(ភ្នំពេញ)៖ ក្រោមដំបូលនៃសុខសន្តិភាព កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខឥតរួញរា ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសមួយនេះឱ្យមានការរីកចម្រើនទៅមុខបន្តទៀត។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ បានធ្វើឱ្យកម្ពុជាប្រែមុខមាត់ ពីប្រទេសធ្លាប់ជួបភ្លើងសង្គ្រាមក្លាយទៅជាប្រទេសស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងអន្តរជាតិ។

បច្ចុប្បន្នកម្ពុជាបាន និងកំពុងខិតខំកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត តាមរយៈការខិតខំពង្រឹងសេដ្ឋកិច្ចផ្ទៃក្នុងបង្កើនមិត្តខាងក្រៅ ដើម្បីកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរ។ ជាពិសេសដើម្បីសម្រេចគោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានការអភិវឌ្ឍក្នុងឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅទាំងអស់នេះ កម្ពុជាត្រូវរួមគ្នាក្នុងកិច្ចការងារជាច្រើន ក្នុងនោះការពង្រីក និងបង្កើនសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ក៏ដូចជាការបង្កើតផលិតផលស្នាដៃក្នុងស្រុកដើម្បីធ្វើការនាំចេញ ក៏ជាគោលដៅសំខាន់មួយរបស់កម្ពុជាផងដែរ។

រោងចក្រផលិតមីជាតិ ជាសហគ្រាសមួយ ដែលបាននឹងកំពុងធ្វើសកម្មភាពដ៏សកម្មក្នុងការផលិតចំណីអាហារនៅក្នុងស្រុកដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់ទីផ្សារបរទេស។ វត្តមានរោងចក្រមីជាតិ ក៏ជាលទ្ធផលមួយកើតចេញពីគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការផលិតនៅក្នុងប្រទេស។

រោងចក្រមីជាតិនេះ គឺជារោងចក្ររបស់ក្រុមហ៊ុន One More Manufacturing Co. Ltd ដែលមានទស្សនបង្កើតឡើង គឺស្របតាមការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលតម្រូវការចំណីអាហារកំពុងមានការកើនឡើងជាបន្តបន្ទាប់នោះ។

លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន «One More Manufacturing Co. Ltd» បានគូសបញ្ជាក់ថា «ចក្ខុវិស័យរបស់មីជាតិ គឺទូលំទូលាយណាស់ ចាប់ផ្តើមក្នុងឱកាសដែលយើងចាប់យកការធ្វើដំណើរចេញទៅក្រៅប្រទេសនាទសវត្សរ៍ឆ្នាំ៩០។ បងប្អូននឹងយល់ពីអារម្មណ៍ហ្នឹង អារម្មណ៍ត្រង់ថា ក្នុងពេលបងប្អូនមានឱកាសចេញទៅដល់បរទេសដែលខ្វះម្ហូបអាហាររបស់ខ្មែរយើង តែពេលនោះយើងចង់ញ៉ាំម្ហូបអាហារខ្មែរ នៅពេលយើងចង់ញ៉ាំម្ហូបអាហារខ្មែរ យើងមិនអាចរកម្ហូបអាហារណាដែលជំនួសបាន។ ហើយនិយាយងាយស្រួលទៀតនោះ គឺយើងជំនួសដោយផលិតផលប្រទេសជិតខាងរបស់យើង តួយ៉ាងដូចជាផលិតផលមីនៅថៃ និងប្រទេសផ្សេងៗដែលយើងស៉ាំនឹងរសជាតិ។

ទន្ទឹមហ្នឹង ក៏យើងមានការដូចជាសង្វេគណាស់នៅពេលយើងបានទៅដល់ប្រទេសជិតខាងមួយ ដែលប្រទេសនោះគេសួរយើងមកពីណា? ភាសាអង់គ្លេស Where are you from? ហើយនៅពេលនោះយើងប្រើភាសាថា From Cambodia។ គេសឹងថា មិនស្គាល់ពាក្យ Cambodia ហ្នឹងនៅទីណា? ប៉ុន្តែផ្ទុយទៅវិញគេជំនួសដោយពាក្យថា កូឡុំប៊ី នេះជាការមួយដែលធ្វើឱ្យយើងជាកូនខ្មែរមួយ ថ្ងៃនេះជាឱកាសល្អមានរាជរដ្ឋាភិបាលមួយដែលគាត់ដឹកនាំប្រទេសមានសន្តិភាព ស្ថេរភាព ដែលយើងអាចជាឱកាសមួយយើងរួមគ្នាបង្កើតផលិតផលជាតិមួយ។ អ៊ីចឹងផ្អែកលើអ្វីដែលយើងឆ្លងកាត់ អ្វីដែលយើងមើលឃើញប្រទេសជិតខាងមានអស់ហើយ យើងនៅទីនេះ គួរតែជាឱកាសដែលយើងអាចធ្វើបាន បង្កើតផលិតផលមួយដើម្បីតំណាងឱ្យប្រជាពលរដ្ឋយើង»

