(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដឹកនាំដោយ លោក Zeng Jinghua អគ្គនាយកនៃគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។
ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីលទ្ធភាពបង្កើតឱកាសកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក ការអប់រំបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងចូលរួមគាំទ្រគម្រោងអាទិភាពសំខាន់ៗ របស់ក្រសួង។
ក្នុងជំនួបនេះគណៈប្រតិភូគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង បានជម្រាបជូនពីគោលដៅក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមចក្ខុវិស័យរួមរបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ និងបានលើកឡើងអំពីគម្រោងនានារបស់ខ្លួនដែលបាននិងកំពុងអនុវត្ត ក្នុងនោះមានគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍភាគនិរតីឆុងឈីង តាមរយៈការប្រើប្រាស់ខ្សែផ្លូវសមុទ្រតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរទំនិញរវាងគ្នា ទៅវិញទៅមក នៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះលោកស្រី កុយ សុដានី បានបញ្ជាក់ពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ដែលចាំបាច់ត្រូវធានាដល់ការតភ្ជាប់ប្រទាក់ក្រឡារវាងការដឹកញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការតភ្ជាប់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនឱ្យរលូន មានតម្លៃថោក និងអាចប្រកួតប្រជែងជាមួយប្រទេសដ៏ទៃ។
លោកស្រី ក៏បានលើកឡើងអំពីសមិទ្ធផល និងគម្រោងនានាដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបាន និងកំពុងអនុវត្ដរួមមានការចូលរួមអនុវត្តទិសដៅគោលនយោបាយជាតិ ជាពិសេសការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការរៀបចំកសាងផែនការមេ ការរៀបចំឯកសារក្របខណ្ឌច្បាប់ពាក់ព័ន្ធនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យភាពប្រទាក់ក្រឡានៅទូទាំងប្រទេស។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងថ្លែងអំណរគុណដល់វិទ្យាស្ថានអប់រំនៃក្រុងឆុងឈីង តាមរយៈប្រតិភូនាពេលនេះ ដែលបានជួយគាំទ្រដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក និងការសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយគ្នានាពេលនេះ។
នាឱកាសនោះដែរ លោកស្រី កុយ សុដានី ក៏បានស្នើដល់ប្រធានគណៈប្រតិភូ ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ និងសិក្សាចូលរួមអនុវត្តគម្រោងអាទិភាពនានារបស់ក្រសួង និងសូមពិចារណាជួយគាំទ្រផ្ដល់នូវការបណ្តុះបណ្តាល និងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្រ្តីរាជការក្រសួង និងនិស្សិតដែលកំពុងសិក្សានៅនៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លើមុខជំនាញពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតជាមួយគណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្រុងឆុងឈីង ប្រទេសចិន៕