ក្នុងឱកាស នៃសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។

គោលបំណង នៃកិច្ចសហប្រតិបត្តិការអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់លើវិស័យ ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច និងធុរកិច្ចរវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម -កម្ពុជា តាមរយៈការលើកកម្ពស់ឱកាសអាជីវកម្ម ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រសហគ្រិនរបស់ភាគីទាំងពីរ។

ទិសដៅ នៃកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យ និងសកម្មភាព ដោយអនុលោមតាមលក្ខខណ្ឌ ដែលមានចែងក្នុងអនុស្សរណៈ នៃការយោគយល់គ្នានេះ ដោយលើកកម្ពស់ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។ លើកកម្ពស់ការផ្តល់អន្តរកម្មអាជីវកម្ម និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។ គាំទ្រសហគ្រិនវៀតណាម និងកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា។ រៀបចំសិក្ខាសាលា សន្និសីទ និងព្រឹត្តិការណ៍អាជីវកម្ម ដើម្បីជំរុញការទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ រៀបចំព្រឹត្តិការណ៍ដូចជា «កិច្ចសន្ទនាធុរកិច្ច» ដើម្បីភ្ជាប់សហគ្រិន និងវិនិយោគិន ។ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីបទដ្ឋានច្បាប់ ឱកាសវិនិយោគ និងទីផ្សារសម្រាប់សហគ្រិន។ គាំទ្រការអភិវឌ្ឍសមត្ថភាពសហគ្រិន ជាពិសេសក្នុងវិស័យដែលមានសក្តានុពល។

ក្នុងឱកាសសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥នោះ ភាគីទាំងពីរកម្ពុជាវៀតណាមក៏បានរៀបចំកម្មវិធីសំនួរចម្លើយពាក់ព័ន្ធនឹងការចង់ដឹងព័ត៌មានស្តីពីការវិនិយោគរវាងប្រទេសទាំងពីរ ដោយបើកឱកាសដល់អ្នកចូលរួមបានសួរទៅកាន់វាគ្មិនដែលជាអ្នកជំនាញមកពីក្រសួងស្ថាប័នជាតិ និងវិស័យឯកជន នៃប្រទេសទាំងពីរ ។

ទន្ទឹមនឹងនេះសភាពាណិជ្ជកម្មកម្ពុជាក៏បានរៀបចំផ្គូផ្គងធុរកិច្ចផងដែរ ដែលផ្តល់ឱកាសពិសេសដល់គណៈប្រតិភូ កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។ សភាពាណិជ្ជកម្មកម្ពុជាប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ បេសកកម្ម ធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និង កំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូប៖ ហ៊ន សុភ័ក្រ