(ភ្នំពេញ)៖ តាមការចាត់តាំង របស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាអំពី គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន នៅសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចសិក្សានេះ ចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងសៀងហៃ និងទីក្រុងចុងឈីង។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក ប៉ែន សុវិជាតិ អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ក៏បានអញ្ជើញចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ។

ដំណើរទស្សនកិច្ចសិក្សានេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើការសិក្សាអំពីសមិទ្ធលទ្ធភាពគម្រោង ជាពិសេសអំពីជម្រើសគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់ប្រទេសចិន ដែលសមស្របនឹងបរិបទរបស់កម្ពុជា សម្រាប់ជាមូលដ្ឋានក្នុងការរៀបគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានចិន ដែលគម្រោងនេះមានគោលដៅបំពេញបន្ថែម ឱ្យការអនុវត្តគោល នយោយជំរុញផលិតកម្ម សូ្រវនិងការនាំចេញអង្កររបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការសាងសង់ឃ្លាំងស្តុកស្រូវសាធារណៈ, ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានជាទុន បង្វិលដល់វិស័យឯកជន និងបង្កើនការនាំចេញអង្ករ ពិសេសការនាំចេញទៅកាន់ប្រទេសចិន។

ប្រជាកសិករដ៏ច្រើនលើសលុប នៅទូទាំងប្រទេសនឹង ទទួលបាននូវផលប្រយោជន៍ ជាអតិបរិមាពីគម្រោងនេះ នៅពេលគម្រោងដំណើរការ ពិសេសតាមរយៈការសាងសង់ឃ្លាំង ស្តុកស្រូវអង្ករ សាធារណៈរបស់គម្រោង ព្រោះប្រជាកសិករអាចយកនូវផលស្រូវរបស់ខ្លួន ទៅរក្សាស្តុកទុកនៅក្នុងឃ្លាំងស្តុកស្រូវអង្ករសាធារណៈ នៅក្នុងរដូវប្រមូលផល ដែលធម្មតាតម្លៃស្រូវតែងតែមានថ្លៃធ្លាក់ចុះ ដោយរង់ចាំលក់វិញនៅពេលដែលតម្លៃស្រូវឡើងថ្លៃ។

លើសពីនេះប្រជាកសិករអាចប្រើប្រាស់នូវវិក័យប័ត្របញ្ជាក់ការផ្ញើស្រូវ (Warehouse Receipts) ដែលចេញដោយឃ្លាំងស្តុកស្រូវអង្ករសាធារណៈ មកធ្វើការទ្រព្យបញ្ចាំក្នុងការទទួលនូវប្រាក់កម្ចីពីធនាគារ ដើម្បីសងបំណុលជំពាក់គេ (Refinance) ថែមទៀត។ ទន្ទឹមនឹងនេះ តាមរយៈការប្រើប្រាស់វិក័យប័ត្របញ្ជាក់ការផ្ញើស្តុកស្រូវអង្ករនេះដែរ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករ ក៏អាចទទួលនូវហិរញ្ញប្បទានបន្ថែមពីធនាគារ សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងការប្រមូលទិញផលស្រូវ មកស្តុកទុកដើម្បីធ្វើការកែច្នៃនាំចេញ ពិសេសនៅក្នុងរដូវប្រមូលផល ព្រោះកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករពុំមានទុនបង្វិលគ្រប់គ្រាន់ដើម្បីប្រមូលទិញស្រូវឱ្យអស់ពីកសិករ នៅក្នុងរដូវប្រមូលផលនៅឡើយទេ ដែលប្រការនេះបានធ្វើឱ្យផលស្រូវរបស់កម្ពុជា ត្រូវហូរចេញទៅប្រទេសជិតខាង។

ជារួមគម្រោងនេះ នឹងជួយលើកកម្ពស់ផលិតភាព ពិសេសតម្លៃបន្ថែមនៅក្នុងគ្រប់ដំណាក់កាល នៅក្នុងខែ្សសង្វាក់នៃវិស័យស្រូវ-អង្ករទាំងមូល។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូបានធ្វើការពិភាក្សាការងារជាមួយលោក Weng Jieming អភិបាលរងក្រុងចុងឈីង និងធ្វើការពិភាក្សាជាមួយតំណាងក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការផ្ទាល់ នៅវិស័យស្រូវអង្ករ ជាពិសេសការវិនិយោគ និងការគ្រប់គ្រងប្រតិបតិ្តការរបស់ឃ្លាំងស្តុក ស្រូវអង្ករនិងស្បៀង អាហារផ្សេងទៀត ៕www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com