(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចទាំង ១២ខណ្ឌ ត្រូវពិនិត្យមើលឡើងវិញនូវ ទីតាំងកុងស៊ីបញ្ចាំទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលកុងស៊ីបញ្ចាំទាំងនេះជាហេតុផលនាំឲ្យ កើតមានបទល្មើសដូចជា ចោរប្លន់ ចោរលួច និងចោរឆក់ជាដើម។

នៅក្នុងឱកាសប្រកាសតែងតាំងអភិបាលខណ្ឌច្បារអំពៅថ្មី លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា «បញ្ហាកុងស៊ីបញ្ចាំ នៅតែជាបញ្ហាមួយ ដែលត្រូវគិតគូរឡើងវិញ ដែលជាហេតុផលមួយ បង្កើតឲ្យមានចោរកម្ម ដែលទាមទារឲ្យរៀបចំឡើងវិញ ពីព្រោះថា នៅពេលដែលគេយកម៉ូតូទៅបញ្ចាំមិនមានឯកសារ ក៏កុងស៊ីបញ្ចាំទទួលយក ដែលនេះជារឿងទោសទណ្ឌតាមច្បាប់។ អាជ្ញាធរត្រូវ ធ្វើកិច្ចការងារទាំងអស់ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងបម្រើ ទាំងបង្រ្កាប ទាំងណែនាំឲ្យអនុវត្តច្បាប់ ហើយចង់ធ្វើអាជ្ញាធរ កុំត្អូញត្អែរ រអួរថាហត់ ហើយហត់សម្រាកទៅ ហើយអាចដាក់ពាក្យឈប់បាន»

ជាមួយគ្នានេះពាក់ព័ន្ធល្បែងស៊ីសងក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យចុះបង្ក្រាបជាបន្តបន្ទាប់ «ត្រូវតែចាប់ និងបង្រ្កាប ​ហើយបើចាប់លែងៗ មិនចាប់ទេ គឺត្រូវចាប់បញ្ជូនទៅតុលាការតែម្តង»

សូមបញ្ជាក់ថា បញ្ហាកុងស៊ី និងកន្លែងបញ្ចាំទ្រព្យសម្បត្តិជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ បានក្លាយជាជំងឺមហារីកទៅហើយ ដែលអាជ្ញាធរ និងសមត្ថកិច្ចមិនដែលអនុវត្ត ឲ្យមានប្រសិទ្ធភាពនោះឡើយ ពោលមុខសញ្ញាខ្លះបានយកទ្រព្យសម្បត្តិដែលលួចបាន ឆក់បាន និងប្លន់បាន ទៅដាក់បញ្ចាំដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយទីតាំងខ្លះទៀតសោត មិនបានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ៕