(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មីមកពីគណបក្សនានាចំនួន ៤៤១នាក់។
ពិធីប្រកាសទទួលស្គាល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាថ្មីនេះ មានការចូលរួមគាំទ្រដោយលោកបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបាភ្នំ, លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត, លោក លោកស្រី ដែលជាអនុប្រធាន ក្រុមការងារចុះជួយស្រុកបាភ្នំនិងឃុំនានានៅក្នុងស្រុកបាភ្នំ សមាជិកសមាជិកាគណបក្សជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា នេះគឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់មួយ ក្នុងការរួមដំណើរជាមួយគណបក្សដែលកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបានគូសបញ្ជាក់ថា ការរួមសុខទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ជាតិ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប។ វត្តមានរបស់សមាជិកថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់លើគោលនយោបាយត្រឹមត្រូវ និងឆន្ទៈដ៏មុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តខ្ជាប់ខ្ជួនក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការចូលរួមរបស់សមាជិកថ្មីនឹងក្លាយ ជាកម្លាំងចលករដ៏សំខាន់មួយទៀត ក្នុងការសម្រេចបាននូវចក្ខុវិស័យនេះ៕