(ភ្នំពេញ)៖ ខណៈដែលស្ត្រី នៅតែមិនត្រូវបានរាប់បញ្ចូល ទៅក្នុងសកម្មភាពសេដ្ឋកិច្ច មេដឹកនាំចំនួន១៣នាក់ បានចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ អាស៊ីអាគ្នេយ៍ នៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើការតស៊ូមតិ សម្រាប់ស្ត្រី ក្នុងការចូលរួមសកម្មភាពហិរញ្ញវត្ថុ នៅទូទាំងតំបន់។

យោងតាមទិន្នន័យចុងក្រោយ របស់ធនាគារពិភពលោក ស្ត្រីជិត១ភាគ៣ នៅអាស៊ីអាគ្នេយ៍ មិនមានលទ្ធភាពប្រើប្រាស់គណនីធនាគារឡើយ។ ស្រ្តីនៅប្រទេសកម្ពុជា ក៏ជួបប្រទះ ឧបសគ្គស្រដៀងៗគ្នានេះដែរ។ នៅប្រទេសកម្ពុជា ខណៈដែលម្ចាស់អាជីវកម្មភាគច្រើន គឺជាស្ត្រី ពួកគាត់រមែងខ្វះធនធាន ឬលទ្ធភាព ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុនានា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារឯកទេសវីង, ក្នុងនាមជាសមាជិកផ្លូវការ របស់ក្រុមប្រឹក្សា លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា លោកពិតជាមានកិត្តិយស ដែលបានដើរតួនាទី ក្នុងការតស៊ូមតិសម្រាប់ស្ត្រី ក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ ទាំងក្នុងនាមជាអតិថិជន និងជាអ្នកបំពេញវិជ្ជាជីវៈ។

លោក ម៉ាឡូឡូស បន្ដថា នៅកម្ពុជាធនាគារឯកទេសវីង បានប្តេជ្ញាចិត្ត ក្នុងការបិទគំលាតនេះ ជាពិសេសសម្រាប់បុគ្គលិកជាកម្មករ និស្សិតសាកលវិទ្យាល័យ សហគ្រិន សហគ្រាស ធុនតូច និងមធ្យម។ ជាឧទាហរណ៍ ធនាគារឯកទេសវីង បានចូលរួមលើកទឹកចិត្ត និស្សិតសាកលវិទ្យាល័យ ឲ្យពួកគាត់បើកគណនីវីងរបស់ខ្លួន ជាលើកដំបូង និងរៀនពីរបៀបគ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោកថា វីងបានធ្វើការយ៉ាងសកម្ម ជាមួយបណ្តាញសហគ្រិននានា នៅក្នុងប្រទេស ដោយផ្តល់នូវវិធីសាស្រ្តងាយៗ សម្រាប់ពួកគាត់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើប្រតិបត្តិការផ្សេងៗ ប្រយោជន៍ផ្តល់ជាការរីកចម្រើន សម្រាប់អាជីវកម្មរបស់ពួកគេ។ ភាគច្រើន នៃសហគ្រិនទាំងនេះ គឺជាស្រ្តី ដែលប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយរាប់ចាប់ពីអ្នកលក់គ្រឿងទេស រហូតដល់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សិប្បកម្ម និងអ្នកផ្តល់សេវាកម្មផ្សេងៗ។

ក្រោមកិច្ចការលើកស្ទួយទាំងថ្នាក់ជាតិ ទាំងថ្នាក់អន្តរជាតិ លោក ម៉ាឡូ ឡូស មានទំនុកចិត្តថា កម្ពុជានឹងទទួលបាន នូវកំណើន នៃការចូលរួមរបស់ស្ត្រី និងការផ្តល់សិទ្ធិអំណាចរឹតតែច្រើន។ កិច្ចប្រជុំក្រុមប្រឹក្សាលើកដំបូង ដែលប្រព្រឹត្តនៅប្រទេសសិង្ហបុរី មានគោលបំណង ដើម្បីបង្កើតជាយុទ្ធសាស្រ្តរយៈពេលខ្លី និងវែង ដើម្បីផ្តល់លទ្ធភាព កាន់តែច្រើនដល់ស្ត្រី ក្នុងវិស័យហិរញ្ញវត្ថុ ក្នុងនាមជាអតិថិជន និងអ្នកប្រកបវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយលោកស្រី ជា សេរី អគ្គនាយកធនាជាតិនៃកម្ពុជា ជាអ្នកតំណាងមកពីប្រទេសកម្ពុជា។ ក្រុមប្រឹក្សាយោបល់អាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើង ក្រោយជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ដើម្បីតំណាងឲ្យវិស័យធនាគារឧស្សាហកម្ម បច្ចេកវិទ្យា រដ្ឋាភិបាល និងឧស្សាហកម្មទំនិញប្រើប្រាស់។

សូមបញ្ជាក់ថា ក្រុមប្រឹក្សានេះ នឹងបង្កើតយុទ្ធសាស្រ្ត និងវិធានការដ៏រឹងមាំ ក្នុងការបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធសំខាន់ៗ នៅទូទាំងតំបន់ ដែលមានគោលជំហរខ្ពស់ ក្នុងការជំរុញ ការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច៕