(ភ្នំពេញ)៖ បើទោះបីជាអង្គការចាត់តាំងនយោបាយបដិវត្តន៍ត្រូវបានរំលាយ ហើយផែនការបដិវត្តន៍ពណ៌ថ្មីៗត្រូវបានវាយកម្ទេចឱ្យបរាជ័យជាច្រើនលើកច្រើនសារាល់ការប៉ុនប៉ងក៏ដោយ ក៏ក្រុមប្រឆាំងក្បត់ជាតិនៅតែបន្តចិញ្ចឹមមហិច្ឆតាអំណាច ពួនសម្ងំ និងបន្តអនុវត្តផែនការចាស់របស់ខ្លួនដដែលក្រោមការប្រើប្រាស់រូបភាពថ្មី និងយុទ្ធសាស្ត្រថ្មី ដើម្បីសម្រេចគោលដៅបំផ្លាញកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពួកគេបាននិងកំពុងខិតខំប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីបំភ្លៃការពិត និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងបូរណភាពដែនដីកម្ពុជា ដោយបានញុះញង់បំភ្លៃខុសពីការពិតថា រាជរដ្ឋាភិបាលកម្ពុជាកាត់ដីទំហំ ៤០ ហិកតាឱ្យជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំង។

នៅចុងក្រោយនេះ ក្រុមជនក្បត់ជាតិដែលក្នុងនោះមានទាំងអតីតទណ្ឌិតជាប់គុករឿងញុះញង់បញ្ហាព្រំដែន អ៊ុ សំអាន ម្នាក់ផង ក៏បានចេញមកញុះញង់សាជាថ្មីលើបញ្ហាព្រំដែន ដោយបានរិះគន់ និងវាយប្រហារខ្លាំងនិងថែមទាំងប្រមាថព្រះមហាក្សត្រខ្មែរ និងរដ្ឋាភិបាលកម្ពុជា ទាក់ទងការប្រកាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែមរវាងប្រទេសកម្ពុជា-វៀតណាមទាក់ទងនឹងព្រំដែនដីគោក ហើយបបួលគ្នាកាន់ទុក្ខពីការបាត់បង់ទឹកដីដោយប្រើប្រាស់បូណ៌ពណ៌ខ្មៅ។ តើនេះគឺជាការចាប់ផ្តើមផែនការបដិវត្តន៍ពណ៌ថ្មីទេ?

បញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលគេចោទ និងលាបពណ៌ថា រាជរដ្ឋាភិបាលកាត់ដីឱ្យវៀតណាម ឬលក់ទឹកដីឱ្យបរទេស រួមនឹងការចោទប្រកាន់ពីជនអន្តោប្រវេសន៍វៀតណាមរស់នៅកម្ពុជាខុសច្បាប់គឺជាប្រធានបទ ដែលត្រូវ បានក្រុមប្រឆាំងយកមកប្រើប្រាស់ ដើម្បីដុតកំហឹងប្រជាពលរដ្ឋខ្មែរ និងមួលបង្កាច់លាបពណ៌រដ្ឋាភិបាលដើម្បីយកលេសផ្តួលរំលំ។ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ មួលបង្កាច់ លាបពណ៌ និងញុះញង់ចោទព្រះអង្គថា បានលក់ដីឱ្យពួកយៀកកុង ហើយក៏បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គនិងនាំកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។
ខ្មែរក្រហមក៏បានយកបញ្ហាព្រំដែន ជាមួយវៀតណាមមកញុះញង់ប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងកម្លាំងប្រដាប់អាវុធរបស់ខ្លួន យកបញ្ហាព្រំដែនមកបោកប្រាស់យុទ្ធជនរបស់ខ្លួន ដើម្បីបន្តប្រយុទ្ធនៅក្នុងសង្គ្រាមស៊ីវិលប្រឆាំងនឹងការរស់រានមានជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា ក្រោយរបបដឹកនាំរបស់ខ្លួនត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ក្រុមអ្នកនយោបាយប្រជោបាយនិយម តែងតែប្រើប្រាស់បញ្ហាព្រំដែន និងការញុះញង់ប្រកាន់ពូជសាសន៍ដើម្បីឡើងកាន់អំណាច។

បញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបញ្ហាជនអន្តោប្រវេសន៍ ត្រូវបានអ្នកនយោបាយយកមកឃោសនាបោះឆ្នោតចាប់តាំងពីអាណត្តិទី១ មក។ ជាក់ស្តែងទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំនៃក្រុមជនក្បត់ជាតិនៅពេលនេះ ក៏ធ្លាប់ត្រូវបានមន្ត្រីនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ព្រមាននិងដាក់ពិន័យទៅលើការប្រើប្រាស់វោហាសាស្ត្ររើសអើងប្រកាន់ពូជសាសន៍ ដោយបានឃោសនាមានលក្ខណៈញុះញង់រើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។

