(ភ្នំពេញ)៖ លោបណ្ឌិត វង់ សុធារ៉ា ប្រធានដឺប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជំនាញផ្នែកសិលាចារឹក បានបង្ហាញក្ដីបារម្ភ ជុំវិញការកសាងប្រាសាទនៅក្នុងប្រទេសថៃ មានទម្រង់ទ្រង់ទ្រាយដូចប្រាសាទអង្គវត្តរបស់កម្ពុជា។ ការបង្ហាក្ដីបារម្ភនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត កន្លងមកធ្លាប់មានករណីចម្លងប្រាសាទថាច់ម៉ាហាល់ របស់ឥណ្ឌា ពីប្រទេសបង់ក្លាដេស ប៉ុន្តែបែជាធ្វើឱ្យប្រាសាទដើមរបស់ឥណ្ឌាកាន់តែទទួលបានភ្ញៀវទេសចរច្រើនជាងមុន ប៉ុន្តែសម្រាប់ករណីការចម្លងប្រាសាទអង្គរវត្តរបស់ខ្មែរ ពីសំណាក់ប្រទេសថៃ គឺមិនអាចដូចករណីប្រាសាទថាច់ម៉ាហាល់ របស់ឥណ្ឌាឡើយ។
មិនដូចក៏ព្រោះតែថៃ តែងតែបំភ្លៃប្រវត្តិសាស្រ្ត ពិតទៅជាមិនពិត និងថៃ ក៏ធ្លាប់បានកេងសំណេញពីកម្ពុជារួចហើយ ពីកញ្ចប់ទេសចរដោយប្រើប្រាស់ប្រាសាទអង្គវត្តខ្មែរនេះនាពេលកន្លង។ នេះជាការបញ្ជាក់បន្ថែមពីលោបណ្ឌិត វង់ សុធារ៉ា។
សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងបង្ហាញពីការព្រួយបារម្ភរបស់កម្ពុជា ទៅលើសំណង់ប្រាសាទដែលមានឈ្មោះថា «សីហនគរ» ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលបានចម្លងតាមគំរូប្រាសាទអង្គរវត្តរបស់ខ្មែរ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានគូសបញ្ជាក់ថា ការសង់សំណង់ប្រាសាទ ដែលចម្លងតាមគំរូប្រាសាទបុរាណខ្មែររបស់ថៃនេះ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជាឡើយ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង និងមិនបានគោរពដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះទេ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