(ភ្នំពេញ)៖ ជនរងគ្រោះដែលជាដើមបណ្តឹង រដ្ឋប្បវេណីពីររូប គឺអ្នកស្រី នួន ណារុំ និងអ្នកស្រី ចៅ ឡាង បានថ្លែងរៀបរាប់ពីទុក្ខសោក និងការបាត់បង់របស់ខ្លួន នៅក្នុងរបបខ្មែរក្រហម ជម្រាបជូនអង្គជំនុំជម្រះ សាលាដំបូងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅអំឡុងពេល នៃសវនាការស្តាប់ ព្យសនកម្មរបស់ជនរងគ្រោះ ក្នុងសំណុំរឿង ០០២/០២។
ជនរងគ្រោះ នួន សារុំ ថ្លែងថា ពួកគាត់មានការឈឺចាប់ណាស់ ចំពោះការបាត់បង់របស់អ្នកស្រី ដែលបង្កឡើងដោយរបបខ្មែរក្រហម ខណៈជនរងគ្រោះម្នាក់ទៀត គឺអ្នកស្រីចៅ ឡាង ដែលជាជនរងគ្រោះនៅ ការដ្ឋានការងារទំនប់ ១មករា បានពិពណ៌នាថាប្រជាពលរដ្ឋ នៅក្នុងរបបខ្មែរក្រហម ត្រូវបានគេចាត់ទុកដូចសត្វធាតុ។
អ្នកស្រី នួន ណារុំ ក៏បានសួរសំណួរទៅកាន់ជនជាប់ចោទ នួន ជា និងខៀវ សំផន តាមរយៈប្រធានអង្គជំនុំ ជម្រះសាលាដំបូងថា «តើការជម្លៀសប្រជាជន ចេញពីទីក្រុងទៅឱ្យធ្វើការហួសកម្លាំង មិនឱ្យហូបឆ្អែត តើលោកធ្វើ ដើម្បីអ្វី? ពួកលោកថ្លែងថា ស្រឡាញ់ប្រជាជន។ ស្រុកកើតសង្គ្រាម ប្រជាជនត្រូវរកកន្លែងជ្រក ដល់ពេលជម្លៀសទៅ ពួកលោកថា ពួកគេជាខ្មាំងពួកគេមិនដឹងអ្វីទេ។ លោកសម្លាប់មនុស្សរង្គាលម្តង ហើយម្តងទៀត តើលោកចង់យកជាតិសាសន៍ ណាមកដាក់នៅស្រុកខ្មែរឬយ៉ាងណា?»។
អ្នកស្រី នួន សារុំ បានសួរទៅជនជាប់ចោទថា «នៅពេលជម្លៀសប្រជាជន ក្រុមខ្មែរក្រហម បានចោទប្រជាជនថា មានទាក់ទងខ្សែសេអ៊ីអា របស់អាមេរិកជាដើម និងបានសួរថា ពេលប្រជាជនរងទុក្ខវេទនា តើពួកលោកនៅឯណា?»។
អ្នកស្រី នួន ណារុំ បានបន្តថា ពួកលោកបានបញ្ជាឱ្យ ពួកមូលដ្ឋានធ្វើបាបយើង សង្កេតការណ៍នៅគ្រប់ទីកន្លែង ក្រសែភ្នែករបស់ពួកគេមើល មកលើពួកយើងជាប្រជា
ជនថ្មីជាមនុស្សថោកទាប។
អ្នកស្រី ចៅ ឡាង ដែលជាជនរងគ្រោះម្នាក់ទៀត បានថ្លែងពីទុក្ខសោករបស់គាត់ ដែលទទួលរងនៅក្នុងរបបខ្មែរក្រហម ប្រាប់ទៅអង្គជំនុំជម្រះ ដោយបានរៀបរាប់ពីដំណើរជីវិតរបស់គាត់ នៅក្នុងរបបខ្មែរក្រហម។
