(ភ្នំពេញ)៖ ជាង២ឆ្នាំហើយដែលសហភាពអឺរ៉ុបយល់ឃើញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង។ បញ្ហានេះជំរុញឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីដែលអាចនាំទៅដល់ការដកភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម EBA។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាមិនបានយល់ស្របនឹងទស្សនៈ និងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនោះទេ ដោយបានហៅសកម្មភាពរបស់សហភាពអឺរ៉ុបថា គឺជាការលូកដៃដោយអយុត្តិធម៌ចូលក្នុងកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់កម្ពុជា។ ភាគីទាំង២មានការបញ្ជាក់ពីភាពត្រឹមត្រូវដែលមានមូលដ្ឋានច្បាប់ចំពោះសកម្មភាពរបស់របស់ពួកគេ។

កាលកំណត់ថ្ងៃទី១២ ខែធ្នូ សម្រាប់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុបស្តីពីការរកឃើញ និងសេចក្តីសន្និដ្ឋានស្របតាមមាត្រា១៩(៧) នៃបទប្បញ្ញត្តិ (EU) 978/2012 ទាក់ទងនឹងនីតិវិធីសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះអនុវត្តចំពោះព្រះរាជាណាចក្រកម្ពុជា តាមមាត្រា១៩ នៃបទប្បញ្ញត្តិ (EU) No 978/2012 បានកន្លងផុត ហើយរដ្ឋាភិបាលកម្ពុជាបានផ្ញើការឆ្លើយតបនៅថ្ងៃចុងក្រោយនោះ។

គណៈកម្មការអឺរ៉ុប (អង្គនីតិប្រតិបត្តិ) នឹងត្រូវធ្វើសេចក្តីសម្រេចក្នុងទម្រង់ជាច្បាប់ delegated acts ប្រសិនជាត្រូវដកដោយផ្នែក ឬទាំងស្រុងនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មក្រោមកម្មវិធី EBA ដែលផ្តល់ឲ្យប្រទេសកម្ពុជាក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន។ សភាអឺរ៉ុប និងក្រុមប្រឹក្សា (អង្គនីតិបញ្ញត្តិ) មិនជាប់ទាក់ទងនឹងការអនុម័តច្បាប់ delegated acts នោះទេ តែអាចជំទាស់នឹងច្បាប់ទាំងនោះក្នុងរយៈពេល២ខែ។

ប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុបគឺជាប្រព័ន្ធដែលគេបានប្រើប្រាស់យ៉ាងទូលំទូលាយច្រើនជាងគេបំផុត ក្នុងចំណោមប្រព័ន្ធអនុគ្រោះទូទៅរបស់ប្រទេសអភិវឌ្ឍន៍ទាំងអស់។ ទំហំនៃការនាំចូលទៅក្នុងសហភាពអឺរ៉ុបដោយប្រទេសកំពុងអភិវឌ្ឍន៍ក្រោមប្រព័ន្ធអនុគ្រោះទូទៅនេះ គឺមានទំហំធំជាងការនាំចូលទៅក្នុងសហរដ្ឋអាមេរិក កាណាដា និងជប៉ុន រួមគ្នា។

ក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន កម្មវិធី EBA គឺជាភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដែលមានលក្ខណៈសប្បុរសធម៌បំផុត។ សហភាពអឺរ៉ុបនិងប្រជាពលរដ្ឋរបស់ខ្លួនអាចមានមោទនភាពក្នុង នាមជាទីផ្សារមួយដែលមានភាពបើកចំហបំផុតសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ បច្ចុប្បន្ន ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទាំង៤៧ កម្ពុជាគឺជាអ្នកទទួលផលធំមួយពី EBA ដោយមានទឹកប្រាក់នាំចេញសរុបទៅសហភាពអឺរ៉ុប មានចំនួនលើសពី៥ពាន់លានដុល្លារ។ មែនហើយភាពអនុគ្រោះដែលផ្តល់ឲ្យប្រទេសទទួលទាំងឡាយក្រោមប្រព័ន្ធនេះត្រូវបានផ្សារភ្ជាប់ ជាមួយលក្ខខណ្ឌនៃការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលសហភាពអឺរ៉ុបបានអះអាងថា ជាតម្លៃស្នូលរបស់ខ្លួន។ ហើយដោយហេតុថា ភាពអនុគ្រោះគឺត្រូវបានផ្តល់ឲ្យដោយឯកតោភាគី សហភាពអឺរ៉ុបមានសិទ្ធិពេញលេញក្នុងការដកទៅវិញ ប្រសិនជាខ្លួនបានត្រួតពិនិត្យហើយសន្និដ្ឋានថា ប្រទេសទទួលណាមួយមិនបានអនុលោមទៅតាមតម្លៃស្នូលដែលសហភាពអឺរ៉ុបបានអះអាងថាជារបស់ខ្លួននោះ។

* តម្លៃស្នូលដែលបានអះអាងធៀប នឹងសកម្មភាពដែលមានសង្គតិភាព

ខណៈដែលយើងយល់ស្របនិងកោតសរសើរតម្លៃស្នូលរបស់សហភាពអឺរ៉ុប តើសហភាពអឺរ៉ុបមានសង្គតិភាពក្នុងសកម្មភាពរបស់ខ្លួនក្នុងការការពារ​តម្លៃស្នូលនេះ​ដែរឬទេ? ច្បាស់ណាស់ មានប្រទេសជាច្រើនដែលទទួលបានភាពអនុគ្រោះនេះ មានកំណត់ត្រានៃការគោរពសិទ្ធិមនុស្សអន់ជាងកម្ពុជាទៅទៀត ហើយសហភាពអឺរ៉ុប​មិនបានចាត់វិធានការទៅលើប្រទេសទាំងនោះទេ។ ហើយផ្ទុយទៅវិញមុនពេល​ចាប់ផ្តើមនីតិវីធីក្នុងការដកប្រព័ន្ធអនុគ្រោះពីកម្ពុជា សហភាពអឺរ៉ុបបានចាប់ផ្តើមការ​ចរចាពាណិជ្ជកម្ម​សេរីជាមួយប្រទេសវៀតណាមតាំងពីខែមិថុនា ឆ្នាំ២០១២ ហើយ​យោងតាមគោលការណ៍និងស្តង់ដារលោកខាងលិច ប្រទេស វៀតណាម គឺជា​ប្រទេស​ដែលមិន​មានលទ្ធិប្រជាធិបតេយ្យ និងមានកម្រិតទាប​ក្នុងការគោរពសិទ្ធិ​មនុស្ស។

មកដល់ពេលនេះ វៀតណាមនៅតែជាប្រទេសកុម្មុយនីស ដែលមានប្រព័ន្ធឯកបក្សគ្មានការបោះឆ្នោតទូទៅ។ ប្រទេសនេះអនុញ្ញាតតិចបំផុតចំពោះសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ អំពីការការពារសិទ្ធិកម្មករ វៀតណាមបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាស្នូល​របស់អង្គការអន្តរជាតិខាង​ការងារតិចជាងកម្ពុជាឆ្ងាយ​ណាស់ ជា ពិសេសអនុសញ្ញាលេខ៨៧ស្តីពីសេរីភាពនៃការបង្កើតសមាគមនិងសហជីព និងអនុសញ្ញាលេខ៩៨ស្តីពីសិទ្ធិក្នុងការរៀបចំនិងការចរចាជាសមូហភាព។ វៀតណាមមិនអនុញ្ញាត ឲ្យមានការបង្កើតសហជីពច្រើនទេ លើកលែងតែសហជីពកណ្តាលមួយដែលគេមើលឃើញថា មិនមានឯករាជ្យភាពពីការគ្រប់គ្រង​របស់រដ្ឋាភិបាលនោះទេ។

យោងតាមអ្នកទិតៀននៅលោកខាងលិច វៀតណាគឺជារដ្ឋដែលមានការកៀបសង្កត់ផ្នែកនយោបាយខ្លាំង។ រដ្ឋាភិបាលកុម្មុយនីសមានអំណាចផ្តាច់មុខ ហើយគ្មានសារព័ត៌មានឯករាជ្យទេ។ គ្មានអ្នកប្រឆាំងណាត្រូវបានអត់ឱននោះទេ ហើយការទិតៀនរដ្ឋាភិបាលត្រូវបានផ្តន្ទាទោសដោយការដាក់ពន្ធនាគារយ៉ាងយូរ។

ទោះបីជាប្រទេសវៀតណាមលើកតម្កើងប្រព័ន្ធតម្លៃក្នុងទ្រង់ទ្រាយផ្សេងក្នុងបរិបទដែលអាចដំណើរការបានល្អផ្នែកសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រជាជាតិនៅអាស៊ីភាគច្រើនកោតសរសើរនិងទទួលស្គាល់នោះ ប្រទេសវៀតណាមបរាជ័យខ្លាំង បើផ្អែកលើគោលការណ៍និងបទដ្ឋានលោកខាងលិច។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់សម្រេចផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP ដល់វៀតណាមនៅឡើយផង ដោយសារហេតុផលចម្បង២ ទី១៖ គឺជាប្រទេសកុម្មុយនីស និងទី២៖ ដោយសារកង្វះខាតក្នុងការការពារសិទ្ធិកម្មករដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ប៉ុន្តែលក្ខខណ្ឌទាំង ពីរនេះ កម្ពុជាអាចឆ្លើយតបបាន។

