(ភ្នំពេញ)៖ ក្នុងមួយរយៈចុងក្រោយ ហើយជាពិសេសព្រឹកមិញនេះ នៅពេលដែលខ្ញុំអាននូវអ្វីដែលជាសំណេរនៅលើទំព័រហ្វេសប៊ុក របស់លោកសម រង្ស៊ី ពិតជាបាន ឆ្លុះបញ្ចាំងឲ្យឃើញ ពីស្ថានភាពកាន់តែធ្ងន់ធ្ងរនៃប្រភេទមនុស្ស ដែលមានជម្ងឺសរសៃប្រសាទដែលនិយាយលែងដឹងខុសត្រូវ និងអង្គុយប្រឌិត រឿងខុសទំនងគ្មាន ឡូហ្ស៊ីកគួរឲ្យសង្វេគជាពន់ពេក។ ស្ថានភាពនេះក៍បានធ្វើឲ្យក្រុមអ្នកតាមដាននយោបាយកម្ពុជាហើយក៍អាចរាប់បញ្ចូលទាំងក្រុមអ្នកចេះដឹងជុំវិញខ្លួនសម រង្ស៊ី ដែលធ្លាប់គាំទ្របុគ្គលនេះពី មុន បែរជាអស់ទឹកចិត្តក្នុងការគាំទ្របន្តទៀតពីព្រោះ អ្នក នយោបាយប្រភេទសម រង្ស៊ីនេះគឺគ្មានឃើញបង្ហាញគោលនយោបាយអ្វីដើម្បីចាកចេញពីបញ្ហាឡើយក្រៅតែពីអង្គុយនិងដេករវើរវាយប្រឌិតរឿងឥត ប្រយោជន៍និងខុសទំនង។ ស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តរបស់ សម រង្ស៊ី បានកើតឡើងដោយសារសម្ពាធយ៉ាងធ្ងន់ដែលកំពុងគ្របសង្កត់ទៅលើបុគ្គលរូបនេះរហូតធ្វើឲ្យគាត់វង្វេងស្មារតី ដេកមិនលក់ បក់មិនល្ហើយ គិតមិនចេញនិងដើរទាល់ច្រក ធ្វើឲ្យរោគចិត្តរើឡើងវិញកាន់តែធ្ងន់ធ្ងរៗជាលំដាប់។ សម្ពាធធំៗ ដូចភ្នំព្រះសុមេរុដែលកំពុងតែសង្កត់លើ សម រង្ស៊ី មានជាអាទិដូចខាងក្រោម៖