ការបង្កើតសហគ្រាសក្នុងស្រុក ដើម្បីផលិតនូវផលិតផលដែលជារបស់ខ្លួនឯងបែបនេះ គឺកន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែមានការលើកទឹកចិត្តនិងគាំទ្រជានិច្ច ពីព្រោះវាបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។
នេះបើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកពិព័រណ៌ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីអំឡូងខែធ្នូឆ្នាំ២០១៩។

«ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់នៃអនុក្រិតស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុករបស់កម្ពុជាលើវិស័យអាទិភាពរួមមាន វិស័យកសិកម្ម កសិឧស្សាហកម្ម ការផលិត និងការកែច្នៃម្ហូបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន។ ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បីកសាងសមត្ថភាពធ្វើការអភិវឌ្ឍ និងវិនិយោគប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងទៅអនាគត»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា។

នេះជាពេលដ៏សមស្របបំផុតដែលកម្ពុជាគួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់ តម្រូវការរបស់ប្រជាជនប្រមាណជាង១៦លាន នាក់ដែលវានឹងជួយកាត់បន្ថយការពឹងផ្អែកលើច្រវាក់ផលិតកម្មរបស់បរទេស ឬប្រទេសជិតខាង។

ក្រោមពាក្យស្លោកថា «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ» មីជាតិត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និង រសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់ បំផុតដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិ ខ្មែរនិងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុនបច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិបានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាពអត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។

លោក អ៉ី ចាន់ណា អ្នកគ្រប់គ្រងផ្នែកសង្វាក់ផលិតកម្ម «ដោយសារក្រុមហ៊ុនយើងខ្ញុំនេះ ផ្តោតទៅលើគុណភាពជាចម្បងអ៊ីចឹងយើងទាំងអស់គ្នាបានទៅសិក្សានៅប្រទេសជប៉ុន ពីវិធីសាស្ត្រមីឆ្អិនស្រាប់ហ្នឹងទីមួយ ហើយទីពីរ គឺយើងនាំចូលទាំងស្រុងនូវច្រវាក់ផលិតកម្ម ដែលផលិតនៅប្រទេសជប៉ុនមកដំឡើងនៅក្នុងរោងចក្រយើងខ្ញុំនេះ។ មានបុគ្គលិកប្រហែលជា២០០នាក់ យើងចែកចេញជា៣ផ្នែក មានផ្នែកច្រវាក់ផលិតកម្ម ផ្នែកវេចខ្ចប់ និងផ្នែកត្រួតពិនិត្យគុណភាព។ ដោយឡែកពាក់ព័ន្ធទៅនឹងច្រវាក់ផលិតកម្មយើងចាប់ពីម៉ាស៊ីនលាយម្សៅ ម៉ាស៊ីនកិន ម៉ាស៊ីច្រៀក ហើយម៉ាស៊ីចំហ៊ុយ បន្ទាប់មកយើងកាត់ ហើយយើងបំពង បន្ទាប់មកយើងចូលដល់ច្រវាក់ផលិតកម្មជាផ្នែកវេចខ្ចប់។

នៅក្នុងរោងចក្រយើងខ្ញុំបច្ចុប្បន្នយើងផលិត ៣រសជាតិ គឺរសជាតិទី១ រសជាតិសាច់ជ្រូកចិញ្ច្រាំ រសជាតិទី២ គឺរសជាតិស៊ុបមាន់ និងទី៣ គឺខគោ ដែលជារសជាតិខ្មែរយើងចូលចិត្ត។ យើងចាប់ផ្តើមអាជីវកម្មនេះ យកចិត្តទុកដាក់ជាចម្បង គឺយកផលិតផលក្នុងស្រុករបស់យើង ក៏ប៉ុន្តែមានវត្ថុធាតុដើមមួយចំនួនដែលចាំបាច់យើងនាំចូលពីបរទេស ដូចជាប្រេងនាំចូលពីប្រទេសម៉ាឡេ ហើយគ្រឿងស៊ុបដែលយើងត្រូវការអភិវឌ្ឍ នាំចូលពីប្រទេសជប៉ុន និងប្រទេសថៃ ហើយមានវត្ថុធាតុដើមមួយចំនួនទៀត គ្រឿងទេសយើងជាវនៅក្នុងស្រុក»

