(ភ្នំពេញ)៖ ក្នុងរបត់នយោបាយដែលអាម៉េរិក កំពុងពង្រីកឥទ្ធិពលក្នុងតំបន់អាស៊ី-អាគ្នេយ៍ ជែងនឹងឥទ្ធិពលរបស់ចិន ស្របពេលកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយវៀតណាម សម្ព័ន្ធមិត្តក្នុងយុគសម័យថ្មី របស់អាម៉េរិកនោះ កម្ពុជាត្រូវតែប្រឹងទប់លំ នឹងរបស់ខ្លួនឲ្យបានមាំមួនបំផុត។ លំនឹងដ៏មាំបំផុតនោះ គឺខ្មែរគ្រប់និន្នាការ ត្រូវតែរួបរួមគ្នា បើមិនដូច្នោះទេ អាម៉េរិកនិងសម្ព័ន្ធមិត្តរបស់គេ អាចប្រើគ្រប់មធ្យោបាយពិសពុល អូសកម្ពុជាទម្លាក់ក្នុងភ្លើងសង្រ្គាមដូចក្នុងទសវត្សរ៍ឆ្នាំ៧០ ជាក់ជាមិនខាន។
បន្ទាប់ពីការបរាជ័យក្នុងសង្រ្គាមឥណ្ឌូចិន នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ៧០ ជាមួយការបន្សល់ទុកនូវភាពសោកសៅ នៃគំនរសពទាហានអាម៉េរិក នៅវៀតណាមខាងត្បូង ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ព្រមទាំងគ្រាប់បែកជិត៣លានគ្រាប់នៅពាសពេញផ្ទៃប្រទេសកម្ពុជា ទំនាក់ទំនងអាម៉េរិក មានសភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ជាមួយប្រទេសនានា នៅឥណ្ឌូនចិន ដែលរួមមានវៀតណាម កម្ពុជា ឡាវ...។
ដោយសារតែការរីកសាយភាយខ្លាំងនៃឥទ្ធិពលរបស់ចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ បន្ទាប់ពីអាម៉េរិកនោះ នយោបាយអន្តរជាតិរបស់អាម៉េរិក នៅតំបន់អាស៊ី-អាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេស ស្ថិតក្នុងភូមិសាស្រ្តឥណ្ឌូចិន ក៏បានប្រែប្រួលយ៉ាងខ្លាំង។ អាម៉េរិក ត្រូវបានគេមើលឃើញថា កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនជាថ្មី ដោយបានរត់មកឱបជើង ឱបដៃ បណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ី-អាគ្នេយ៍ ក៏ដូចជាប្រទេសវៀតណាម គ្រាបណ្តាប្រទេសទាំងនេះកំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន ។
ការឆ្លៀតឱកាសចូលចាប់ដៃ និងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន នាបច្ចុប្បន្ននេះ ជាពិសេសប្រទេសវៀតណាម គូសត្រូវចាស់ក្នុងសង្រ្គាមត្រជាក់នាទសវត្សរ៍ឆ្នាំ៦០ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អាម៉េរិក កំពុងដណ្តើមអំណាច និង ទប់ស្កាត់ការសាយភាយឥទ្ធិពលរបស់ចិន នៅតំបន់ អាស៊ី-អាគ្នេយ៍។
