(ព្រះសីហនុ)៖ ដោយមានការបញ្ជាពី​​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលនៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥

លទ្ធផលកម្លាំងនគរបាលខេត្តព្រះសីហនុ បានរកឃើញជនបរទេសចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត។ ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលខេត្តព្រះសីហនុ ក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។

សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងស្នេីសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ ២២នាក់ ផ្ទះជួលទាំង​ ២ទីតាំងខាងលេី​ ត្រូវបានបិទជាបណ្តោះអាសន្ន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ដើម្បីរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ​-អន្តរជាតិ​៕