សម្ពាធទី១៖ គឺសម្ពាធពីអ្នកគាំទ្រ៖ សម រង្ស៊ី បានដើរប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសបានយ៉ាងច្រើនក្រោមហេតុផលថា ដើម្បីយកទៅរៀបចំដំណើរវិលត្រឡប់របស់គាត់មកកម្ពុជា វិញ។ មនុស្សម្នាជាច្រើនក៏ដឹងដែរថា សារជាតិរបស់សម រង្ស៊ី គឺខ្លាចការលំបាកវេទនា បើ និយាយអោយចំគឺជាអ្នក នយោបាយខ្លាចគុកណាស់ ។ដូច្នេះ អ្វីដែលគាត់ប្រកាសពីផែនការចូលស្រុកនេះគឺធ្វើទាំងបង្ខំចិត្ត ដោយសារទទួលសម្ពាធពី អ្នកគាំទ្រខ្លាំងពេក។ មុនដំបូង សម រង្ស៊ី ចង់ប្រើឱកាស នេះដើម្បីប្រមូលលុយដូចដែលគាត់ធ្លាប់ធ្វើរយៈពេលជាង ២០ឆ្នាំមកហើយ។ បន្ទាប់មក គាត់ចង់ប្រើល្បិចបង្វែរទំនួលខុសត្រូវដែលគាត់ប្រកាសថានឹងចូលមកចាប់លោក ហ៊ុន សែន ទៅឲ្យប្រជាពលរដ្ឋអ្នកគាំទ្រគាត់វិញពោលគឺគាត់ងាកមកប្រកាសថា គឺមិនមែនគាត់ទេដែលទៅចាប់លោក ហ៊ុន សែន តែជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។ រយៈពេលជាច្រើនខែមកនេះ សម រង្ស៊ី បានរៀបចំផែនការ បំផុសចលនាឲ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសកសាងបណ្តាញតាមរយៈការជួបជុំ«ស៊ីនំបញ្ចុក»។ ប៉ុន្តែ រាល់សកម្មភាពទាំងនេះត្រូវបានអាជ្ញាធរតាមដាននិងក្តាប់បានដូចបាតដៃហើយក៏បាន បំបែកផែនការ«ស៊ីនំបញ្ចុក» នេះចោលទាំងស្រុង។ ដោយក្តីអស់សង្ឃឹម សម រង្ស៊ី ងាកមកស្រែកអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ថែមពីលើនេះ សម រង្ស៊ី បានយកល្បែងចាស់គំរឹល មួយដែលគាត់ធ្លាប់លេងដោយគ្មានប្រសិទ្ធភាពជាច្រើនទសវត្សរ៍មកហើយនោះមក លេងបន្តទៀតដើម្បីកំដរឆាកកុំឲ្យស្ងាត់ពេក។ នោះគឺការព្យាយាមបំបែកគណបក្សប្រជាជនកម្ពុជារហូតដល់ដេករកនឹកប្រឌិតរឿងជាបន្តបន្ទាប់ដោយម្តងប្រឌិតរឿងលោក ស ខេង ជាមួយលោក ហ៊ុន សែន ហើយឥឡូវងាកមកប្រឌិតរឿងលោក ហុក ឡងឌី វិញម្តង។ ប៉ុន្តែ កំណត់ត្រាក្នុងរយះពេលជាង២០ឆ្នាំកន្លងមកនេះបាន បង្ហាញយ៉ាងច្បាស់ថា ទំងន់ដៃ របស់សម រង្ស៊ីស្រាលដូចជាសំឡីដែលព្យាយាមទប់និងផ្តួលលោកហ៊ុន សែនដែលមានទំងន់ជើងធ្ងន់ដូចជើងដំរី។ ដូច្នេះ ខ្ញុំយល់ថាទោះជា សម រង្ស៊ី ប្រើពេលប៉ុន្មានជីវិតរបស់គាត់ក៏មិនអាចទៅរួចដែរ។ ហើយឥឡូវនេះ ពេលវេលាចេះតែទៅ មុខគឺនៅសល់តែ៦ខែទៀតប៉ុណ្ណោះគឺដាច់ឆ្នាំ២០១៩ ហើយ។ ឆ្នាំ២០១៩ជាឆ្នាំដែលសម រង្ស៊ី សន្យាថានឹងវិលចូលស្រុកវិញ ទៅចាប់លោក ហ៊ុន សែន។ តែរហូតមកទល់ថ្ងៃនេះគ្មានឃើញពន្លឺសូម្បីតែបន្តិចថា គាត់អាចហ៊ានវិលចូលស្រុកវិញ។

សម្ពាធទី២៖ ការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីទីក្រុងតូក្យូកាលពីសប្តាហ៍មុនថា លោកកំពុងរង់ចាំស្វាគមន៍ សង្គ្រាមមួយពីក្រៅប្រទេសនិងបានបញ្ជាក់ជំហរច្បាស់លាស់ដាច់ខាតថា នឹងមិនមានការបន្ធូរ បន្ថយណាមួយទេ ដរាបណាពួកគេមិនប្រកាសចាញ់សង្គ្រាមនេះ ។ តាមសេចក្តីប្រកាសរបស់លោក ហ៊ុន សែននេះអាចធ្វើឲ្យសម រង្ស៊ី ដាច់ផ្ងារពីព្រោះពិតជាមិន មែនជារឿងធម្មតាឡើយដែល លោកនាយករដ្ឋមន្ត្រីបានប្រើ ប្រាស់សន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ីនៅទីក្រុងតូក្យូ ដើម្បីប្រកាសឲ្យពិភពលោកបានដឹងលឺជាមុនអំពីសង្គ្រាម ដែលក្រុមប្រឆាំងជ្រុលនិយម កំពុងប៉ុនប៉ងធ្វើនៅ កម្ពុជាហើយជាពិសេសអាចលោក ហ៊ុន សែន ចង់ឲ្យប្រទេសជប៉ុនដែលជា ម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាធ្វើជាសាសក្សី។ មែន! បញ្ហានេះពិតជាបានធ្វើឲ្យលោក សម រង្ស៊ី ញ័រមាត់ហើយប្រញាប់ទៅប្រកាសតាមវិទ្យុអាស៊ីសេរីថា ខ្លួនមិនបានធ្វើ សង្គ្រាមទេ។ ប៉ុន្តែមនុស្សយើងច្បាស់ជាយល់ហើយថា ប្រសិនបើមានមេទ័ពដ៏ កំសាកម្នាក់ ស្រាប់តែទៅប្រកាសប្រាប់កូនទាហានដ៏ សំគមរបស់ខ្លួនថា យើងត្រូវលើកទ័ពទៅចាប់មេទ័ពដែលជាគូសត្រូវនៅក្នុងជំរុំដ៏រឹងមាំមួយ ហើយប្រាប់គេឯងថា យើងមិនទៅ ធ្វើសង្គ្រាមទេ? តើមេទ័ពរូបនោះជាអ្វី? ច្បាស់ណាស់ថា គ្រប់គ្នាច្បាស់ជាអស់សំណើច ហើយដៀលថាជា «មេទ័ពចំកួត» ជាមិនខានឡើយ។ អ្នកវិភាគជាច្រើនបានមើលឃើញដូចខ្ញុំដែរថា ជប៉ុនទំនងជាបានរៀបចំដាវឲ្យលោក ហ៊ុន សែន ប្រើដើម្បីស្កាត់ផ្លូវលោក សម រង្ស៊ី ហើយមើលទៅ ពីព្រោះក្នុងចំណោម ៣សំណួរ ដែលចោទសួរទៅកាន់លោកនាយករដ្ឋមន្ត្រី ក៍មានសំណួរមួយ និងជាសំណួរចុងក្រោយគេពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។ សំណួរនេះត្រូវគេ មើលឃើញថាជាឱកាសពេជ្រ សម្រាប់លោក ហ៊ុន សែន ក្នុងការបកស្រាយ។ ជាដំបូង លោកនាយករដ្ឋមន្ត្រីលើកបញ្ហានៅអូទ្រីសដែលកំពុងកើត មានរឿងក្តៅ គគុកពាក់ព័ន្ធនឹងអ្នកនយោបាយលក់ ក្បាលឲ្យបរទេស ដែលមេដឹកនាំអឺរ៉ុបធំៗ បានថ្កោលទោសពេញៗមាត់ ដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេស ហើយ កំពុងចាត់វិធានការយ៉ាងក្តៅគគុក។

