(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលកំពុងរងការចោទប្រកាន់ពីបទប្រមាថ ព្រះមហាក្សត្រថៃ បានលាតត្រដាងរឿងមួយចំនួនថ្មីៗនេះ ក្នុងនោះរួមមានសម្តីបញ្ជាក់ថា នៅក្រុងបាងកក បច្ចុប្បន្ន មានឧក្រិដ្ឋជនធំៗដែលរកស៊ីឆបោកតាមអនឡាញ ដែលពួកគេកំពុងស្នាក់នៅអាផាតមិន (Apartments) ថ្លៃៗរាប់ពាន់លានបាត។ លោក ថាក់ស៊ីន ដែលមិនទាន់ដឹងថាតើវាសនារបស់ខ្លួន ក្លាយជាយ៉ាងណា ដោយសារមិនទាន់រួចទោសពីបទឧក្រិដ្ឋ នៃមាត្រា១១២ ច្បាប់ព្រហ្មទណ្ឌថៃ នៅ បានបង្ហាញការចង់លេងល្បែងនយោបាយ «មុជទឹកអត់ដង្ហើម» ជាមួយកម្ពុជាថែមទៀត។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅក្នុងក្រុងដ៏ឆើតឆាយមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាក្រុងបាងកក ដែលបិទបាំងដោយអំពើពុករលួយ និងដៃនយោបាយរបស់មន្ត្រីកាន់អំណាច គេពិតជាពិបាកក្នុងការស្វែងរកឱ្យឃើញនូវសំបុករបស់ក្រុមឧក្រិដ្ឋជនឆបោកជាអន្តរជាតិណាស់ បើគ្មានការផ្តល់តម្រុយពីអតីតនាយករដ្ឋមន្ត្រីមន្ត្រីថៃ លោក ថាក់ស៊ីន នោះទេ។
លោក ថាក់ស៊ីន ក្នុងកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានសារភាពថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញ កំពុងស្នាក់នៅអាផាតមិនថ្លៃៗ រាប់ពាន់លានបាត នៅទីក្រុងបាងកក និងពួកគេបានធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាងថែមទៀត។ សម្តីនេះកំពុងលាតត្រដាងថា ទីក្រុងបាងកក គឺជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ និងចេញពីសំបុកដ៏ធំនៅទីនោះហើយ ឧក្រិដ្ឋជនជាមេខ្លោង និងបក្ខពួក បានធ្វើសកម្មភាពខុសច្បាប់របស់ខ្លួនពាសពេញទឹកដីនៃប្រទេសថៃ និងថែមទាំងរាលដាលចូលមកក្នុងប្រទេសកម្ពុជាថែមទៀត។
សម្តីសារភាពរបស់លោក ថាក់ស៊ីន មិនត្រឹមតែបញ្ជាក់ពីភាពសង្ស័យជាយូរយារណាស់មកហើយអំពីតួនាទីរបស់ប្រទេសថៃ ដែលជាជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការលាក់ពុតរបស់អាជ្ញាធរថៃ ដែលបន្តបន្ទោសដាក់មកលើកម្ពុជា ចំពោះឧក្រិដ្ឋកម្ម ដែលចាក់ឫសក្នុងទឹកដីរបស់ខ្លួនថែមទៀត។ ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺអ្នកនយោបាយថៃ រួមមានទាំងកូនស្រីលោក ថាក់ស៊ីន គឺលោកស្រី ផៃថងថាន បែរជាប្រើប្រាស់ល្បែងនយោបាយនេះ ក្នុងការបិទបាំងភាពកខ្វក់របស់រដ្ឋាភិបាលបាលខ្លួនឯង ដោយបង្វែរទម្លាក់កំហុសនេះឱ្យប្រទេសដទៃជិតខាង រួមទាំងកម្ពុជាផងដែរ ដើម្បីការទទួលខុសត្រូវ។
