកជញ្ជូនសម្ភារជំនួយជាច្រើនដល់ចិន ព្រមទាំងបានបិទពាក្យសួរសុខទុក្ខថា «ពួកយើងស្ថិតនៅទឹកដីមិនដូចគ្នា ប៉ុន្តែពេលអើតក្បាលពួកយើងមើលព្រះអាទិត្យ និងព្រះច័ន្ទតែមួយ»

ព្រឹទ្ធសភាប៉ាគីស្ថានបានអនុម័តសេចកី្តសម្រេចចិត្តជាឯកច្ឆន្ទ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាងនេះទៅទៀត លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបង្ហាញថានឹងប្រមូលសម្ភារពេទ្យដែលស្តុកទុកនៅទូទាំងប្រទេស ដើម្បីផ្តល់ជំនួយដល់ប្រទេសចិន។

ទង្វើប្រកបដោយភាពកក់ក្តៅទាំងនេះ បាននាំមកនូវជំនឿចិត្ត និងកី្តអង់អាចក្លាហានដល់ប្រជាជនចិនក្នុងការយកឈ្នះលើវីរុសកូវីដ-១៩។ ដោយឡែក នៅចុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបតិ្តការ និងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមក នៅតែដំណើរការជាបន្តបន្ទាប់នៅលើពិភពលោក។

យប់ថ្ងៃទី១០ ខែធ្នូ វ៉ាក់សាំងការពារវីរុសកូវីដ-១៩ របស់ចិន ត្រូវបានដឹកជញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៉ីប ដូចនេះប្រទេសអេហ្ស៉ីបបានក្លាយជាប្រទេសអាហ្រិ្វកទីមួយ ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន។ វិស្វករបរទេសម្នាក់ដែលកំពុងរស់នៅក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានថ្លែងថា វ៉ាក់សាំងចិនប្រៀបដូចជារស្មីនៃក្តីសង្ឃឹមក្នុងពពកខ្មៅ។

ការប្រកៀកស្មាគ្នាដើម្បីផ្តល់ជំនឿចិត្ត និងកម្លាំងដល់គ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើសត្រូវដ៏ខ្លាំងបំផុតបាន។ ប្រការនេះជាចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជនចិន ក្នុងការប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០។

ខណៈពេលបានគ្រប់គ្រង និងដើរចេញផុតពីការរាតត្បាតនៃជំងឺឆ្លងជាសន្សឹមៗនៅឆ្នាំនេះ ប្រទេសចិនបានផ្តល់ជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដល់ប្រទេសជាង ១៥០ និងអង្គការអន្តរជាតិ ៩ ហើយបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកសុខាភិបាលចំនួន ៣៦ ក្រុមទៅកាន់ប្រទេសចំនួន ៣៤។ ប្រទេសចិនក៏បានពង្រីកឧត្តមភាពរបស់ខ្លួន ដែលជាប្រទេសផលិតសម្ភារសុខាភិបាលធំបំផុត។ គិតរហូតដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ម៉ាស់ជាង ២ សែនលាន សម្លៀកបំពាក់ការពារ ២ ពាន់លាន និងឧបករណ៍ធ្វើតេស្តរកវីរុសចំនួន ៨០០ លាន ដល់បណ្តាប្រទេសនានាផងដែរ។

ប្រឈមនឹងវិបត្តិនេះ ការប្រកៀកស្មាគ្នា និងការរួមសុខរួមទុក្ខ គឺជាជម្រើសត្រឹមត្រូវរបស់ប្រជាជនទាំងអស់នៅលើភពផែនដី ដោយសារនេះគឺជាប្រភពកម្លាំងរួមរបស់មនុស្សជាតិ ដើម្បីយកឈ្នះលើឧបសគ្គ ហើយក៏ជាក្តីសង្ឃឹមនៃអនាគតរបស់មនុស្សជាតិផងដែរ៕