បញ្ហានេះក៍បានធ្វើឲ្យលោកខាងលិចជាពិសេសសហភាពអឺរ៉ុបរឹងថ្គាមនិយាយលែងចេញពីព្រោះខ្លួនកំពុងដាក់សម្ពាធមកលើ កម្ពុជាខណៈដែលរឿងដូចគ្នាស្រាប់ តែកើត មាន ឡើងនៅ លើទឹកដីរបស់ខ្លួន។ ហើយរឿងមួយនេះក៍អាចឲ្យកម្ពុជាប្រើប្រាស់ដើម្បីការពារ EBA បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ឱកាសពេជ្រម្យ៉ាងទៀត សម្រាប់ លោ ហ៊ុន សែន គឺការប្រកាសរង់ចាំសង្គ្រាមពីក្រុមឧទ្ទាមក្រៅច្បាប់មកពីក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីដឹងច្បាស់ណាស់ថា មនុស្សកំសាកដូចសម រង្ស៊ី មិនហ៊ាន វិលចូលស្រុកដូចការឃោសនាបោកប្រាស់នោះឡើយ ។ ប៉ុន្តែ ការប្រកាសចងក្រឡាទុកមុនតាមរបៀប «រុញស៊ីក្លូបញ្ចូលឡាន» ជារឿងចាំបាច់ដែលធ្វើឲ្យ សម រង្ស៊ី ទាល់ច្រកខំប្រកាសបដិសេធ ទាំងញ័រមាត់។

សម្ពាធទី៣៖ ឥឡូវនិយាយពីសេណារីយោក្នុងការវិលត្រឡប់របស់ សម រង្ស៊ី៖ គេមិនបានមើលឃើញថាសេណារីយោណាមួយអាចទៅរួចនោះឡើយ។ សេណារីយោទី១៖ គឺការវិលត្រឡប់វិញតាមផ្លូវគោកគឺមិនអាចទៅរួចឡើយពីព្រោះទាំងថៃ ទាំងវៀតណាមដែលជាប្រទេសជិតខាងនិងជាមិត្តរបស់កម្ពុជា ច្បាស់ជាមិនអនុញ្ញាតឲ្យសម រង្ស៊ី យកទឹកដីរបស់គេធ្វើសកម្មភាព ប្រឆាំងរដ្ឋាភិបាលអធិបតេយ្យមួយនោះឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាការប្រកាន់ជំហរទ្វេភាគីរវាង កម្ពុជា និងប្រទេសជិតខាងផងដែរ។ ដូច្នេះ បើ សម រង្ស៊ី ហ៊ានជាន់ដីថៃ ឬវៀតណាមច្បាស់ជាអាជ្ញាធរប្រទេស នោះចាប់បញ្ជូនខ្លួន មកឲ្យកម្ពុជាជាក់ជាមិនខាន។ សេណារីយោទី២៖ ការវិលត្រឡប់តាមផ្លូវអាកាស៖ មិនថា យន្តហោះសម រង្ស៊ីជិះចេញពីទីណារឺរបស់អ្នកណាឡើយ នៅ ពេលឆ្លងចូលក្នុងដែនអាកាសកម្ពុជា គឺត្រូវស្ថិតក្រោមការត្រួតត្រារបស់អាជ្ញាធរកម្ពុជា ទាំងស្រុង។ អាជ្ញាធរអាចបញ្ជាឲ្យយន្តហោះនោះទៅចុះចតនៅ ព្រលានណាមួយស្ងាត់ហើយឡើងទៅចាប់ខ្លួនទណ្ឌិតរូបនេះ បានហើយដាក់ឡានយកទៅញាត់គុកនៅទីណាមួយដោយគ្មានអ្នកណាដឹងឡើយ។ ទីបំផុត យន្តហោះដឹកសម រង្ស៊ី វិលមកចុះចតនៅភ្នំពេញដោយគ្មាន សម រង្ស៊ី មកជាមួយឡើយ។ ហើយដូច្នេះសូម្បីតែសកម្មជន របស់ខ្លួននៅកម្ពុជាក៏មិនដឹងថា មេខ្លួននៅទីណាផង។

