(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណ ជិត២០នាទី មានចំណងជើងថា «ក្រុមឧទ្ទាមក្រៅច្បាប់ប្រើឧបាយកលចាស់យុទ្ធសាស្ត្រថ្មី ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល!» វីដេអូនេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ នៃផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា របស់ក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេសមកប្រើប្រាស់អង្គការសង្គមស៊ីវិល ដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង។

បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ ហើយក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួននិងដកហូតសិទ្ធិធ្វើនយោបាយក៏ដោយ ក៏ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា នៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជាបន្តបន្ទាប់ក្រោមការគាំទ្រទាំងនយោបាយ និងហិរញ្ញវត្ថុពីបរទេសមួយចំនួន។

ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះដែលមានមេដឹកនាំបញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះចលនាបដិវត្តន៍ពណ៌សារជាថ្មី ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល តាមគោលដៅដែលពួកគេចង់បានដដែល។ ប៉ុន្តែលើកនេះពួកគេបានផ្លាស់ប្តូរយន្តការ និងយុទ្ធសាស្ត្រថ្មីដើម្បីធ្វើសកម្មភាពតាមរយៈការប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យដើរតួជំនួសគណបក្សប្រឆាំងជ្រុលនិយម ដែលត្រូវបានតុលាការកំពូលរំលាយចោល។

ក្នុងយុទ្ធសាស្ត្រថ្មីនេះពួកគេបានបញ្ចូល ក្រុមសកម្មជននយោបាយប្រឆាំងឲ្យធ្វើសកម្មភាពដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលវិញម្តង ក្រោមការជួយជ្រោមជ្រែង ពីបរទេសមួយចំនួន ដែលជាចៅហ្វាយនាយ។ រីឯអង្គការសង្គមស៊ីវិលទាំងនោះទៀតសោតមួយចំនួនគឺជាអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជីជាផ្លូវការនៅស្ថាប័នដែលកំណត់ដោយច្បាប់ឡើយ៕