(តាកែវ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិលើការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងអំពីការប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិ ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។

ក្នុងឱកាសនោះ លោកបានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បងទៅលើការវិភាគស្ថិតិ និងចងក្រងក្រងសូចនាករស្ថិតិអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗមួយចំនួនដូចជា មូលដ្ឋានគ្រឹះនៃការគណនា សូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខរកម្មប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខរកម្មប្រជាជនពេញវ័យ (១៥ឆ្នាំឡើង) អត្រា អក្ខរ កម្ម បែងចែកតាមតំបន់ និងតាមក្រុមអាយុសូចនាករស្តីពីការសិក្សានៅសាលារៀនដែលមានដូចជាសាលារដ្ឋ និងសាលាឯកជន អត្រារៀនបន្ថែមជាលក្ខណៈឯកជន (រៀនក្រៅម៉ោង) វិធីសាស្រ្តវិភាគសូចនាករស្តីពីការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករនