(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចពិភាក្សានាព្រឹកនេះ លោករដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការគ្រប់គ្រងគាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គមនៅព្រះរាជាណាចក្រកម្ពុជា ទៅដល់គណៈប្រតិភូឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»

បន្ថែមលើការចែករំលែកបទពិសោធនេះ លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធទាក់ទងបច្ចេកទេសនៃការគ្រប់គ្រងអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

ជាការឆ្លើយតប លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលវេលាចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងរបបសន្ដិសុខសង្គមដល់គណៈប្រតិភូឡាវ។

បន្ថែមពីនេះ លោក Phongsaysack បានបន្ថែមថា តាមរយៈជំនួបនាព្រឹកនេះឯកឧត្តមនឹងដកស្រង់បទពិសោធដែលលោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់ជូនទៅអនុវត្តតាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន៕