(ព្រះសីហនុ)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្រី្តសុខាភិបាលទូទាំងស្រុកព្រៃនប់ ដើម្បីបង្ហាញសមាសភាពបេក្ខជន តំណាងរាស្ត្រមណ្ឌល ខេត្តព្រះសីហនុ នៃគណបក្សប្រជាជនកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា។

លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអានរបាយការស្វាគមន៍ឱ្យដឹងថា លោកគ្រូ អ្នកគ្រូ និងមន្រី្តសុខាភិបាលទូទាំងស្រុកព្រៃនប់ មានសរុបរួមចំនួន៨៩៦នាក់ មានក្របខណ្ឌគ្រូមតេយ្យ គ្រូកម្រិតបឋម គ្រូកម្រិតមធ្យម គ្រូកម្រិតឧត្តម និងគ្រូខ្មែរឥស្លាម ចំនួន៤៦នាក់ មន្ត្រីសុខាភិបាល មានចំនួន១,០៩នាក់ មានសិស្សានុសិស្សទូទាំងស្រុកសរុបចំនួន១៨,២៩៨នាក់ មានវិទ្យាល័យសិក្សាចំនួនបី ក្នុងនោះសិស្សថ្នាក់ទី១២ មានចំនួន៤,៧៩នាក់។

លោក ប៉ុល សារឿន បានលើកឡើងថា មនុញ្ញផលរយៈពេល២០ឆ្នាំ នៃ សន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យដូចជា៖ វិស័យអប់រំ, សុខាភិបាល, ឧស្សាហកម្ម, ពាណិជ្ជកម្ម, ហេដ្ឋារចនា, សម្ព័ន្ធរូបវ័ន្ត, ស្ពានអាកាស, ផ្លូវក្រោមដី សំណង់អគារខ្ពស់ៗ កំណើនភ្ញៀវទេសចរណ៍ ការពារបានរឹងមាំ អធិបតេយ្យជាតិ ជាពិសេសរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ជាប្រចាំ ធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ។

លោកប្រធានក្រុមការងារបានបន្តថា តម្លៃនៃសន្តិភាពធ្វើឱ្យប្រទេសជាតិរីកចម្រើន បានលើកកម្ពស់កិត្យានុភាពជាតិគ្រប់កម្រិត ស្មើសិទ្ធិ ស្មើភាពជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ បានអំពាវនាវសូមលោកគ្រូ អ្នកគ្រូ បន្តពន្យល់អំពីតម្លៃ នៃសន្តិភាពដល់សិស្សា នុសិស្សឱ្យបានយល់ជ្រួតជ្រាប ដើម្បីរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។

លើសពីនេះទៀត ដើម្បីតបស្នងសងគុណចំពោះស្នាដៃ ដ៏មហិមារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិ បង្រួបបង្រួមជាតិ ការពារជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជា សូមប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ក៏ដូចជានៅខេត្តព្រះសីហនុទាំងអស់ ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីចូលរួមបន្តថែរក្សាសុខ សន្តិភាព ស្ថិរភាពក្នុងសង្គម ភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ទាំងមូល។

នៅក្នុងឱកាសនោះដែរលោក ប៉ុល សារឿន បានប្រាប់ឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានប្រឌិតរបាយការណ៍ ចោទប្រកាន់លើកងយោធពលខេមរភូមិន្ទ ត្រូវសិក្សាឱ្យបានច្បាស់ អំពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៤ ស្តីអំពីការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ហើយកឋាខណ្ឌ១ នៃមាត្រា២៥ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបុព្វជិតសាសនា ដែលមានបំណងឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោត ជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ពលរដ្ឋកម្ពុជា មានច្បាប់រដ្ឋធម្មនុញ្ញ ជាបន្ទាត់សម្រាប់ដើរ។ ដូច្នេះសូមកុំចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ជាបន្ត៕