លោកស្រី ផៃថងថាន ដែលកំពុងរងការព្យួរតំណែងនាយករដ្ឋមន្ត្រី ធ្លាប់បាននិយាយចោទប្រកាន់ថាការបិទច្រកព្រំដែនរវាងថៃនិងកម្ពុជា គឺដោយសារកម្ពុជា ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន ដែលធ្វើឱ្យប្រទេសថៃ ខាតបង់ទឹកប្រាក់ជាង៦០០ពាន់លានបាតក្នុង១ឆ្នាំៗ និងដែលថៃ ត្រូវដាក់ចេញនូវយុទ្ធសាស្ត្របោសសម្អាតក្នុងរយៈពេល៣ខែ។ ប៉ុន្តែសម្តីលាតត្រដាងរបស់លោក ថាក់ស៊ីន លើកញ្ចក់ទូរទស្សន៍ថៃ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ប្រហែលជាអាចបកស្រាយបញ្ជាក់នូវការពិតមួយដែលលាក់សម្ងំក្នុងក្រុងបាងកក ជាច្រើនឆ្នាំរួចមកនេះហើយ។
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតបមួយ ដើម្បីការការពារកិត្តិយស និងភាពស្អាតស្អំរបស់ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់មេដឹកនាំអាស៊ាន និងពិភពលោកត្រូវទទួលស្គាល់នូវសម្តីលើកឡើងរបស់លោក ថាក់ស៊ីន និងសម្តេច បានព្រមានដល់អ្នកនយោបាយថៃ មិនត្រូវធ្វើការចោទប្រកាន់ដាក់មកលើកម្ពុជា តែផ្តេសតែផ្តាស ដោយមិនមើលប្រទេសថៃរបស់ខ្លួនឯង ដែលតាមពិតគឺជាទីកន្លែងនៃសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចតេជោ បានថ្លែងដែរថា កន្លងមកសម្តីចោទប្រកាន់របស់នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែង ដែលនិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញនោះ វាគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរ ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ តម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
* ហេតុអ្វីបានជាថៃ លេងល្បែងបិទច្រកព្រំដែនជាមួយនឹងកម្ពុជា?
ល្បែងបិទច្រកព្រំដែនរបស់ថៃ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមិថុនា និងបានបិទទាំងស្រុងនៅថ្ងៃទី២៣ ខែមិថុនា ក៏ជាផ្នែកមួយក្រោមលេសចោទប្រកាន់ថា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញខុសច្បាប់ ដែលពួកគេនិយាយថាបានស្ថិតនៅក្នុងទឹកដីកម្ពុជា។ សម្តីចោទប្រកាន់របស់អ្នកនយោបាយថៃ គឺជាការចោទប្រកាន់មួយ ដែលគ្មានភស្ថុតាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ គឺប្រទេសថៃខ្លួនឯងនោះទៅវិញទេ ដែលការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ UNODC បានរកឃើញថា គឺជាសំបុកនៃទីតាំងក្រុមឧក្រិដ្ឋឆ្លងដែន, ក្រុមជួញដូរគ្រឿងញៀន និងអំពើលាងលុយកខ្វក់នោះ។
ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិបានថ្លែងថា៖ «ប្រទេសថៃ គឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុប ចេញពីតំបន់ត្រីកោណមាស»។