ចំពោះផលិតផលមីគេអាចនិយាយថា ជាអាហារប្រចាំថ្ងៃមានប្រជាប្រិយ ក្រៅពីការបរិភោគបាយ និងចំណាយវេលាតិចក្នុងការចម្អិនដែលសមស្រប ចំពោះ អ្នកដែលមានពេលវេលាតិច និងមិនមាន ពេលគ្រប់គ្រាន់ក្នុងការចម្អិន។ ផលិតផលមួយនេះ ពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាបមធ្យម និងខ្ពស់ដែលអាចបរិភោគ សឹងគ្រប់ពេលវេលាមិនថាព្រឹកថ្ងៃល្ងាច ឬយប់។

រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថា វិស័យឯកជនគឺជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការធ្វើ ពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ច ក៏ដូចជាការបង្កើត ឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជន ។

«ការលើកទឹកចិត្តដែលយើងផ្តល់ជូនគាត់នោះ គឺស្មើនឹងច្បាប់របស់រាជរដ្ឋាភិបាលដាក់មកទាំងអំបាលមាណ គឺយើងយកមកអនុវត្តន៍នៅទីនេះទាំងអស់។ ទៀតសោតនោះ នៅចំពោះមុខនេះ តាមអ្វីដែលខ្ញុំចាំបាន គឺប្រហែលជាបុគ្គលិកជាន់ខ្ពស់មួយចំនួនមិនបម្រើការនៅថ្ងៃសៅរ៍ទៀតសោត គឺយើងទុកឱ្យគាត់យកថ្ងៃសៅរ៍នេះ បម្រើការនៅឯផ្ទះវិញ ដូច្នេះស្មើនឹងគាត់មានពេលវេលាពីរថ្ងៃឈប់សម្រាកក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្រៅពីហ្នឹងទៀត គឺយើងអាចនឹងមាន តាមខ្ញុំដឹងប្រហែលជាបណ្ណធានារ៉ាប់រង បន្ថែមទៅលើ ប.ស.ស។ បណ្ណធានារ៉ាប់រងនោះ គឺស្តង់ដារក្រុមហ៊ុនអន្តរជាតិ ដែលយើងបានរៀបចំជូនពួកគាត់ ដែលយើងជឿជាក់ថា ពួកគាត់ពេលមានឧបសគ្គ គឺនឹងងាយស្រួលក្នុងទទួលការព្យាបាលសុខភាពរបស់ពួកគាត់»។ លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុនបញ្ជាក់។

រាជរដ្ឋាភិបាលតែងតែជំរុញឱ្យផលិតករ ពាណិជ្ជករត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋានស្តង់ដារត្រឹមត្រូវ សោភ័ណ
ភាព ភាពទាក់ទាញលើការវេចខ្ចប់ មានស្លាកពាណិជ្ជនាមនិងចុះបញ្ជីត្រឹមត្រូវ មានតម្លៃសមរម្យ ជាពិសេសត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមតាំងពិព័រណ៍បង្ហាញផលិតផលខ្មែរ និងព្រឹត្តិការណ៍ពាណិជ្ជកម្មនានានាផងដែរ។ តាមរយៈរោងចក្រមី ក្នុងស្រុកនេះ បានបង្ហាញពីការរួមចំណែកពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្ដល់ការងារដល់ពលរដ្ឋខ្មែរយើងឱ្យទទួលបាននូវប្រាក់ខែសមរម្យនិងចៀសវាងការធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗផងដែរ។

