(ភ្នំពេញ)៖ មន្រ្តីតុលាការកំពូល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះថា តុលាការ ពេលនេះកំពុងពិនិត្យមើលពាក្យបណ្តឹងសើរើថ្មីមួយទៀតរបស់ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់ តុលាការកំពូល ដែលមិនលើកយក សំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ» មកជម្រះជាថ្មី។

បណ្តឹងសើរើថ្មីនេះ ត្រូវមេធាវីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន គឺលោក ផែង ហេង​ បានយកទៅដាក់នៅតុលាការកំពូល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណង ប្តឹងតវ៉ាលើដីកាសម្រេចលេខ៤៨៨ ៤៨៩ និង៤៩០ ដស ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដែលតុលាការបានច្រានចោលបណ្តឹង លោក អ៊ូ ច័ន្ទរ័ត្ន ទាក់ទងនឹងបណ្ដឹងសុំឱ្យជំនុំជម្រះសាជាថ្មីលើសំណុំរឿងលេខ៣៤០(ឆ) ទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិ, ការសុំឱ្យចេញរក្សាការពារ សមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ និងបណ្ដឹងទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ។

សូមបញ្ជាក់ថា តុលាការកំពូលកម្ពុជា​ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញដីកាសម្រេចមួយថា ខ្លួននឹងមិនលើកយកករណី «រំលាយគណបក្ស សង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ។ សេចក្តីសម្រេចរបស់តុលាការកំពូល គឺជាការទាត់ចោលនូវបណ្តឹងរបស់ អតីតសមាជិកជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានដាក់ពាក្យប្តឹងសើរើ ដើម្បីតុលាការកំពូលបើកសវនាការឡើងវិញ ចំពោះការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងកាត់ទោសមិនឱ្យមេដឹកនាំគណបក្សនេះ១១៨រូប ចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល៥ឆ្នាំ។

ដីកាសម្រេចរបស់តុលាការកំពូល​ បានលើកយកសំអាងហេតុចំនួន៤ចំណុច​ ក្នុងការសម្រេចមិនលើកយកសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ​ មកជំនុំជម្រះសាជាថ្មី​ ដោយតែតាមមាត្រា៤៥ថ្មី​ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ​ សាលដីកាលេខ៣៤០​ (ឆ) ចុះថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ របស់តុលាការកំពូលនេះ​ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មី​ទេ​ គឺ​សាលដីកាដែលបិទផ្លូវតវ៉ា​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ តុលាការកំពូល បានចេញសាលដីកា​រមួយ កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ និង​ ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​ ហើយសម្រេច​បិទ​ផ្លូវ​តវ៉ា​ ។ ក្រោយពេលមានការកាត់ទោសនេះ ​ក្រសួង​មហាផ្ទៃ​ ក៏​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ហើយស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​​ ក៏ត្រូវបានទម្លាក់រួចរាល់​ហើយ​ដែរ​៕