អ្នកស្រីបានលើកឡើងថា ខ្មែរក្រហមបានសម្លាប់ បងរបស់អ្នកស្រីដោយចោទថាជា «ខ្មែរស»។ អ្នកស្រីបានថ្លែងថាអ្នកភូមិបាន ប្រាប់គាត់ថាបងប្រុសរបស់គាត់ និងប្រពន្ធរបស់គាត់ និងកូនអាយុ ៣ ឆ្នាំត្រូវបានខ្មែរក្រហម ចងនឹងច្រវ៉ាក់ ហើយ អូសបញ្ច្រាសជើង ដោយរទេះគោចូលទៅក្នុងព្រៃ។ អ្នកស្រីបានទទួលរង នូវជំងឺផ្សេងៗស្ទើរតែបាត់បង់ជីវិត នៅពេលចូលក្នុងការងារកងចល័ត នៅការដ្ឋានការងារទំនប់១មករា ក្នុងខេត្តកំពង់ធំ។ អ្នកស្រីបានថ្លែងថា អ្នកស្រីបានបំពេញ ការងារទាំងយប់ទាំងថ្ងៃ។ អ្នកស្រីបានថ្លែងថា អ្នកស្រីបានខិតខំប្រឹងប្រែងធ្វើ ការយ៉ាងខ្លាំងដើម្បី ចៀសផុតគេ
យកទៅសម្លាប់។
ចុងបញ្ចប់អ្នកស្រី ចៅ ឡាង តាមរយៈលោកប្រធាន អង្គជំនុំជម្រះសាលាដំបូង បានចោទសំណួរទៅកាន់ ជនជាប់ចោទថា៖ «លោកខៀវ សំផន ថ្លែងថាមិនដឹងពីការជម្លៀសប្រជាជន និងសម្លាប់ប្រជាជន តើនរណាជាអ្នក ធ្វើរឿងទាំងអស់នេះ? លោកខៀវ សំផន បានលើកឡើងថា មិនចង់និយាយជាមួយអ្នក ដែលមិនចង់ស្តាប់ តើជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់នេះមិនចង់ស្តាប់ គាត់ឬយ៉ាងណា?»។
ចំពោះសំណួររបស់ដើមបណ្តឹង រដ្ឋប្បវេណីទាំងពីររូបនេះ មិនត្រូវបានឆ្លើយតបដោយជនជាប់ចោទ នួន ជា និងខៀវ សំផន ទេ ដោយលោកចៅក្រម និល ណុន បានជម្រាបទៅកាន់ ជនរងគ្រោះទាំងពីរថា ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៥ មក ជនជាប់ចោទ ទាំងពីរបានរក្សាសិទ្ធិ នៅស្ងៀមមិនឆ្លើយតប ទៅនឹងសំណួរពីភាគីទាំងឡាយ ហើយរហូតមកទល់ពេលនេះជនជាប់ ចោទនៅតែរក្សាជំហរ មិនឆ្លើយតប នឹងសំណួររបស់អង្គជំនុំជម្រះ និងភាគីពាក់ពន្ធនានានៅឡើយទេ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានថ្លែងថា អង្គជំនុំជម្រះ សាលាដំបូង បានកំណត់យកថ្ងៃទី១ និងទី២ ខែកញ្ញាដើម្បីធ្វើសវនាការ ស្តាប់ទុក្ខសោករបស់ជនរងគ្រោះទាក់ទង នឹងការដ្ឋានការងារចំនួនបី គឺការការដ្ឋានការងារទំនប់ ១ មករា ការដ្ឋានការងារព្រលានយន្តហោះខេត្តកំពង់ឆ្នាំង និងការដ្ឋានការងារទំនប់ត្រពាំងថ្ម។
នៅក្នុងរយៈពេលពីរថ្ងៃនេះ ជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៤រូប នឹងត្រូវកោះហៅមកថ្លែងពីទុក្ខសោក និងការបាត់បង់របស់ខ្លួន។ អង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់ការសាកសួរ
ដេញដោលលើដើមបណ្តឹង រដ្ឋប្បវេណី និងសាក្សីចំនួន ១១ នាក់ទាក់ទងនឹងអង្គហេតុការដ្ឋានការងារទាំងបីនេះ៕