សម្ពាធទី៤៖ មធ្យោបាយដែលអាចអនុញ្ញាតឲ្យ សម រង្ស៊ី វិលចូលស្រុកបានដោយគ្មានការចាប់ខ្លួនគឺមានតែការសុំអង្វរ សុំទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែម្តងនេះ មិនថាតែខ្ញុំនោះទេ គឺសូម្បីតែប្រជាពលរដ្ធទូទៅក៍ដូចជាអ្នកគាំក្រុមប្រឆាំងក៍គេ គ្មានការសង្ស័យហើយក៍ជឿថា លោក ហ៊ុន សែនទំនងជាលែងចិត្តទន់ចាញ់បោកសម រង្ស៊ី ដូច មុនៗទៀតហើយ ពីព្រោះការអត់ឱនទោសឲ្យម្តងជាពីរដងត្រូវបានសម រង្ស៊ី រមិលគុណហើយវាត់កន្ទុយនៅទីបំផុត។ ដូច្នេះលទ្ធភាពនេះក៏ច្បាស់ជាមិនអាចទៅរួចដែរហើយជាពិសេស នៅពេលនេះ គឺសហគមន៍អន្តរជាតិវិញ គេក៍កំពុងខ្វល់ខ្វាយពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

សរុបទៅ សម រង្ស៊ី ពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាព«ចុះទឹកក្រពើឡើងលើខ្លា» មានន័យថា បើសម្រេចចិត្តវិលចូលស្រុកដូចការប្រកាសយ៉ាងសឿងបឿងនោះ មិនខុសពីដើរមកឲ្យអាជ្ញាធរចាប់ញាត់គុកដោយស្រួលៗនោះឡើយគឺមិនដូចជាអ្វីដែល សម រង្ស៊ី ប្រកាសថា មកចាប់លោក ហ៊ុន សែន នោះឡើយ។ ម្យ៉ាងទៀត បើហ៊ានជាប់គុកមែន ច្បាស់ជានឹងត្រូវក្រុមកឹម សុខានិយមតិះដៀលវិញហើយព្រោះ សម រង្ស៊ី ធ្លាប់តិះដៀល លោក កឹម សុខាថា ជាប់គុកឥតប្រយោជន៍ និងធ្លាប់ដៀល លោក កែម ឡីថា ស្លាប់មិនបានការ។ ប៉ុន្តែ បើសម រង្ស៊ីមិនចូលស្រុកឲ្យទាន់ឆ្នាំ 2019 ទេ ច្បាស់ជាត្រូវអ្នលគាំទ្រតិះដៀលថាកំសាក បោកប្រាស់ ហើយក៍ធ្វើអោយខ្លួនកាន់តែបាត់បង់តំលៃពោលគឺ«ទឹកមាត់លែងប្រៃ»។ ខ្ញុំក៍បានកត់សំគាល់ឃើញផងដែរថា ឥឡូវនេះសម រង្ស៊ី ពឹងផ្អែកតែលើព័ត៌មានក្លែងក្លាយ និងការ ប្រឌិតរឿងទាំងស្រុងដើម្បីធ្វើជាអាវុធនយោបាយដែលជាវិធីសាស្ត្រ ពិភពលោកទាំងមូលបាននិងកំពុងស្អប់ខ្ពើមនិងប្រឆាំង។ ហើយនេះគឺជា
ស្ថានភាពទាល់ច្រក អស់សង្ឃឹម ថប់អារម្មណ៍របស់ សម រង្ស៊ីរហូតធ្វើឲ្យរោគចិត្តដែលមានជាប់ខ្លួនស្រាប់ធ្លាក់ចូលក្នុងសភាពនៃ ប្រភេទអ្នកជម្ងឺសរសៃប្រសាទ។

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