(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកងកម្លាំងប្រម៉ាណជាង១០០នាក់ ដោយសហការជាក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើររើសសំរាមតាមផ្លូវ ទីប្រជុំសាធារណៈក្នុងគោលបំណងបំផុតគំនិតឱ្យកងកម្លាំងទាំងអស់ចូលរួមចំណែកការពារបរិស្ថាន និងចេះស្រឡាញ់បរិស្ថាន ដោយរស់នៅស្អាត ថែរក្សាបរិស្ថានមានប្រយោជន៍ជាច្រើន ទាំងសម្រាប់ធម្មជាតិ សង្គម និងជីវិតមនុស្ស។ សកម្មភាពនេះបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា បរិស្ថានជាប្រយោជន៍សំខាន់ ជួយដល់សុខភាពមនុស្ស បរិស្ថានស្អាតជួយកាត់បន្ថយជំងឺដែលកើតពីខ្យល់ ជាងនេះផ្តើមចេញពីយើងជាអ្នកជំនាន់មុន ធ្វើឱ្យការថែរក្សាបរិស្ថានថ្ងៃនេះធានាថាអ្នកជំនាន់ក្រោយនឹងធ្វើជាគំរូល្អចំពោះវិស័យបរិស្ថាន។ ការរួមចំណែកនេះបានជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់កុមារ និងអ្នកដែលនឹងកើតមកនាពេលអនាគត។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា គុណភាពនៃជីវិតមនុស្ស គឺអាស្រ័យលើបរិស្ថានធម្មជាតិស្អាត និងរស់នៅស្អាតធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ និងក្រុមគ្រួសារយើងសុភមង្គល ។ ការរស់នៅក្នុងបរិស្ថានល្អអាចជួយដល់សុខភាពផ្លូវចិត្ត ដូចជាកាត់បន្ថយភាពអស់សង្ឃឹម និងអារម្មណ៍តានតឹង។ល។ ការសហការគ្នាក្នុងការការពារបរិស្ថានអាចជួយពង្រឹងទំនាក់ទំនងក្នុងសហគមន៍កាន់តែល្អ ហើយការយកចិត្តទុកដាក់លើបរិស្ថានជាការបង្ហាញនូវការគោរពជីវិតរបស់យើង និងអ្នកដទៃ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា ការស្រឡាញ់បរិស្ថានមិនត្រឹមតែជួយធានាអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយយើងឱ្យមានជីវិតប្រកបដោយសុខភាព សុភមង្គល និងស្ថិរភាពសេដ្ឋកិច្ច ដូច្នេះ តួនាទីរបស់យើងម្នាក់ៗក្នុងការថែរក្សាធម្មជាតិគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងបន្តធ្វើទាំងអស់គ្នាជារៀងរហូត៕