(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកជំទាវ អញ្ជើ្ចញចូលរួមជាភ្ញៀវកិត្តិយសកម្ពុជា ក្នុងកិច្ច ប្រជុំ លើកទី ១៦ នៃក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (The 16th AIPA Caucus)។

ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាទីម័រឡេស្តេនាពេលនេះ ពិតជាមានសារៈសំខាន់ និងជាកិត្តិយសដ៏ធំសម្រាប់សភាកម្ពុជា ដោយបានបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព និងឆន្ទៈដ៏មោះមុតក្នុងការពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-ទីម័រឡេស្តេ។

សម្តេចបានសង្កត់ធ្ងន់ថា ជាមួយគ្នានេះវត្តមានរបស់គណៈប្រតិភូទីម័រឡេស្តេនៅក្នុងកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ សបញ្ជាក់ឱ្យឃើញនូវស្មារតី បំណងប្រាថ្នា និងឆន្ទៈមុតស្រួចរបស់ទីម័រឡេស្តេ ក្នុងការត្រៀមខ្លួនក្លាយជាសមាជិកផ្លូវការរបស់ AIPA នាពេលខាងមុខ។ សម្តេចបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា គឺតំាងពីពេលសម្តេចតេជោ នៅជានាយករដ្ឋមន្រ្តីកម្ពុជាមកម៉្លេះ បានគំាទ្រនិងជំរុញជានិច្ច ធ្វើយ៉ាងណាឱ្យទីម័រឡេស្ត បានក្លាយជាសមាជិកទី១១របស់អាស៊ានក៏ដូចជាអាយប៉ាដែរ។

កម្ពុជានិងទីម័រឡេស្តេ គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយជំនឿទុកចិត្ត។ ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការដ៏ជោគជ័យ កាលពីខែឧសភាកន្លងទៅថ្មីៗនេះរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសទីម័រឡេស្តេ គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងទីម័រឡេស្តេ និងជាការបើកផ្លូវដល់ការពង្រីកទំនាក់ទំនងទ្វេភាគីរបស់យើង នៅគ្រប់យន្តការជាបន្តបន្ទាប់។

នៅត្រង់ចំណុចនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា លោកជំទាវ បានជ្រាបហើយថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមបង្កើតឱ្យមានធម្មនុញ្ញសន្តិភាពជាសកល ដែលត្រូវបានកិច្ចប្រជុំពេញអង្គលើកទី១១ នៃវេទិកាអន្តរជាតិស្តីពីភាពអត់ឱននិងសន្តិភាព (IPTP) បានអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។ នេះជាការរួមចំណែកដ៏សំខាន់មួយទៀតរបស់ សម្តេចតេជោ ចំពោះសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។ ធម្មនុញ្ញសន្តិភាពសកលនេះ ក្លាយជាចលនាសកលមួយ ដើម្បីសន្តិភាព និងវិបុលភាពរួម។

លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនដល់លោកជំទាវ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦នេះ។ លោកជំទាវប្រធានរដ្ឋសភា បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរជូនដល់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគំាទ្រដល់ទីម័រឡេស្តេនៅក្នុងការចូលជាសមាជិកអាស៊ាន។ លោកជំទាវបានគូសបញ្ជាក់ថាការគំាទ្រកម្ពុជានិងក្លាយជាកាលានុវត្តន៍ថ្មីសម្រាប់ការចូលរួមរបស់ទីម័រឡេស្តនៅក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ននៅក្នុងតំបន់និងសកលលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ បានពិភាក្សាគ្នាលម្អិត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ពិសេសការជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ការពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន រួមមានការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ការជំរុញវិស័យពាណិជ្ជកម្ម។ កម្ពុជាមានអង្ករ ចំណែកទីម័រឡេស្ត មាន ប្រេង។ ប្រធានរដ្ឋសភាទាំងពីរបានវាយតម្លៃខ្ពស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមយ៉ាងសកម្មរបស់ស្រ្តីជាដៃគូរមិនអាចខ្វះបាននិងបុរស៕