ប្រវត្តិវិទូ វង់ សុធារ៉ា៖ បដិសេធចំពោះការកាឡៃប្រវត្តិសាស្រ្តរបស់ថៃ ដែលអះអាងថា «ខម» ដែលជាម្ចាស់ប្រាសាទខ្មែរ និងអក្សរមូលខ្មែរ មិនមែនជា«ខ្មែរ» សព្វថ្ងៃនេះទេ
(ភ្នំពេញ)៖ លោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជំនាញផ្នែកសិលាចារឹក បានបញ្ជាក់ថា មិនមានសិលាចារឹក ឬឯកសារដើមណាមួយបញ្ជាក់ពីឈ្មោះជនជាតិខមនៅក្នុងអាណាចក្រខ្មែរបុរាណ ដូចការបំភ្លៃប្រវត្តិសាស្រ្តរបស់ថៃនោះទេ ហើយអ្នកដែលកសាងប្រាសាទធំៗ នៅក្នុងអាណាចក្រខ្មែរ គឺជាជនជាតិខ្មែរយ៉ាងពិតប្រាកដ។
ក្នុងនាមជាអ្នកជំនាញប្រវត្តិសាស្រ្ត និងសិលាចារឹក លោកបណ្ឌិតបានបញ្ជាក់ថា ជនជាតិមនបុរាណ និងឡាវ បានហៅ ខ្មែរ ថា «ក្រោម» ដែលអាចសំដៅដល់ទីតាំងភូមិសាស្ត្រដែនដីខ្មែររស់នៅ ក្នុងតំបន់ភាគខាងត្បូង និងមានស្ថានភាពទាបជាងពួកគេ បើធៀបជាមួយខ្សែទឹកហូរ។ ចំណែក ជនជាតិដែលចាប់ពីសតវត្សរ៍ទី១៩ ហៅខ្លួនឯងថា ថៃយ ក៏ហៅខ្មែរ ថា «ខម» ព្រោះពួកគេមិនចេះអានពាក្យព្យាង្គតម្រួត «ក្រោម» ឲ្យត្រឹមត្រូវបាន តាមសូរស័ព្ទនៃពាក្យ ដូចពាក្យ «ខ្រាប់» គេអានថា «ខាប់» ដូច្នោះដែរ។ បើយើងពិនិត្យមើលសិលាចារឹកភាសាខ្មែរ និងមានភាសាមនខ្លះ បានហៅ ព្រះមហាក្សត្រខ្មែរ ជាសព្វនាម ឬ រហស្សនាមថា កម្រតាងប្ទៃករោំ (សម័យមុនអង្គរ), កម្រតេងផ្ទៃករោំ (សម័យអង្គរ), និង កម្រតែង/គម្តែងផ្ទៃក្រោម (សម័យក្រោយអង្គរ) ដែលមានន័យថា អម្ចាស់ ឬ ម្ចាស់ដែនដីក្រោម។ ប្រសិនបើ «ក្រោម»មានន័យថា «ខ្មែរ» នាំឲ្យបច្ចេកពាក្យ កម្រតាងប្ទៃ/កម្រតេងផ្ទៃករោំម/កម្រតែង/គម្តែងផ្ទៃក្រោម មានន័យថា អម្ចាស់ផែនដី«ខ្មែរ» ផងដែរ។ ការឆ្លើយតបនេះ បានធ្វើឡើងចំពោះការកាឡៃប្រវត្តិសាស្រ្តរបស់ប្រវត្តិវិទូថៃជាតិនិយមជ្រុលមួយចំនួនធំ ដែលបាន ខិតខំបំភ្លៃការពិតម្តងបែបនេះ ម្តងទៅជាបែបនោះ តាមតែចិត្តនឹកឃើញ។ ដូចជា ពីដំបូងពួកនេះថា ខម គឺជាជនជាតិខ្មែរ និងមកដល់ទសវត្សរ៍ឆ្នាំ១៩៣០ អ្នកប្រាជ្ញថៃ ជាតិនិយមជ្រុល នាម អនុមាន រាជធន បែរជាអះអាងថា អ្នកកសាងប្រាសាទបុរាណនៅកម្ពុជា និងមាននៅថៃដល់បច្ចុប្បន្ននេះ គឺជាជនជាតិ «ខម» មិនមែនជាជនជាតិខ្មែរនោះឡើយ។ ព្រោះពួកខម នោះ ត្រូវបានខ្មែរសម្លាប់បំផុតពូជអស់ហើយ។ ចំណែក ពួកថៃជាតិនិយមជ្រុស កំពុងនាំគ្នាផ្សព្វផ្សាយយ៉ាងផុលផុសនូវគំនិតប្រឌិតបំភ្លៃចុងក្រោយនេះ។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