(បាត់ដំបង)៖ អនុវត្តន៍តាមអនុសាសន៍ណែនាំរបស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនផ្តល់ជូនប្រជាពលរដ្ឋ ចាស់
ជរាជ ជនមានពិការភាព ស្ត្រីមេម៉ាយគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ រស់នៅភូមិបុសខ្នងរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រេង សុខា បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកាទក្រហមកម្ពុជា ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពណ៌សម្បូរ និន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានេះ លោកប្រធានអនុសាខាស្រុក បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញ ទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេងលង់ទឹក សត្វអាសិរពិស ផ្សេងៗ និងត្រៀមបង្ការពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា អំណោយដែលនាំមកប្រគល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