(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារថ្នាក់កណ្តាល ​ចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាខាបក្ស​ និងសមាជិកគណបក្ស ចំណុះគណកម្មាធិការគណបក្សប្រជាជន ស្រុកបន្ទាយអំពិល។

ក្រោយពី​បាន​ស្តាប់​នូវរបាយការណ៍ ​ស្តីពី​ការចុះជួបសមាជិកបក្ស​ និងការដោះស្រាយ​បញ្ហា​ប្រឈម​នៅមូលដ្ឋាន​ របស់​ក្រុមការងារ​រួចមក​ លោក​ គន់​ គីម​ បានលើកសរសើរក្រុមការងារ​ និងថ្នាក់ដឹកនាំ​គណបក្ស​គ្រប់ថ្នាក់ ​ដែលបានសហការ​គ្នា​ល្អធ្វើសកម្មភាពព្រមៗគ្នា ​សម្រេចភាកិច្ចបានល្អប្រសើរ។

ទន្ទឹម​នេះលោក គន់ គីម ​ក៏បានក្រើនរំលឹកដល់ក្រុមការងារ​ និងថ្នាក់ដឹកនាំ​គណបក្សគ្រប់ថ្នាក់ ត្រូវបន្តសកម្មភាពចុះជួប​ប្រជាពលរដ្ឋ ​ឲ្យគ្រប់គ្នា ដើម្បី​ខិតខំស្វែងយល់ពីការថ្នាំងថ្នាក់​ និងបំណងប្រាថ្នា​របស់​ពួកគាត់​ និងដោះស្រាយបញ្ហាជូនពួកគាត់​ ពន្យល់​គាត់ឲ្យយល់ពីគណបក្សប្រជាជន​និងចូលរួម​​គាំទ្រ​គណបក្ស​ប្រជាជន​​។

លោកក៏ណែនាំ ឲ្យសមាជិកត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាជន​ ពង្រឹកអំពើល្អរបស់ខ្លួនដើម្បីទាញសមានចិត្តពីប្រជាពលរដ្ឋ​ លុបបំបាត់ភាពអសកម្ម និងអំពើទាំងឡាយណាដែលនាំឲ្យប្រជាពលរដ្ឋបាត់ជំនឿ​ ហើយក្រុម​ការងារ​ និងថ្នាក់ដឹកនាំ​គណបក្សគ្រប់ថ្នាក់​ ត្រូវ​បន្តការសាមគ្គី​ ឯកភាព​គ្នា​ទាំងឆន្ទៈ និងសកម្មភាព​​បាញ់ឆ្ពោះទៅមូលដ្ឋាន​ ត្រៀម​គ្រប់លក្ខណៈសម្បត្តិសម្រាប់បម្រើឲ្យ​​យុទ្ធការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ​៕