(ភ្នំពេញ)៖ ហានិភ័យ និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 មានទំហំធំ និង ទូលំទូលាយ។ ពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចសកលដែលមានទំហំធំធេង និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ រាប់ចាប់តាំងវិបត្តិសេដ្ឋកិច្ចសកលនៅទសវត្សឆ្នាំ១៩៣០ ។ កម្លាំងនៃអភិបាលកិច្ចពិភពលោក និង មនុស្សជាតិកំពុងត្រូវបានធ្វើតេស្ត។

វិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងតែឈានទៅរកភាពតានតឹងដោយសារវិធានការណ៍តឹងរ៉ឹងអនុម័ត ដោយប្រទេសជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ខណៈដែលសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកលត្រូវបានយាយី ស្ថាប័នហិរញ្ញវត្ថុពិភពលោកក៏កំពុងប្រឈមមុខ នឹងវិបត្តិនៃការផ្គត់ផ្គង់សាច់ប្រាក់ ឯគ្រួសារដែលមានប្រាក់ចំណូលទាបជាច្រើនក៏ខ្វះលទ្ធភាពក្នុងការសងបំណុល។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់ខ្លះ នៃពិភពលោកកំពុងមានភាពស្មុគស្មាញ និងងាយ បង្កជាគ្រោះថ្នាក់ដោយសារការប្រកួតប្រជែងអំណាចកាន់តែខ្លាំងឡើង និងនយោបាយនីយកម្ម Covid-19 ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ការថមថយនៃការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ រវាងមហាអំណាចធំៗកំពុងរារាំងដល់ការសម្របសម្រួលជាអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាតសកល និងហានិភ័យដែលពាក់ព័ន្ធនានា។

ការប្រជែងគ្នារវាងអាមេរិក និងចិនកំពុងតែមានសភាពដុនដាបនៅប៉ុន្មានខែខាងមុខនេះ។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អំពាវនាវឱ្យប្រទេសនិង អង្គការអន្តរជាតិទាំងអស់ធ្វើការរួមគ្នាក្នុងសាមគ្គីភាពដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងអាយុជីវិតសេដ្ឋកិច្ចពិភពលោក។ នេះជាពេលវេលាចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងទេ។ វាគឺជាពេលវេលាសម្រាប់ការឆ្លើយតបជាសមូហភាព មិនមែនជាពេលបន្ទោសគ្នានោះទេ ។

ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យជាច្រើនដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។ ហានិភ័យកំពុងតែវាយលុកក្នុងល្បឿនលឿន។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចបានចាប់ផ្តើមជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្នូលសេដ្ឋកិច្ចរបស់រាជាណាចក្រមួយនេះ ដែលបណ្តាលឱ្យប្រព័ន្ធសេដ្ឋកិច្ចទាំងមូលរង្គោះរង្គើ។
ប្រជាជនកម្ពុជាមួយចំនួនមានការព្រួយបារម្ភ និងរសាល់រសល់អំពីអនាគតរបស់ពួកគេ។ អ្នកខ្លះបាត់បង់ការងារ និងប្រាក់ចំណូល រីឯអ្នកខ្លះទៀតជំពាក់បំណុលគេដែលសុទ្ធសឹងតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិង សុខុមាលភាព។

ការរស់រានមានជីវិតបានក្លាយជាពាក្យគន្លឹះដើម្បីពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ AVI អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរក្សាសាមគ្គីភាព និង អត់ធ្មត់នៅពេលយើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនេះជាមួយគ្នា។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះដល់ -១.៦ ភាគរយនៅឆ្នាំនេះដែលជាអត្រាកំណើនទាបបំផុត ដែលកម្ពុជាមិនធ្លាប់មានចាប់តាំងពីការបង្កើតព្រះរាជាណាចក្រទី ២ ក្នុងឆ្នាំ ១៩៩៣។ វិស័យសេដ្ឋកិច្ចសំខាន់ទាំងបីរបស់កម្ពុជារួមមាន វាយនភណ្ឌ ទេសចរណ៍ និងសំណង់ កំពុងត្រូវបានញុំញីឥតឧបមា។ ក្រៅពីនេះអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នកបើកតាក់ស៊ី សិល្បករ អ្នកមើលហាងតូចៗ អ្នករត់តុ ជាងកាត់សក់ និង អ្នកផ្តល់សេវាធន់តូចដទៃទៀតគឺជាក្រុមងាយរងគ្រោះបំផុត។

បន្ថែមលើហានិភ័យសេដ្ឋកិច្ចសង្គម កង្វះទឹកគឺជាហានិភ័យដែលកំពុងកើតឡើងដែល នឹងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាកសិករនៅជនបទ និង រំខានដល់ការផ្គត់ផ្គង់សន្តិសុខស្បៀងអាហារជារួម។

ហានិភ័យទាំងអស់ប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ហើយផលប៉ះពាល់របស់វាច្បាស់ជាមានទំហំធំ។ ហានិភ័យដែលយើងមើលមិនឃើញគឺបញ្ហាសង្គម និងនយោបាយដែលភាគច្រើនបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច និងអត្រាគ្មានការងារធ្វើខ្ពស់។ ការថមថយនៃការទុកចិត្តផ្នែកនយោបាយ និង ទំនុកចិត្តលើរាជរដ្ឋាភិបាលគឺជាកត្តាគ្រោះថ្នាក់បំផុតដែលអាចនាំឱ្យមានបញ្ហាសង្គម និងអស្ថិរភាពនយោបាយ។

