(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែនេះ រាប់តាំងពីថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដាក់ឱ្យដំណើរការជាផ្លូវការមក មានអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង១១ម៉ឺន ដាក់ពាក្យស្នើសុំឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍នានាដែលរដ្ឋផ្តល់ជូន។
ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ «ក្របខ័ណ្ឌត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ » នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាន៍ថា បន្ទាប់ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ទទួលបានទទួលសំណើចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១១៩,១៨៣។ តែយ៉ាងណាលោកឡើងថា នេះជាចំនួនតិចតួចនៅឡើយ ព្រោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មានរាប់លាននាក់។
លោកបានលើកឡើងថា ប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសារៈសំខាន់ណាស់ ដែលប្រព័ន្ធនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងតម្រូវការចំពោះមុខ ក្នុងការបង្កើតមូលដ្ឋានទិន្នន័យ ហើយអនុញ្ញាតឱ្យអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ ដោយងាយស្រួល គ្មានការចំណាយ និងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួលបានអត្តសញ្ញាណ និងស្នើសុំអត្ថប្រយោជន៍នានា។ ហើយនាពេលខាងមុខ លោកចង់ឱ្យប្រព័ន្ធនេះក្លាយជាកន្លែងផ្តល់ព័ត៌មាន និងទិន្នន័យ សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលមើលបាន និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់ការគាំទ្រទៅដល់ពួកគាត់។
លោកបន្ថែមថា បច្ចុប្បន្ន គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមរាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធនាការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ និងរបៀបនៃការចុះឈ្មោះ ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស។ ក្នុងនោះ យុទ្ធនាការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដែលជុំទី១មានចំនួន ៥លើក រួម មាន៖ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប កំពង់ស្ពឺ និងកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ប្រមាណ ១៤,០០០ នាក់។
ជាមួយគ្នានេះ ក្រសួងកំពុងបន្តសហការ និងតស៊ូមតិជាមួយក្រសួង-ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំ និងពង្រីក វិសាលភាពអត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តោតលើកម្មករ-និយោជិតនៃសហគ្រាស ធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល សហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍។
លោក ទន់ សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ(ILO) បានថ្លែងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសសម្រាប់កម្មករ និងសហគ្រិនដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ ខណៈនៅពិភពលោក ជាង៦០ភាគរយនៃចំនួនប្រជាជនដែលមានការងារ និងមានជីវភាពល្អប្រសើរ គឺពួកគេនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា កម្លាំងពលកម្មប្រមាណ ៨៨ភាគរយ បានប្រឡូកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយក្នុងនោះ ៨៧ភាគរយនៃកម្មករទាំងនេះជាស្ត្រី៕