(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការ​ឯក​ភាពរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន, លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, អភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តផងដែរ។

បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាក្តីបារម្ភមួយសម្រាប់តំបន់ និងលើពិភព​លោក។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញជាជម្រក​ដែលក្រុមជន​ល្មើសលាក់ខ្លួន និងជ្រកកោនធ្វើសកម្មភាពនេះ។

ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្ត្រី បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យានេះ។ អំពោះឆបោកជាច្រើនករណីត្រូវបានបង្ក្រាប និងជនល្មើស​ជាច្រើនរូបត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស ហើយជនរងគ្រោះជាច្រើនរូប រួមមានទាំងជនបរទេសផង ត្រូវបានជួយសង្គ្រោះ៕