អ្នកនាង គៀត ហេង បុគ្គលិកផ្នែកអភិវឌ្ឍន៍ផលិតផល «ក្រុមហ៊ុនក៏មានការយកចិត្តទុកដាក់ចំពោះបុគ្គលិកដូចជាមានផ្តល់អាហារថ្ងៃត្រង់ មានធានារ៉ាប់រងសុខភាពជាមួយនឹងគ្រោះថ្នាក់ការងារ មានគ្រូពេទ្យប្រចាំការនៅក្នុងរោងចក្រ ហើយនឹងមានប្រាក់លើកទឹកចិត្តនៅចុងឆ្នាំ និងមានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។ បច្ចុប្បន្នប្រទេសជាតិយើងមានសន្តិភាព ដោយសារមានសន្តិភាព ហើយនឹងមានសុវត្ថិភាពនៅក្នុងការធ្វើការ និងចំពោះប្រធានរោងចក្រផ្សេងៗដែលជាជនជាតិខ្មែរហ្នឹង ពួកគាត់ចាប់ផ្តើមច្រើន ហើយបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរយើងទៀត។ នាងខ្ញុំសូមអរគុណរាជរដ្ឋាភិបាលខ្មែរ ដែលបានផ្តល់ជាសន្តិភាព និងផ្តល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីផ្តល់ទំនុកចិត្តដល់បុគ្គលិក និងសហគ្រិនផ្សេងៗមានឱកាសបើកជាក្រុមហ៊ុន និងជួយឱ្យពួកខ្ញុំជាបុគ្គលិកមានការងារធ្វើ និងបានទទួលប្រាក់ចំណូលសម្រាប់គ្រួសារ»។

គួររំលឹកដែរថា ដើម្បីលើកស្ទួយផលិតផលខ្មែរ និងធ្វើពិពិធកម្មការនាំចេញឲ្យបានអតិបរិមា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការនៃរាជរដ្ឋាភិបាល បានចងក្រង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) រៀងរាល់ ៥ឆ្នាំម្តង ដើម្បីកំណត់អំពីទំនិញ និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា។ លើសពីនេះ ក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីផ្តល់ឱកាសជូនវិស័យឯកជន ធ្វើការតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន សំដៅជំរុញការអនុវត្ត គោលនយោបាយនាំចេញនៅនឹងកន្លែង។

ជាការពិតណាស់ក្រុមហ៊ុនផលិតមីជាតិក្រៅពីការធ្វើអាជីវកម្មដើម្បីប្រាក់ចំណេញហើយនោះ ក្រុមហ៊ុនក៏បានរួមចំណែកមួយផ្នែកទៅដល់សង្គមជាតិផងដែរតាមរយៈការបរិច្ចាគថវិកាសប្បុរសធម៌ ជាសំភារ និងស្បៀងអាហារផ្សេងៗ ដែលជាការរួមចំណែកយ៉ាងសំខាន់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញនូវការខ្វះខាត និងតម្រូវការចាំបាច់នៅក្នុងសង្គមផងដែរ។

លោក ឡាវ វ៉ាន់ បានលើកឡើងថា «ប្រាកដណាស់ យើងមិនអាចរស់រៀនតែឯងបានទេ យើងត្រូវការសង្គមទាំងមូលរស់រៀន សង្គមទាំងមូលល្អជាមួយយើង។ ដូច្នេះយើងមិនត្រូវគិតទៅលើប្រាក់ចំណេញទាំងអស់ហ្នឹង គឺត្រូវទទួលយកមកទាំងអស់ទេ យើងត្រូវការយកប្រាក់ចំណេញទាំងអស់ហ្នឹងទៅបែងចែកតាមលទ្ធភាពធ្វើទៅបាន។ បែងចែកទីមួយ គឺយើងបែងចែកទៅលើភាគហ៊ុនរបស់យើង បែងចែកទីពីរ យើងបែងចែកទៅលើសមាជិក សមាជិការបស់យើង ដើម្បីឱ្យគាត់ចូលរួមធ្វើផលិតផលយើងនេះឱ្យកាន់តែប្រសើរ ឱ្យកាន់តែមានគុណភាព ឱ្យមានស្តង់ដារដូចអ្វីដែលនៅខាងក្រៅគេទាមទារ និងទី៣នោះ យើងជួយដល់សង្គមជាតិយើងតែម្តង។ យើងធ្វើការបែងចែកជួយទៅដល់ទីកន្លែងណាខ្វះខាតដែលយើងអាចជួយទៅបានបំពេញបន្ថែម»

ការទិញផលិតផលខ្មែរទោះបីតិច ឬច្រើន គឺស្មើនឹងជួយបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក ដើម្បីធ្វើពិពិធកម្មការនាំចេញនៅនឹងកន្លែង ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ។ លើសពីនេះ ការទិញផលិតផលខ្មែរ ក៏នឹងរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀត។

ដូច្នេះដើម្បីការរីកចម្រើនរបស់ខ្មែរ និងដើម្បីមោទកភាព កិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ និងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