(ព្រះវិហារ-ឧត្ដរមានជ័យ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្រ្តីរាជការក្រសួង ឥស្លាមសាសនា និងគ្រឹស្តសាសនា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ ដោយមានការអញ្ជើញ ទទួលស្វាគមន៍ ដោយនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីរួមចំណែកក្នុងការគាំទ្រលើកទឹកចិត្ត និងសុខទុក្ខ របស់វីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍ដោយ លោកឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តររាគមន៍លេខ២។
ពិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ា សុះ កំរ៉ីចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអ៊ីម៉ាំសាន់, បូជាចារ្យ អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូបទៀត។
លោក ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខភាព និងសុខទុក្ខបងប្អូនកងទ័ព ដែលកំពង់ឈរជើងការពារទឹកដីនៅសមរភូមិមុខគ្រប់ពេលវេលា។
ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយវីរះកងទ័ពជួរមុខ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដូចអ្វីដែលប្រមុខដឹកនាំស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទាំងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរះកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាង មិនស្មោះត្រង់ចិញ្ចឹមចិត្តឈ្លានពាន ទឹកដីរបស់កម្ពុជាតាំងពីអតីតកាលរហូតមក។ ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ។
នៅក្នុងឱកាសនេះ លោក ចាយ បូរិន បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះបងប្អូនវីរះកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានក្តីអាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ នេះជាគំរូវីរភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងជាគំរូសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប ។
បន្ទាប់មក លោក ចាយ បូរិន ថ្នាក់ដឹកនាំពាហិរសាសនាបាន នាំយកអំណោយចែកជូនវីរៈកងទ័ព ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចែកជូនប្រជាពលរដ្ឋ ១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមខេត្តព្រះវិហារផងដែរ។
គ្រឿងឧបភោបរិភោគ រួមមាន៖ អង្ករ៩តោន ទឹកក្រូច ១៥០កេស ត្រីខខ្មែរ១៥០យួ មីជាតិ២០០កេសត្រីងៀត១៦០គីឡូក្រាម, ងៀតគោ១៦០គីឡូក្រាម, សាច់ក្រកគោ១០០គីឡូក្រាម ទឹកស៊ីអ៊ីវ១៥០យួ សាច់គោស្រស់៥០០គីឡូក្រាម នំឥស្លាមួយចំនួន ថ្នាំពេទ្យមួយចំនួន និងថវិកាមួយចំនួន៕