យោងតាមរបាយការណ៍អង្គការដដែលនេះ ដែលបានចេញផ្សាយកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា «ថៃបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានរឹបអូសគ្រឿងញៀន methamphetamine ជាង១០០តោនកាលពីឆ្នាំ២០២៤»។ របាយការណ៍ បានបន្តថាគ្រឿងញៀនប្រភេទ methamphetamine ២៣៦តោន ត្រូវបានរឹបអូសកាលពីឆ្នាំ២០២៤ នៅក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ពោលគឺចំនួនកើនឡើង២៤% បើធៀបទៅនឹងឆ្នាំ២០២៣។ ហើយនាពេលថ្មីៗកន្លងមកនេះទៀត គឺកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ នៅបានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយកខ្វក់ដែលមានតម្លៃ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិដនមឿង ដែលអ្វីទាំងនេះកាន់តែបង្ហាញថា សំបុកធំនៃក្រុមឧក្រិដ្ឋជនអនឡាញជាអន្តរជាតិ មិនស្ថិតនៅទីណាឡើយក្រៅពីក្រុងបាងកកនៃប្រទេសថៃនោះ។
ប៉ុន្តែជាមួយល្បែងបិទច្រកព្រំដែន ដែលធ្វើឱ្យមានក្តីបារម្ភថា នឹងអាចមានសង្គ្រាមមួយផ្ទុះឡើងនោះ, ចំពោះលោក ថាក់ស៊ីន វិញ, បានប្រៀបប្រដូចថាវាជា «ល្បែងមុជទឹក» មួយប្រកបដោយគ្រោះថ្នាក់។ ល្បែងនយោបាយរបស់ ថាក់ស៊ីន នេះបានបង្ហាញពីភាពមិនខ្វល់ខ្វាយអំពីផលប្រយោជន៍សេដ្ឋកិច្ចរបស់ជាតិ និងការរកស៊ីចុះឡើងរបស់ប្រជាជននៃប្រទេសទាំងពីរតាមបណ្តោយព្រំដែនឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមថា សម្តេចបានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុន ដែល ថាក់ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ពនៃប្រទេសទាំងពីរកើតឡើងទេ ប៉ុន្តែហ្គេមដែលថៃកំពុងលេងនេះ គឺជាល្បែងនយោបាយនៃការប្រកួតមុជទឹក! មានន័យថា អ្នកណាមុជក្នុងទឹកបានយូរជាង គឺអ្នកនោះឈ្នះ។ សម្តេចតេជោបានថ្លែងថា តាមការយល់របស់សម្តេច គឺល្បែងមុជទឹកនោះ ត្រូវលោក ថាក់ស៊ីន ចង់និយាយដល់ការបិទព្រំដែន ដើម្បីចង់ដឹងថាតើអ្នកណាដែលអាចទ្រាំបានយូរជាងគេ។
សម្តេចតេជោ បានថ្លែងថា៖ «បើដូចនេះមែន មេខ្លោង នៅពីក្រោយការបិទព្រំដែន គឺលោក ថាក់ស៊ីន នេះតែម្តង»។ សម្តេចប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជាបានថ្លែងថា «កម្ពុជាកំដរលែងល្បែងនេះ មិនថាពេលណាត្រូវចប់ឡើយ ប៉ុន្តែសម្តេចបញ្ជាក់ថា «ខ្លាចតែអ្នកបបួលលែងល្បែងនេះ ដួលរលំមុនពេលដែលល្បែងលេងចប់»។
សម្តេចតេជោ តាមសារក្នុងបណ្តាញសង្គម បានបង្ហើបនូវរឿងរ៉ាវដែលលោក ថាក់ស៊ីន ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាច្រើន ដែលមិនត្រឹមតែក្បត់នឹងរូបសម្តេចតេជោ ប៉ុណ្ណោះទេ សូម្បីតែជាតិសាសន៍ថៃ និងព្រះមហាក្សត្រថៃ ក៏លោក ថាក់ស៊ីន ហ៊ានក្បត់ថែមទៀត។
