(កែប)៖ លោក សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកែប ដើម្បី​ផ្សព្វផ្សាយ​បទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)។

ក្នុងឱកាសនោះ លោក សោម​ ពិសិដ្ឋ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក សមត្ថកិច្ច និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកែប ជាដាច់ខាត។

លោកបន្តថា បច្ចុប្បន្ននេះ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងពិភពលោក និងតំបន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជនបរទេសខិលខូចបានជ្រៀត ចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

លោក សោម​ ពិសិដ្ឋ បញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានដាក់ចេញបទ បញ្ជាដល់ អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងស្នងការនគរបាលក្រុងស្រុក ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណាចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកែប ព្រមទាំងពិនិត្យលើវត្តមានជនបរទេស ដែលកំពុងតែស្នាក់នៅ ឬធ្វើការងារនៅក្នុងមូលដ្ឋាន។

លោក សោម​ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ប្រសិនបើ ករណីមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនេះ ឱ្យបានទាន់ពេលវេលា៕