យុទ្ធនាការពង្រីកមាឌនៅតំបន់អាស៊ី-អាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងអាម៉េរិក និង វៀតណាម បាននិងកំពុងក្លាយជាចំណីអារម្មណ៍ថ្មី មួយក្នុងសង្រ្គាមទំនាក់ទំនងអន្តរជាតិនាសតវត្សរ៍ទី២១នេះ។ អាម៉េរិក និងវៀតណាម ដែលធ្លាប់តែជាគូសត្រូវចាស់ក្នុងសម័យសង្រ្គាមឥណ្ឌូចិន បែរជាបំភ្លេចរាល់ប្រវត្តិឈឺចាប់ប្រកាសពង្រីកទំ នាក់ទំនងរវាងគ្នាយ៉ាងខ្លាំងក្លា។ ការពង្រីកទំនាក់ទំនងអាម៉េរិក-វៀតណាមរហូតមានការបំពេញ ដំណើរទស្សនកិច្ច របស់ប្រធានបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong ទៅ សេតវិមាន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ គឺជាបង្អួតសាច់ដុំ និងកំញើញទៅប្រទេសចិន។
មិនគិតដល់ភាពអាម៉ាស់ និងការស្លាប់រង្គាលទាហានរបស់ខ្លួន នៅក្នុងសង្រ្គាមវៀតណាមខាងត្បូង អំឡុងទសវត្សរ៍ ឆ្នាំ៦០ អាម៉េរិក បានប្រកាសជំហរមិន អល់អែក ក្នុងការជួយការពារ ផលប្រយោជន៍របស់វៀតណាម ថែមទាំងមិននឹកនាដល់បញ្ហាគោរពសិទ្ធិមនុស្ស និងការប្រណិបតន៍គោលការណ៍ ប្រជាធិបតេយ្យរបស់វៀតណាម ដែលអាម៉េរិកតែងតែយកធ្វើចំណោទបញ្ហាជាមួយប្រទេស មិនមែនជាសម្ព័ន្ធមិត្តរបស់ខ្លួននោះផងដែរ។
ទំនោរនយោបាយថ្មី នៃទំនាក់ទំនងស្អិតល្មួតអាម៉េរិក-វៀតណាម និង ទំនាក់ទំនងចាក់ទឹកមិនលិច រវាងកម្ពុជា-ចិន នាពេលបច្ចុប្បន្នអាចឈានដល់ របត់នយោបាយមួយ ដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ប្រសិនបើគ្មានជំហរទប់លំនឹងខ្លួនឯងឲ្យបាននឹងធឹងទេនោះ។ របត់នយោបាយក្នុងសតវត្សរ៍ថ្មីនេះ ដើម្បីមហិច្ឆតាវាតទីអំណាចជែងនិងមហាអំណាចចិន អាម៉េរិក បាននិងកំពុងប្រើនយោបាយក្រសោបយកទាំងអស់ នូវប្រទេសណា ដែលមានជម្លោះជាមួយចិន ដោយមិនដាក់លក្ខខណ្ឌអ្វីទាំងអស់។ ជាពិសេសការភ្ជាប់ទំនាក់ទំនងស៊ីជម្រៅដ៏ភ្ញាក់ផ្អើលរវាងអាម៉េរិ និង វៀតណាម។
ការពង្រីកទំនាក់អាម៉េរិក-វៀតណាម វាមិនត្រឹមតែរាំងខ្ទប់អំណាចរបស់ចិននោះទេ តែវាក៏កំពុងបង្កជាគ្រោះចំពោះ ប្រទេសសម្ព័ន្ធមិត្តរបស់ចិនផងដែរ។ កម្ពុជា ដែលជាប្រទេសតូចមួយក្នុងតំបន់អាស៊ី-អាគ្នេយ៍ និង ជាប្រទេសធ្លាប់ រងនូវភ្លើងសង្រ្គាមយ៉ាងជូរចត់ក្នុងការពង្រីកឥទ្ធិពលរបស់មហាអំណាច (អាម៉េរិក រុស្ស៊ី ចិន) ក្នុងសម័យសង្រ្គាម ត្រជាក់ឥណ្ឌូចិន បាននិងកំពុងទទួលចំហាយនេះជាថ្មីម្តងទៀតហើយ។
ដើម្បីចង់បង្ហាញពីការយកចិត្តទុកដាក់ទៅលើសម្ព័ន្ធមិត្ត ក៏ដូចជាការវាយបកទៅគូសត្រូវជែងអំណាចរបស់ខ្លួន អាម៉េរិកបានបង្ហាញសាច់ដុំរបស់ខ្លួនភ្លាមៗ មកលើកម្ពុជា។ នៅក្នុងអំឡុងខែកក្កដានេះ អាម៉េរិក បានចេញរបាយការណ៍ស្តីបញ្ហាសិទ្ធិមនុស្ស ដែលក្នុងនោះ អាម៉េរិកបានធ្វើការរិះគន់ និងវាយប្រហារ ជ្រៀតជ្រែកយ៉ាងខ្លាំងមកលើ ដែនអធិបតេយ្យរបស់កម្ពុជា។
ការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ទោះសកម្មភាពនេះធ្វើដោយអនុឡោមតាមច្បាប់អន្តោប្រវេសន៍ យ៉ាងត្រឹមត្រូវយ៉ាងណាក្តី តែអាម៉េរិកចេញសេចក្តីថ្លែងការណ៍រិះគន់កម្ពុជាថា មិនគោរពសិទ្ធិជនជាតិភាគតិចនៅកម្ពុជាឲ្យបានល្អប្រសើរ។
ក្រៅពីនេះអាម៉េរិក ព្យាយាមជ្រៀតជ្រែកក្នុងបញ្ហាផ្សេងៗជាច្រើនទៀត ដោយយកបញ្ហាសិទ្ធិមនុស្សក៏ដូចជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ ធ្វើជាចំណោទដាក់បន្ទុករិះគន់ និងវាយប្រហារមកលើកម្ពុជា។ ព្រមទាំងព្យាយាមលូកដៃចូលក្នុងសកម្មភាពតវ៉ាជាច្រើនផ្សេងទៀត។
កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា កន្លងទៅនេះ អាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញកង្វល់របស់ខ្លួនទៅលើដំណើរការក្តីរបស់សាលាដំបូង រាជធានីភ្នំពេញ ក្នុងការផ្តន្ទាទោសលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ ១០នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី៧ ទៅ២០ឆ្នាំ។
អាម៉េរិក បានហៅការផ្តន្ទាទោសនេះថា ការសម្រេចមួយមិនសមស្រប ព្រមទាំងទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញផងដែរ ទោះបីសំណុំរឿងមួយនេះ ត្រូវតុលាការប្រកាសបញ្ជាក់អង្គហេតុ និង ភស្តុតាងយ៉ាងច្បាស់ លាស់ទៅហើយក្តី។ អំពើហិង្សារបស់ជនជាប់ចោទទាំង ១១នាក់ មិនត្រឹមតែបង្ករបួសស្នាមដល់មន្រ្តីសាធារណៈ ហើយក៏ជាហិង្សាស្តែងឲ្យឃើញពីចរិតឃោរឃៅជាទីបំផុតផងដែរ។
មិនតែប៉ុណ្ណោះសកម្មភាពទាំងអស់នេះ ក៏ជាការតវ៉ា មានចរិតនយោបាយ ឬជាការតវ៉ាមានចរិតក្នុងការវាយផ្តួលរំលំរាជរដ្ឋាភិបាល ដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើងយ៉ាងផុលផុសក្នុងប្រទេសនៅតំបន់មជ្ឈឹមបូព៌ា ហើយសុទ្ធតែមានការគាំទ្រពីក្រោយដោយសហរដ្ឋអាម៉េរិក។ ការចេញមកការក្រុមអ្នកតវ៉ាល្មើសនឹងច្បាប់ របស់កម្ពុជា ពីសំណាក់សហរដ្ឋអាម៉េរិក វាក៏មិនខុសពីការគាំទ្ររបស់ពួកគេទៅក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ក្នុងមជ្ឈឹម បូព៌ានោះដែរ។
ចម្ងល់ជាច្រើនបានលើកឡើងថា ហេតុអ្វីអាម៉េរិក បានលើកចំណោទបញ្ហាការគោរពសិទ្ធិមនុស្ស និង គោលការណ៍ លិទ្ធិប្រជាធិបតេយ្យ ចំពោះតែកម្ពុជា? ចុះហេតុអ្វីអាម៉េរិក មិនបានលើកបញ្ហាទាំងនេះ ទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាថៃ និងវៀតណាម ដែលការគោរពសិទ្ធិមនុស្ស និងការគោរពប្រណិបតន៍លើ ដំណើរលិទ្ធិប្រជាធិបតេយ្យ កំពុងមានសភាពធ្ងន់ធ្ងរ ជាងកម្ពុជាទៅទៀតនោះ?