សម្តេចតេជោ បានលើកឡើងពីរឿងលោក ថាក់ស៊ីន ដែលទម្លាយរឿងសម្ងាត់ផ្ទៃក្នុងរបស់ថៃនានា មកឱ្យរូបសម្តេចបានដឹង ដែលសូម្បីតែផែនការសម្ងាត់ បណ្តេញប្រធានគណបក្សភូមិចៃថៃ គឺលោកអនុជីន ចេញពីតំណែងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យបក្សភឿថៃចូលគ្រប់គ្រងក្រសួងមហាផ្ទៃវិញនោះក៏លោក ថាក់ស៊ីន ហ៊ានទម្លាយខណៈរឿងបញ្ចេញឯកសារផ្ទៃក្នុងរបស់ថៃមួយទៀត ក្នុងជំនាន់អតីតរដ្ឋាភិបាលលោក អាប់ភីស៊ីត ក៏លោក ថាក់ស៊ីន ផ្តល់មកឱ្យសម្តេចបានដឹងនិងមានវិធានការត្រៀមទប់ទល់ជាមុនបានថែមទៀត។
សម្តេចតេជោ បានថ្លែងព្រមានថា សម្តេចត្រៀមនឹងយកពេលប្រមាណ៣ម៉ោង ដើម្បីទម្លាយរឿងថាក់ ស៊ីន ដែលប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង ទាំងព្រះមហាក្សត្រថៃជំនាន់មុន និងព្រះមហាក្សត្រ ថៃបច្ចុប្បន្ន។ យោងតាមច្បាប់របស់ថៃ ទង្វើប្រមាថព្រះមហាក្សត្រដែលស្ថិតក្នុងមាត្រា១១២នៃច្បាប់ព្រហ្មទណ្ឌថៃ អាចផ្តន្ទាទោសម្តងដោយដាក់គុករវាងពី៣ដល់១៥ឆ្នាំ។
គួរបញ្ជាក់ថាលោក ថាក់ស៊ីន បច្ចុប្បន្ននេះ នៅមិនទាន់រួចពីការចោទប្រកាន់របស់តុលាការ ថៃពីទង្វើមួយនៃការប្រមាថព្រះមហាក្សត្រថៃ យោងតាមមាត្រា១១២នោះឡើយ។ បទចោទប្រកាន់នេះ គឺយោងតាម សម្តីដែលលោកថាក់ស៊ីន បានសម្ភាសន៍ក្នុងឆ្នាំ២០១៥ ជាមួយនឹងសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo។ លោកត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំសិន ដោយរង់ចាំការកាត់ក្តីរបស់តុលាការ។ លោក ថាក់ស៊ីន បានបង្ហាញខ្លួនចុងក្រោយនៅចំពោះមុខតុលាការថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្រថៃនេះ។ បើសិនជាមានការទម្លាយរឿងប្រមាថព្រះមហាក្សត្រថៃ ជាបន្ថែមទៀតនោះ គេមិនដឹងថាតើវាសនារបស់លោក ថាក់ស៊ីន នឹងក្លាយជាយ៉ាងណាទៀតឡើយ។
សម្តេចតេជោ បានសរសេរលើសារតាមបណ្តាញសង្គមបញ្ជាក់ថា សម្តេច ត្រៀមខ្លួនលេងហ្គេមនយោបាយនេះគ្រប់ពេល ប៉ុន្តែខ្លាចថាអ្នកដែលបបួលនោះទៅវិញទេ ដែលអាចដួលមុនពេលដែលហ្គេមមិនទាន់លេងចប់សព្វគ្រប់នោះ។
ដូច្នេះសម្តីលាតត្រដាងរបស់ថាក់ស៊ីន ដែលបង្ហាញថាក្រុងបាងកក គឺជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ គឺជាសម្តីដែលបកស្រាយប្រាប់ពិភពលោកវិញថា កម្ពុជាមិនមែនជាទីតាំងនៃសំបុកក្រុមឧក្រិដ្ឋកម្មអនឡាញឡើយ។ កម្ពុជា គឺជាប្រទេសដែលរងគ្រោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀតរឿងរបស់លោក ថាក់ស៊ីន ដែលចង់លេងល្បែង «មុជទឹកអត់ដង្ហើម» ជាមួយនឹងកម្ពុជានោះ គឺត្រូវរង់ចាំមើលពេលវេលានាពេលខាងមុខនេះសិន ពីព្រោះការលេងល្បែងនេះ មិនអាចលេងតែម្នាក់ឯង ដោយគ្មានលោក ថាក់ស៊ីន កំដរបានឡើយ៕