ចរិតញុះញង់ប្រឆាំងជាតិសាសន៍នេះ បាននិងកំពុងតែត្រូវបានយកមកអនុវត្តដោយក្រុមអ្នកងប់ងុលនឹងមនោគមន៍វិទ្យាបំផ្លាញជាតិកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី ដោយប្រើប្រាស់ពាក្យញុះញង់ និងសាបព្រោះហិង្សាដើម្បីបង្កើតចលាចលសង្គម។ ពួកគេមិនបានគិតថា ទង្វើគ្មានមនសិការជាតិរបស់ខ្លួននេះបាននិងកំពុងតែបង្កផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរលើសាមគ្គីភាពជាតិ និងសុខសន្តិភាពរបស់កម្ពុជានោះទេ។

ហេតុអ្វីបានក្រុមជនក្បត់ជាតិទាំងនេះខិតខំប្រឹងប្រែងបំភ្លៃការពិតនិងញុះញង់ប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំលើការបំលាស់ទីនៃពលរដ្ឋនៅលើផ្ទៃទន្លេសាបមកលើដីគោក និងចុងក្រោយនេះ បើកការវាយប្រហារប្រមាថព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាលើការប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០០៥?

ទី១៖ ព្រោះតែកិច្ចព្រមព្រៀងនេះ បានបញ្ចប់ការយកបញ្ហាព្រំដែនមកធ្វើជារបៀបវារៈនយោបាយរបស់ក្រុមជនក្បត់ជាតិ៖ តាមពិត ច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម ១៩៨៥ និង ២០០៥ ដែលរាជរដ្ឋាភិបាលកម្ពុជានិងវៀតណាម បានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ២០១៩ នៅវៀតណាមគឺដើម្បីទទួលស្គាល់ការបោះបង្គោលព្រំដែនដែលភាគីទាំងពីរបានបោះរួចរាល់បានចំនួន ៨៤% ហើយនៅសេសសល់ ១៦%ទៀត ភាគីទាំងពីរនឹងខិតខំបន្តពិភាក្សានិងដោះស្រាយបញ្ចប់ឱ្យបានលឿន។
ក្រុមប្រឆាំងធ្វើជាឆោឡោចំពោះការប្រកាសប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមនេះគឺដើម្បីចិញ្ចឹម ទំនាស់ព្រំដែននេះទុកសម្រាប់ប្រើប្រាស់ជាលេសនយោបាយ ញុះញង់ បង្កើតការស្អប់ និងទាញទម្លាក់ទំនុក ចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែពួកគេគួរដឹងថា ប្រជាពលរដ្ឋកម្ពុជា បានដឹងយ៉ាងច្បាស់រួចហើយថា សន្ធិសញ្ញាបំពេញបន្ថែមនេះគឺបានផ្តល់ផលប្រយោជន៍ដល់កម្ពុជាក្នុងការថែរក្សានូវអធិបតេយ្យភាពរបស់ខ្លួនបានច្បាស់លាស់។

ទី២៖ ព្រោះបាត់បង់ផលប្រយោជន៍៖ ចាប់ពីអំណេះតទៅ ក្រុមជនក្បត់ជាតិក៏នឹងមិនអាចធ្វើប្រជាភិថុតិដោយយកបញ្ហាព្រំដែនកម្ពុជានិងវៀតណាម មកធ្វើជាឧបករណ៍នយោបាយ បម្រើការឃោសនាបែបញុះញង់ដែរ។ កន្លងទៅដើម្បីបានសន្លឹកឆ្នោត ក្រុមប្រឆាំងបានញុះញង់ប្រជាពលរដ្ឋពីបញ្ហាព្រំដែន ប៉ុន្តែពេលនេះបញ្ហាព្រំដែន ត្រូវបានដោះស្រាយស្ទឹរតែរួចរាល់ ពួកគេនឹងមិនអាចបោកប្រាស់ពលរដ្ឋបន្តទៀតឡើយ។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតពីរអាណត្តិចុងក្រោយនេះ ក្រុមប្រឆាំងក្បត់ជាតិមិនអាចយកបញ្ហា ព្រំដែនមកដុតកំហឹងប្រជាពលរដ្ឋបានទៀតឡើយ។ ទោះជាយ៉ាងណា វាជាអាជីពរបស់ក្រុមប្រឆាំងដែលត្រូវតែនិយាយអ្វីដែលផ្ទុយពីរដ្ឋាភិបាល ហើយពួកគេព្យាយាមលាបពណ៌ពីការបាត់បង់ទឹកដី។

គេនៅចាំបានថាកាលពីអំឡុងនៃការចរចាស្វែងរកសន្តិភាព សម្តេចបវរសេដ្ឋា សឺន សាន ដែលជាប្រធានរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរបានលើកឡើងថា មួយថ្ងៃៗ វៀតណាមបានរំកិលព្រំដែនរាប់គីឡូម៉ែត្រចូលមកក្នុងទឹកដីខ្មែរ ប៉ុន្តែធាតុពិត មិនមានដូច្នេះឡើយ។ នេះគឺគ្រាន់តែជាភាសាញុះញង់និងលាបពណ៌ដែលមិនឈរ លើការពិតតែប៉ុណ្ណោះ។ ឥឡូវនេះ ក្រុមជនទុច្ចរិតមួយចំនួនបាននិងកំពុងញុះញង់ប្រជាពលរដ្ឋនៅតាម បណ្តាញទំនាក់ទំនងសង្គមដើម្បីប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តន៍ពណ៌ដោយដុត កំហឹងប្រជាពលរដ្ឋលើការបាត់បង់ទឹកដី។ ការបិទបញ្ចប់បញ្ហាព្រំដែន ស្មើនឹងបំផ្លាញផលប្រយោជន៍ក្រុមប្រឆាំងទាំងស្រុងបាត់ទាំងការគាំទ្រហិរញ្ញវត្ថុ និងទាំងនយោបាយ។

ទោះបីជាក្រុមប្រឆាំងមួយក្តាប់តូច បន្តអាជីពប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ ប៉ុន្តែពួកគេមិនអាចរារាំងដំណើរជាតិកម្ពុជាទាំងមូលឡើយ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម បានបន្តបេសកកម្មការពារនិងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានមកដោយពិបាក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រកាសថាទោះបីក្នុងតម្លៃណាក៏ដោយត្រូវតែការពារសន្តិភាពដែលមានឱ្យបាន ដោយសម្តេចថ្លែងថា៖ «សង្គ្រាមដែលអ្នកជំនាន់មុនបានបង្កើតឡើង ត្រូវបានដោះស្រាយដោយក្មេងជំនាន់ក្រោយ នោះហើយគឺជាសោកនាដកម្ម ដែលយើងដកពិសោធន៍ថា ត្រូវធ្វើឲ្យប្រទេសយើងមានវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាពលើទឹកដីដ៏កម្សត់របស់យើង»។

កាលដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងគឺពិតជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រក្នុងរៀបចំរបងការពារជាតិ និងកសាងខឿនការពារជាតិមួយដ៏រឹងមាំ សម្រាប់មនុស្សជំនាន់ក្រោយរាប់ជំនាន់ទៀត។ វាគឺជាការគិតគូរប្រកបដោយគតិបណ្ឌិតសម្រាប់ការការពារទឹកដីការឫរបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យនៅគង់វង្ស និងលុបបំបាត់ជម្លោះដ៏រ៉ាំរ៉ៃដែលបន្សល់ទុកជាច្រើនទសវត្សរ៍មកហើយ។ បញ្ហាព្រំដែនត្រូវតែដោះស្រាយឱ្យចប់សព្វគ្រប់មិនចាំបាច់បន្តចិញ្ចឹមទំនាស់សម្រាប់កូនចៅជំនាន់ក្រោយលំបាកដោះស្រាយ និងបន្តទុកឱ្យក្រុមប្រឆាំងយកបញ្ហាព្រំដែនជាមួយប្រទេសជិតខាងមកធ្វើជរបៀបវារៈនយោបាយវាយប្រហារគ្នាឡើយ។

មន្ត្រីជាន់ខ្ពស់បៃគណៈកម្មាធិការកិច្ចការចម្រុះកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជាគ្មានការខាតបង់ទឹកដី ដោយសារតែសន្ធិសញ្ញាបំពេញបន្ថែមនោះទេ ពោលគឺកម្ពុជាមានតែទទួលបានផលចំណេញពីកិច្ចព្រមព្រៀងបំពេញបន្ថែមនេះ។ រដ្ឋាភិបាលបោះបង្គោលព្រំដែននេះដើម្បីការពារពលរដ្ឋនៅតាមព្រំដែនផង ដើម្បីការពារបូរណភាពទឹកដីផង។ តើហេតុអ្វីបានជានៅពេលព្រះប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងបញ្ចប់បញ្ហាវិវាទព្រំដែនប្រទេសជិតខាងឱ្យបានឆាប់រហ័សហើយ បែរជាមិនគាំទ្រទៅវិញ? ច្បាស់ណាស់ព្រោះពួកគេនឹងបាត់បង់អាជីពបោកប្រាស់ និងញុះញង់ដើម្បីបំផ្លាញកម្ពុជា។ កម្ពុជាពេលនេះកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាត្រូវការកម្ពុជាដែលមានសុខសន្តិភាពជាអចិន្ត្រៃយ៍ ហើយសូមក្រុមជនក្បត់ជាតិទាំងឡាយឈប់យកសន្តិភាពរបស់កម្ពុជាទៅដូរនឹងបដិវត្តន៍ពណ៌ដ៏មហន្តរាយដែលប្រែក្លាយពីប្រទេសអភិវឌ្ឍន៍ទៅរាប់ដល់ដីប្រជាពលរដ្ឋរស់នៅក្នុងឈាមនិងទឹកភ្នែកនោះ! យើងទាំងអស់គ្នាដើម្បីសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា!។

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៩