កាយវិការនេះសបង្ហាញឲ្យឃើញថា បញ្ហាសិទ្ធិមនុស្ស និង គោលការណ៍លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្រាន់តែ ជាធូលីដ៏តូចមួយ ដែលអាម៉េរិកយក ធ្វើជាខែលបិទបាំង ភ្នែកពលរដ្ឋកម្ពុជា និងប្រជាជាតិលើពិភពលោក នូវពុតត្បុតអាក្រក់របស់ខ្លួនតែប៉ុណ្ណោះ។ ទិសដៅពិតរបស់អាម៉េរិក គឺគេចង់រុកគួនកម្ពុជា ដែលជាសម្ព័ន្ធមិត្ត របស់ចិន ដៃគូ ជែងអំណាច របស់គេមិនឲ្យរស់នៅបានសុខប៉ុណ្ណោះ។ ការវាយសំពងកម្ពុជា វាក៏ដូចជាការ វាយសំពងចិនដូច្នោះដែរ។
ការប៉ុនប៉ងសម្រេចមហិច្ឆតាពង្រីកអំណាច និងឥទ្ធិពលរបស់អាម៉េរិកនៅកម្ពុជានេះ អាចនឹងធ្វើឲ្យកម្ពុជាធ្លាក់ខ្លួន ក្នុង ភ្លើងសង្រ្គាមជាថ្មីជាក់ជាមិនខាន ប្រសិនបើទប់លំនឹងរបស់ខ្លួនមិនបានល្អទេនោះ គ្រាដែលអាម៉េរិក-វៀតណាម រឹតសម្ព័ន្ធភាព ហើយបែរកម្ពុជា មានបញ្ហាព្រំដែនយ៉ាង រន្ធើនជាមួយប្រទេសវៀតណាម។
ប្រជាពលរដ្ឋកម្ពុជាទូទាំងនគរសុទ្ធតែនៅចាំយ៉ាងច្បាស់ថា ភាពអន្តរាយ និង ភាពហិនហោចរបស់កម្ពុជា នាទស វត្សរ៍ឆ្នាំ៧០ គឺមានការចូលរួមចំណែកយ៉ាងធំពីសហរដ្ឋអាម៉េរិក។ រដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងនៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ពីសំណាក់សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ មិនអាចកើតមានទៅរួចឡើយ ប្រសិនបើគ្មានការគាំទ្រពីអាម៉េរិក។
ការគាំទ្ររបស់អាម៉េរិក ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ វាមិនមែនជារឿងជួយជ្រោមជ្រែងសាងភាពរីកចម្រើនដល់កម្ពុជាអីនោះទេ តែជានយោបាយសងសឹករបស់អាម៉េរិក ព្រះអង្គតែម្តង។ សងសឹកព្រោះតែ អាម៉េរិក ខឹងសម្តេច នរោត្តម សីហនុ បានផ្តល់ជម្រក និង ផ្លូវតាមខ្សែបន្ទាត់ព្រំដែនសម្រាប់កងទ័ពយៀកកុងរបស់ ហូ ជីមីង ធ្វើដំណើរ និងដឹកជញ្ជូនស្បៀងពីហាណូយ ទៅវាយប្រហារកងទ័ពវៀតណាមខាងត្បូង ដែលគាំទ្រដោយអាម៉េរិក នាទសវត្សរ៍ឆ្នាំ៦០។
ការពិតទៅអាម៉េរិក មិនអាចបន្ទោសសម្តេច ព្រះនរោត្តម សីហនុ ទៅចងសម្ព័ន្ធភាព ជាមួយ ហូ ជីវមិញ បាននោះ ឡើយ អាម៉េរិក គួរតែនៅចាំបានថា ការដែលព្រះអង្គ ចងសម្ព័ន្ធភាពជាមួយ ហូ ជីមិញ វាយប្រហារកងទ័ព វៀតណាមខាងត្បូង ព្រោះតែកងទ័ពវៀតណាមខាងត្បូង បានធ្វើសកម្មភាពមួយចំនួនទន្ទ្រានយកដែនសមុទ្រ និង កោះរបស់កម្ពុជា ក្នុងអំឡុងពេលធ្វើសង្រ្គាមនោះ។
