(ដាម៉ាស)៖ ការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងក្លាមួយ បានវាយប្រហារលើទីស្នាក់ការក្រសួងការពារជាតិស៊ីរីនៅរដ្ឋធានីដាម៉ាសកាលពីថ្ងៃពុធ បន្ទាប់ពីអ៊ីស្រាអែលបានសន្យាថា នឹងចាត់វិធានការប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី ជុំវិញការប្រព្រឹត្តអំពើហិង្សាលើសហគមន៍ជនជាតិភាគតិច Druze នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អំពើហិង្សានេះបានផ្តោតនៅជុំវិញទីក្រុង Sweida ភាគខាងត្បូង ដែលជាជម្លោះរវាងសកម្មប្រយុទ្ធជនជាតិភាគតិច Druze និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ដើមឡើយ កងកម្លាំងរដ្ឋាភិបាលត្រូវបានបញ្ជូនទៅដើម្បីបញ្ឈប់ជម្លោះរវាងក្រុម Druze និងកុលសម្ព័ន្ធ Bedouin ប៉ុន្តែបែរជាបានប៉ះទង្គិចជាមួយក្រុម Druze ទៅវិញ។ ស្ថានការណ៍នេះបានជំរុញឲ្យជនជាតិ Druze នៅក្នុងប្រទេសអ៊ីស្រាអែល អំពាវនាវឲ្យយោធាអ៊ីស្រាអែល ជួយការពារសហគមន៍របស់ពួកគេនៅស៊ីរី។
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារលើ «ច្រកចូលនៃទីបញ្ជាការយោធារបស់របបស៊ីរី» នៅក្រុងដាម៉ាស ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានព្រមានពី «ការវាយប្រហារដ៏ឈឺចាប់» ផងដែរ។ ស្របពេលជាមួយគ្នានេះ អំពើហិង្សានៅភាគខាងត្បូងបានបណ្តាលឲ្យមនុស្សស្លាប់ចន្លោះពី ១៦៩ ទៅ ៣០០នាក់ នេះបើយោងតាមរបាយការណ៍ផ្សេងៗគ្នា៕