(ឧត្តរមានជ័យ)៖ លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយបានការចាត់តាំង ពីលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា ព្រះរាជអំណោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានដឹកនាំគណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិកសិក្សា និស្សិតថ្នាក់បណ្ឌិត យុវជនស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា សហការ សប្បុរសជន និងចូលរួមឧបត្ថម្ភហាងកាហ្វេតាមាន់ធំ៧៨៩ និងក្រុមការងារវិទ្យុ ABC និង បានដឹកនាំដំណើរទស្សនកិច្ច សំណេះសំណាលជាមួយ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច (ថ្មើរជើងលេខ ៤២) ចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់បងប្អូនមកងទ័ពនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។

អំណោយទាំងអស់នោះ រួមមានដូចជា៖ អង្ករ មី ត្រីខ សាប៊ូ ភេសជ្ជៈ ផ្លែឈើ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីឆន្ទៈ មនសិការ ស្មារតីរួបរួមខ្លាំងខ្លា និងគោលជំហរឧបត្ថម្ភគាំទ្របងប្អូនកងទ័ពការពារព្រំដែនក្នុងការថែរក្សា ការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពខ្មែរឱ្យបានគង់វង្ស ស្របតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយុទ្ធវិធីដឹកនាំប្រកបដោយភាពអត់ធ្មត់ ទន់ភ្លន់ ប្រកាន់យកសន្តិភាពនិយម និងនយោបាយការបរទេសយកច្បាប់អន្តរជាតិជាគោល សម្តៅការពារជម្លោះ រក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាបងប្អូនជិតខាង ដែលមិនមានការឈ្លានពានគ្នាទៅវិញទៅមក។

ក្រៅពីការសំណេះសំណាលសួរសុខទុក្ខ លោកបានដឹកនាំគណៈគ្រប់គ្រង មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ និងសមណនិស្សិត និស្សិត ធ្វើដំណើរទស្សនកិច្ចប្រាសាទតាមាន់ធំ ដែលជាប្រាសាទបុរាណស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏មានតម្លៃដែលបន្សល់ទុកពីដូនតាខ្មែរ៕