ព្រោះតែមិនចង់ពាក់ព័ន្ធ និង ហូរចូលទៅក្នុងសង្រ្គាមវៀតណាមនេះ សម្តេចព្រះនរោត្តម សីហនុ ក៏ព្យាយាមស្វែងរកការគាំទ្រ ពីប្រធានាធិបតីអាម៉េរិក លោក ចន ខេននឺឌី ឲ្យទទួលស្គាល់អព្យាក្រឹតភាព និងអធិបតេយ្យរបស់កម្ពុជា តែលោកប្រធានាធិបតីអាម៉េរិក មិនគាំទ្រលើសំណើសម្តេច សីហនុ ឡើយ។ មានន័យថា អាម៉េរិកបន្តគាំទ្រវៀតណាមខាងត្បូង ក្នុងសកម្មភាពទន្ទ្រានដែនកោះ និងសមុទ្ររបស់កម្ពុជា។
ផ្ទុយទៅវិញ គ្រាកម្ពុជារងគ្រោះនូវការទន្រ្ទាននេះ មានតែប្រទេសចិនប៉ុណ្ណោះ បានប្រកាសជំហរគាំទ្រសំណើរបស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីដាក់កម្ពុជា ជារដ្ឋអព្យាក្រឹត និងមិនពាក់ព័ន្ធសង្រ្គាមប្រទេសជិតខាង ដែលនេះហើយ ជាដើមចមនាំឲ្យចំណងមិត្តភាពកម្ពុជា-ចិន ចាក់គ្រឹះយ៉ាងជ្រៅ រហូតដល់បច្ចុប្បន្ននេះ។
រឿងរ៉ាវប្រវត្តិសាស្រ្តមួយនេះប្រជាពលរដ្ឋកម្ពុជា ជឿជាក់ថា អាម៉េរិក នៅតែចងចាំ ហើយចងចាំយ៉ាងច្បាស់ទៅទៀត។
អាម៉េរិក ដែលគោលនយោបាយបរទេសរបស់ខ្លួន ដល់ពេលដកខ្លួនចេញពីសង្រ្គាម នៅឥណ្ឌូចិនហើយនោះ បែរជាលូកដៃចូលផ្ទៃក្នុងរបស់កម្ពុជា គាំទ្រក្រុមសម្ព័ន្ធមិត្ត លោកសេនាប្រមុខ លន់ នល់ និង ព្រះអង្គ សិរីមតៈ ធ្វើរដ្ឋ ប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ទៅវិញ។ នេះសបញ្ជាក់ថា អាម៉េរិក គាំទ្រលោក លន់ នល់ ដើម្បីតែសង សឹកសម្តេចព្រះនរោត្តម សីហនុ តែអាម៉េរិក មិនបានគិតគូរដល់ជោគវាសនារបស់ប្រជាជនកម្ពុជា ធ្លាក់ក្នុងអន្លង់ភ្លើងសង្រ្គាម យ៉ាងខ្លោចផ្សារវេទនាជាទីបំផុតនោះទេ។
ជាមួយការដឹកដៃកម្ពុជាចូលទៅគ្រោះ ភយន្តរាយហើយ អាម៉េរិកបានទម្លាក់គ្រាប់បែកចង្កោមប្រមាណជិត ៣លានគ្រាប់ ក្នុងរយៈប្រមាណ ៣ឆ្នាំប៉ុណ្ណោះ (១៩៧០-១៩៧៣)។ គ្រាប់បែកទាំងនេះបានកម្ទេចនូវប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ និង ផ្តាច់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ រាប់សែននាក់ ហើយគ្រាប់បែកទាំងនោះ បន្តប្រល័យជីវិតពលរដ្ឋកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន។
ជារួមមកវិញអាម៉េរិក អាចនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីជះឥទ្ធិពលមកលើកម្ពុជា និងបន្សាបឥទ្ធិពលកម្ពុជា ពីចិន ដោយមិនគិតថា មធ្យោបាយនោះ ពិសពុលប៉ុណ្ណានោះឡើយ។ អាម៉េរិក និងវៀតណាម អាចនឹងរួមគ្នាខាំលើ កម្ពុជា ដើម្បីទទួលបានប្រយោជន៍ទាំងសងខាងដោយមួយទទួលបានផល ប្រយោជន៍លើនយោបាយអន្តរជាតិបន្សាបឥទ្ធិពលចិន និង មួយទៀត ទទួលបានផលប្រយោជន៍ក្នុងបញ្ហាព្រំដែនជាមួយកម្ពុជា។
ដើម្បីរំដោះទុក្ខកម្ពុជាមិនឲ្យធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយដូចអតីតកាល ដោយសារការទាញទម្លាក់របស់អាម៉េរិក នោះ ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ គ្រប់ពណ៌សម្បុរត្រូវតែដឹងបញ្ហារបស់ខ្លួនឲ្យបានច្បាស់ ជាពិសេសការ រួបរួមសាមគ្គីគ្នា ប្រយុទ្ធនឹងបញ្ហា និងគូសត្រូវរួមរបស់ជាតិ គឺជាមធ្យោបាយ ដែលល្អបំផុត។ ពោលធ្វើយ៉ាងណា កុំ ឲ្យអាម៉េរិក និងគូសត្រូវរបស់កម្ពុជា ប្រើមធ្យោបាយបំបែកបំបាក់ និងបង្កចលាចលក្នុងសង្គម ដូចនៅមជ្ឈឹមបូព៌ាឲ្យសោះ។
ពលរដ្ឋ និងអ្នកនយោបាយខ្មែរ ត្រូវយកគំរូរបស់ចិនប៉េកាំង និងចិនតៃវ៉ាន់ ត្បិតពួកគេមាននិន្នាការនយោបាយខុស គ្នា តែពួកគេនៅតែអាចរួមគ្នាបាន ដើម្បីកម្ចាត់សត្រូវរួម។ គេនៅចាំបានថា ក្នុងសង្រ្គាមជាមួយវៀតណាម ដើម្បី វាយដណ្តើមយកដែនការប៉ារ៉ាសែល និងស្ព្រាត់លី នាអំឡុងចុងទសវត្សរ៍ឆ្នាំ៧០ នាយករដ្ឋមន្រ្តីចិន លោក ជូ អេង ឡាយ បានបង្ហាញកង្វល់យ៉ាងខ្លាំង ព្រោះខ្លួនមិនមានផ្លូវសមុទ្រ ដើម្បីបើកការវាយប្រហារទៅលើវៀតណាម ឲ្យ បានឆាប់ ត្បិតដែនសមុទ្រទៅកាន់ប្រទេសវៀតណាម ត្រូវបានគ្រប់គ្រងដោយប្រធានធិបតីចិនតៃវ៉ាន់ លោក ចាង ខៃចៀក។
ឆ្ឆើយតបបញ្ហានេះ មេដឹកនាំកំពូល លោក ម៉ៅ សេទុង ហាក់បានយល់សណ្តាន និងទឹកចិត្ត លោក ចាង ខៃចៀក យ៉ាងច្បាស់ថា នឹងមិនប្រឆាំងដំណើរកងទ័ពរបស់ខ្លួន ទៅវាយកងទ័ពវៀតណាមនោះឡើយ ហើយបាន បញ្ជាឲ្យលោក ជូ អេងឡាយ ដឹកនាំទ័ពឆ្លងកាត់ដែនសមុទ្ររបស់ចិនតៃវ៉ាន់តែម្តង។ ទីបំផុតការគិតរបស់លោកប្រ ធាន ម៉ៅ សេទុង ពិតជាត្រឹមត្រូវ ការធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅវាយប្រទេសវៀតណាម ដើម្បីដណ្តើមដែនកោះ និងសមុទ្ររបស់កងទ័ពចិនប៉េកាំង មិនត្រឹមតែកងទ័ពចិនតៃវ៉ាន់ មិនចេញនាវាចម្បាំងមករារាំងនោះទេ គេនៅបាន បើកភ្លើងហ្វាបំភ្លឺផ្លូវស្វាគមន៍កងទ័ពចិនប៉េកាំង ក្នុងដំណើរទៅវាយដណ្តើមដែនកោះ និង ដែនសមុទ្រពីវៀតណាម ថែមទៀតផង។
នេះជាទឹកតាំងបញ្ជាក់ច្បាស់ពីសណ្តាន និងសារជាតិរបស់ជនជាតិចិន ទោះបីពួកគេមាននិន្នាការនយោបាយខុស គ្នា ពួកគេមានគំនុំធំយ៉ាងណាក្តី ប៉ុន្តែនៅពេលសត្រូវរួមមកដល់ ពួកគេតែងតែរួបរួមគ្នាជានិច្ច។ ដូច្នេះខ្មែរ ត្រូវយកគំរូ ដ៏អស្ចារ្យមួយនេះពីប្រទេសចិន ដើម្បីរក្សាអធិបតេយ្យកម្ពុជា ក្នុងដែនសន្តិភាព ឲ្យចៀសផុត ពីមហិច្ឆតា អាក្រក់ របស់អាម៉េរិក ឬ គូសត្រូវព្រំដែនរបស់ខ្លួន ត្រូវតែទម្លាក់ចោលនូវបញ្ហានយោបាយអមិត្ត ហើយ រក្សាភាពស្ងប់ស្ងាត់ រួម គ្នាគិត រួមគ្នាធ្វើ ប្រយុទ្ធគូសត្រូវ ដើម្បីយកសេចក្តីសុខ និងជ័យជម្នះជូនជាតិ និង ប្រជាជនកម្ពុជា ៕
ដោយ៖ វ៉ាន់ សារាយ