(កណ្តាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានជម្រាបទៅពពលរដ្ឋចំនួន៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ដែលមានចំនួន ៨,០៦៨ក្បាលដី សូមរួសរាន់ទៅពិនិត្យមើលការបិទប្រកាសក្នុងបរិវេនវត្តមហានិគ្រោធ (ហេហៅវត្តចាស់) ដែលមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដើម្បីស្វែងរកចំណុចខុសឆ្គងមុនពេលក្រុមការងារចេញប្លង់រឹងជូន។
ស្ថិតនៅក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអភិបាលរងខេត្តថ្លែងថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
អភិបាលរងខេត្ត បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
លោកប្រធានមន្ទីររៀបចំដែនដី បានឱ្យដឹងទៀតថា ស្រុកមុខកំពូល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២៥លើក និងជាការបិទបញ្ចាប់សម្រាប់ស្រុកមុខកំពូលទាំងមូល ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល សរុបមាន ចំនួន ៨,០៦៨ក្បាលដី៕