យើងត្រូវទទួលស្គាល់ថា នេះជាវិបត្តិសេដ្ឋកិច្ចជាប្រព័ន្ធដែលបង្កើតនូវហានិភ័យប្រទាក់ក្រឡា និង ស្មុគស្មាញ និងមានអន្តរកម្មដែលអាចនាំឱ្យមានការដួលរលំនៃប្រព័ន្ធអភិបាលកិច្ចទាំងមូល។ យើងត្រូវត្រៀមខ្លួនរយៈពេលវែងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាផលប៉ះពាល់ និងហានិភ័យនានា។ វាគឺជាព្យុហយាត្រាដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាប្រឆាំងនឹងជំងឺរាតត្បាត និងការតស៊ូរយៈពេលវែង សម្រាប់ការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

វិធីសាស្រ្តរួមមួយ (ទាំងប្រទេស ឬ សង្គមទាំងមូល) ត្រូវការជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិដែលមានទំហំធំមិនធ្លាប់មានពីមុនមក។ ការធ្វើឱ្យមានតុល្យភាព រវាងសន្តិសុខសុខភាពសាធារណៈ និងសន្តិសុខសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមដ៏ធំមួយ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់របស់ខ្លួន យ៉ាងប្រុងប្រយ័ត្នដើម្បីបង្រ្កាបជំងឺរាតត្បាត Covid-19 ខណៈពេលតែមួយព្យាយាមកាត់បន្ថយការចំណាយមិនចាំបាច់នានា។
ការឆ្លើយតបនឹងវិធានការគោលនយោបាយនាពេលអនាគត នឹងពឹងផ្អែកភាគច្រើនទៅលើស្ថានភាពជាក់ស្តែង។ យើងត្រូវពឹងផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ដែលអាចទុកចិត្តបានដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ការអនុវត្តរក្សាគម្លាតឆ្ងាយពីសង្គម ការរឹតត្បិតការធ្វើដំណើរ និងអនាម័យផ្ទាល់ខ្លួននិង សហគមន៍ នឹងមានរយៈពេលយ៉ាងហោចណាស់មួយឆ្នាំទៀតរហូតដល់មានវ៉ាក់សាំងដែលអាចទុកចិត្តបាន។ អ្នកវិទ្យាសាស្ត្រខ្លះបានព្យាករណ៍ដោយសុទិដ្ឋិនិយមថា វ៉ាក់សាំងអាចនឹងរួចរាល់នៅនិទាឃរដូវឆ្នាំក្រោយ។

ក្នុងបរិបទនេះ ការគិតគូររកដំណោះស្រាយជាប្រព័ន្ធត្រូវការចំបាច់ដើម្បីដោះស្រាយវិបត្តិប្រកបដោយប្រសិទ្ធភាព។ ការគិតជាប្រព័ន្ធគឺជាការវិភាគពី ទំនាក់ទំនងផ្សេងៗក្នុងចំណោមកត្តាខុសៗគ្នា និងការមើលឃើញលំនាំនៃការផ្លាស់ប្តូរ។ ដំណោះស្រាយជាប្រព័ន្ធត្រូវការភាពជាដៃគូ និងកិច្ចសហការគ្នារវាង
ភាគីពាក់ព័ន្ធជាច្រើន។ វាជាការចាំបាច់សម្រាប់អ្នកដឹកនាំ (ទាំងវិស័យសាធារណៈ និងឯកជន) ដើម្បីបង្កើនភាពធន់របស់ពួកគេ និងធានាថា ពួកគេបន្តទទួលបានការជឿជាក់ និងទំនុកចិត្តពីសាធារណ។ ប្រទេសកម្ពុជាត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់នឹងហានិភ័យជាច្រើន និងត្រូវប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងជំងឺរាតត្បាត។ ប្រទេសកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយវិបត្តិជាប្រព័ន្ធដែលបង្កឡើងដោយជំងឺរាតត្បាត។

វាជាការចាំបាច់ដើម្បីបង្កើតយន្តការទូលំទូលាយ យុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងវិបត្តិ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការដាក់ចេញនូវវិធានការណ៍រួម ដែលយកប្រជាជនជាស្នូល ដើម្បីទ្រទ្រង់អាយុជីវិតសេដ្ឋកិច្ច រក្សានូវទំនាក់ទំនងស្អិតរមួត និងជំនឿទុកចិត្តលើរដ្ឋាភិបាល និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ។ គោលនយោបាយសារពើពន្ធ, រូបិយវត្ថុ និង ពន្ធដារ; កម្មវិធីគាំពារសង្គម និងគម្រោងភាពធន់នឹងអាកាសធាតុ ត្រូវតែត្រូវដាក់ឲ្យអនុវត្តក្នុងពេលដំណាលគ្នា។ ពាក្យគន្លឹះបីដែលយើងត្រូវការគឺ៖ សាមគ្គីភាព ការយោគយល់ និង ការសហការ។
បុគ្គលគ្រប់រូបគឺជាផ្នែកនៃដំណោះស្រាយ។ រួមគ្នាដើម្បីយកឈ្នះវិបត្តិសេដ្ឋកិច្ច ឈ្នះសង្គ្រាមប្រឆាំងនឹងជំងឺរាតត្បាត ត្រលប់មករស់នៅក្នុងភាពប្រក្រតីវិញ និង ត្រៀមខ្លួនសម្រាប់វិបត្ដិនាពេលអនាគត។

ដោយ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី