(ភ្នំពេញ)៖ អ្នករាជធានីភ្នំពេញ បានសម្តែងការសាទរ និងរីករាយជាពន់ពេក បន្ទាប់ពីបានឮសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញនូវវិធានការថ្មីលើការងារប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដោយបន្ថែមក្រុមហ៊ុនប្រមូលសំរាមឱ្យមានយ៉ាងតិចចំនួន៣ ឬ៤។

ក្រោយឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា ការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ កាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន។

ការចេញមុខរបស់ប្រមុខរាជរដ្ឋាភិបាលលើការរៀបចំក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានីភ្នំពេញនេះ បានបង្ហាញឆន្ទៈដ៏មុតមាំ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំសោភណ្ឌភាព និងលើកសម្រស់រាជធានីភ្នំពេញ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

តែទោះជាយ៉ាងណាមានការមើលឃើញថា ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជារាជធានីស្រស់បំព្រងគ្មានសំរាមរាយប៉ាយ មិនអាចពឹងអាស្រ័យតែលើក្រុមហ៊ុនប្រមូលសំរាម ដោយខ្វះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបបាននោះឡើយ។

វិធានការបន្ថែមពីលើការរៀបចំក្រុមហ៊ុនប្រមូលសំរាមឱ្យមានកាន់តែច្រើនហើយនោះ អាជ្ញាធរគួរពង្រាយធុងសំរាមឱ្យបានកាន់តែច្រើនតាមទីសាធារណៈទុកឱ្យប្រជាពលរដ្ឋទុកដាក់សំរាម។

គួរតែបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដៃងាយបរិភោគចំណីចំណុកហើយបោះសំរាមពាសវាលពាសកាលនោះឡើយ។ លើសពីនោះទៀត ត្រូវអប់រំប្រជាពលរដ្ឋពីវិធីទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ រួមទាំងការបែងចែកសំរាមដូចនៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសជប៉ុន។

ការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ គឺជាការជួយសម្រួលដល់អ្នកប្រមូលសំរាមផងដែរ។ បច្ចុប្បន្នគេមើលឃើញថា ការទុកដាក់សំរាមមិនទាន់បានល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យសំរាម ឬទឹកក្នុងសំរាមហូររាយប៉ាយនៅកន្លែងដែលដាក់នោះ។ សំរាមខ្លះទៀត ចងមិនបានត្រឹមត្រូវពេលយកទៅបោះបណ្តាល ឱ្យរបូតមាត់ថង់សំរាមក៏រាយប៉ាយនៅកន្លែងទុកសំរាមនោះ ពេលអ្នកប្រមូលមកប្រមូលមិនយកចិត្តទុកដាក់ប្រមូលឱ្យអស់ទៀត ក៏ធ្វើឱ្យសំរាមនៅសល់ខ្យល់បក់មកបោះរាយប៉ាយតែម្តង។

ដូច្នេះការរៀបចំ និងបែងចែកវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ គឺជារឿងត្រូវបញ្ជ្រាបដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់។

ការកំណត់តម្លៃសំរាម ក៏ជារឿងគួរពិចារណាផងដែរ។ បច្ចុប្បន្នតម្លៃសំរាមក្នុងមួយផ្ទះជាទូទៅបង់ត្រឹមប្រមាណ១ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែផ្ទះធំ ឬកន្លែងអាជីវកម្មអាចថ្លៃជាងនេះ។ តម្លៃសម្រាប់ការប្រមូលសំរាមក្នុងមួយផ្ទះតម្លៃត្រឹម ១ដុល្លារក្នុងមួយខែនេះ ត្រូវបានមើលឃើញថា ជាចំនួនមួយតិចតួចនៅឡើយ ដែលជាបញ្ហានាំឱ្យការផ្តល់សេវាលើការប្រមូលសំរាមមិនសូវជាមានប្រសិទ្ធភាព។

ដើម្បីបានសេវានៃការប្រមូលសំរាមមានភាពប្រសើរ តើប្រជាពលរដ្ឋហ៊ានដំឡើងថ្លៃសម្រាប់សេវាប្រមូលសំរាមដែរឬទេ? ខណៈដែលការផឹកកាហ្វេមួយកែវ ឬហូបបាយមួយពេលថ្លៃលើសការចំណាយថ្លៃសំរាមរយៈពេលមួយខែយ៉ាងច្រើន។

មនុស្សខ្លះកុំថាឡើយដល់ប្រមូលសំរាមដាក់រថយន្តយកទៅចាក់នៅទីលាន សូម្បីតែកាន់សំរាមរបស់ខ្លួនយកទៅទុកឱ្យគេមកប្រមូលក៏រអើមដែរ ដូច្នេះតើយើងហ៊ានផ្តល់តម្លៃសំរាមឱ្យខ្ពស់ជាងពេលបច្ចុប្បន្ន ដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រមូលសំរាមដែរឬទេ?

ជារួមមកដើម្បីរាជធានីភ្នំពេញរបស់យើងគ្មានសំរាម បន្ថែមពីលើចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលបន្ថែមក្រុមហ៊ុនប្រមូលសំរាម យើងជាប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួមទាំងអស់គ្នា ហូបកុំចោលពាសវាលពាសកាល ត្រូវដាក់ក្នុងធុងសំរាម វេចខ្ចប់បែងចែកសំរាមឱ្យបានត្រឹមត្រូវ និងគួរបន្ថែមថ្លៃសម្រាប់សេវាប្រមូលសំរាម ដើម្បីការប្រមូលបានកាន់តែប្រសើរ និងរហ័សជាងពេលបច្ចុប្បន្ន៕