ជាការចំអក ឬជាការធ្វើឲ្យកាន់តែអាម៉ាស់មកលើប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសារសង្គ្រាម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និងក្រុមរបស់លោកស្រីបានមកប្រទេសវៀតណាមយ៉ាងមានមោទនភាពដើម្បីចុះហត្ថលេខាលើកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប និងវៀតណាម កាលពីខែមិថុនា ឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្រោមដំណើរការដែលអាចមានការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីស​ហភាពអឺរ៉ុប និងវៀតណាមបានផ្តល់ឲ្យ វៀតណាមនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មយ៉ាងច្រើនដោយបានដក​ចេញស្ទើរតែទាំងស្រុងនូវ​របាំងពន្ធគយ​លុបបំបាត់ជាង៩៩% នៃពន្ធគយសម្រាប់ការនាំចូលទៅ អឺរ៉ុប។

ហេតុអ្វីបានជាសហភាពអឺរ៉ុប ដោយគ្មានសង្គតិភាពនៅក្នុងសកម្មភាពរបស់ខ្លួន សម្រេចផ្តល់អត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មដល់ប្រទេសវៀតណាម ខណៈដែលខ្លួនកំពុងពិចារណាលើសកម្មភាពដែលអាចនឹងដាក់ទណ្ឌកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករក្រីក្រជាស្ត្រីដែលងាយរងគ្រោះ ដែលកំពុងបម្រើការ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ??? យើងប្រហែលមានសិទ្ធិសួរ ឬគ្មានសិទ្ធិសួរ ប៉ុន្តែវាច្បាស់ដែរថា សម្រាប់សហភាពអឺរ៉ុប ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀត។

* តម្លៃស្នូលរបស់កម្ពុជា

ឆ្លងចេញពីភាពជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិល និងការប្រល័យពូជសាសន៍ដ៏យូរ ចំណុចជាអាទិភាពរបស់កម្ពុជាគឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈព្យាយាមលើកតម្កើងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំដ៏ខ្លី ក្រោយប្រទេសមានសន្តិភាពពេញលេញគឺជារឿងដែលគួរកោតសរសើរបាន។ កម្ពុជាត្រូវបានគេទទួលស្គាល់ថា បានសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងផ្នែកជាច្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ធនាគារពិភពលោកបានទទួលស្គាល់កម្ពុជាថា ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដោយមានស្ថិរភាពនយោបាយខ្ពស់បំផុតក្នុងចំណោមប្រទេសក្រោយសង្គ្រាម។

នេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានទាញចេញផុតពីភាពក្រីក្រ ដោយមានសិទ្ធិទទួលបាននូវឱកាសសេដ្ឋកិច្ច ការងារ ប្រាក់ចំណូលមានស្ថិរភាព អត្ថប្រយោជន៍សន្តិសុខសង្គម ការអប់រំ ការផ្តល់អំណាចដល់ស្ត្រី ។ល។ កម្ពុជាកំពុងនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅក្លាយ​ជាប្រទេសដែល​មានប្រាក់​ចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ បើសិនជាស្ថិរភាពនយោបាយត្រូវបានរក្សា ហើយកំណែទម្រង់​ការិយា​ធិបតេយ្យមានជានិរន្តរ៍។ ដើម្បីរក្សាឲ្យប្រទេសមានភាពប្រកួតប្រជែងនិងមានស្ថិរភាព កំណែទម្រង់ការិយាធិបតេយ្យនឹងត្រូវធ្វើលឿន​ជាងកំណែទម្រង់​នយោបាយ។

ចំពោះនយោបាយ ទោះបីជាមានការទិតៀនប្រជាពលរដ្ឋកម្ពុជាពិតជាមានឱកាសក្នុងការផ្លាស់ប្តូរដ្ឋាភិបាលរបស់ពួកគេជារៀងរាល់៥ឆ្នាំម្តង។ ពួកគេគ្រាន់តែត្រូវការនូវការអប់រំឲ្យបានត្រឹមត្រូវ ទទួលបាននូវការផ្តល់ព័ត៌មានបានល្អ និងជាងណាៗទាំងអស់យល់ពីកាតព្វកិច្ចនៃការចូលរួមក្នុងនយោបាយ។ មានគណបក្សនយោបាយជាច្រើនក្នុងការប្រកួតប្រជែង ហើយការដាក់ក្តីសង្ឃឹមទាំងស្រុងទៅលើគណបក្សប្រឆាំងតែ១ ទំនងជាមិនត្រឹមត្រូវទាំងស្រុងទេ។

ទោះជាមានសមិទ្ធផលយ៉ាងណាក៏ដោយ មានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយកម្ពុជាបន្តត្រូវការទាំងការគាំទ្រ និងទាំងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ឈរលើមូលដ្ឋាននៃផលប្រយោជន៍ទាំងសងខាង និងការគោរពអធិបតេយ្យភាពទៅវិញទៅមក និងសិទ្ធិក្នុងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯងផ្ទាល់។

ដោយ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា