(កំពង់ស្ពឺ)៖ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ ទទួលបន្ទុកវិស័យទេសចរណ៍ បានបញ្ជាក់ប្រាប់ក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ឲ្យដឹងថា តាមការត្រួតពិនិត្យរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានគណៈកម្មការអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ ជាសេនាធិការ នាពេលកន្លងមកនោះ ឃើញថាតំបន់ភ្នំឱរ៉ាល់ មានសក្ដានុពលទេសចរណ៍សំខាន់ចំនួន៣ ក្នុងនោះរួមមាន ទេសចរណ៍ផ្សងព្រេងឡើងលើភ្នំ (Adventures) អាចរៀបចំជាព្រឹត្តិការណ៍កីឡាទេសចរណ៍ និងអាចរៀបចំជាតំបន់កសិទេសចរណ៍ អេកូទេសចរណ៍បានទៀតផង។

ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ក្រោមវត្តមានលោកអភិបាលខេត្ត វ៉ី សំណាង នៅសាលាខេត្តកំពង់ស្ពឺ នាពេលចាប់ផ្ដើមដំណើរបេសកកម្មលើកទី២ ឆ្ពោះទៅតំបន់ភ្នំឱរ៉ាល់នោះ លោក សុខ ភា បានបញ្ជាក់ថា ទន្ទឹងនឹងការមើលឃើញពីសក្ដានុពលទេសចរណ៍ នៅតំបន់ភ្នំឱរ៉ាល់នោះ លោកក៏ធ្លាប់បានឡើងដល់កំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់ដល់ទៅ ១,៨១៣ម៉ែត្រផងដែរ។

ក្នុងដំណើរបេសកកម្មឡើងលើភ្នំ ដែលខ្ពស់ជាងគេនៅកម្ពុជា នាពេលនោះ លោកបានចុះត្រួតពិនិត្យ និងសង្កេតឃើញថា តំបន់ភ្នំឱរ៉ាល់ពិតជាមានសក្ដានុពលទេសចរណ៍ខ្លាំងក្លា រហូតដល់គណៈកម្មការអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍របស់រដ្ឋបាលខេត្ត ចាត់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់ខ្លួនថែមទៀត។

លោកអភិបាលរងខេត្តថ្លែងយ៉ាងដូច្នេះថា «តំបន់នោះ (តំបន់ភ្នំឱរ៉ាល់) មានសក្តានុពលអាចបង្កើតជាតំបន់រមណីយដ្ឋាន ៣សំខាន់ តំបន់ទេសចរណ៍ផ្សងព្រេង ដូចជាជិះឡានម៉ូតូអូសរ៉ូត (Roadshow) សម្រាប់ទេសចរដែលចូលចិត្តផ្សងព្រេង ហើយមួយទៀត នៅជើងភ្នំអាចធ្វើជាតំបន់អេកូទេសចរណ៍ កសិទេសចរណ៍ ផ្ទះស្នាក់ជាដើម លក្ខណៈគ្រួសារនៅតាមជើងភ្នំ ព្រោះទីនោះទឹកធ្លាក់អាចងូតលេងបាន ហើយទឹកធ្លាក់នៅទីនោះធ្វើឲ្យសាច់ស ហើយអាចរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍ អ៊ីចឹងតំបន់នោះវាពិសេសបែបហ្នឹង»

លោក សុខ ភា បានបន្តថា ក្រៅពីតំបន់ទេសចរណ៍គិរីរម្យ ខេត្តកំពង់ស្ពឺមានតំបន់ទឹកធ្លាក់ជ្រាវ តេទឹកពោះ និងតំបន់ចំនួន២ទៀត ដែលទើបតែរកឃើញនាពេលថ្មីនេះ រួមមាន តំបន់ទេសចរណ៍ ដែលស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងតំបន់ទឹកធ្លាក់មួយកន្លែង ស្ថិតនៅក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ដែរ ដែលទើបរកឃើញដោយមន្ត្រីឧទ្យានុរក្ស និងទទួលបានព័ត៌មានពីអ្នកភូមិផងប្រមាណ១ខែមុន លោកថា នៅទីនោះមិនទាន់មានផ្លូវទៅដល់នៅឡើយទេ ហើយក៏មិនទាន់មានឈ្មោះដាក់ច្បាស់លាស់ទៀតផង

បើតាមលោកអភិបាលរងខេត្ត សុខ ភា រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្កើតជាគណៈកម្មការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មួយរួចហើយ ហើយបច្ចុប្បន្នក្រុមការងារនេះ កំពុងរៀបចំជាផែនការអភិវឌ្ឍន៍ទេសចរណ៍ជារួម ក្នុងខេត្តកំពុងស្ពឺតែម្ដង ក្នុងនោះក៏មានភ្នំឱរ៉ាល់ផងដែរ៕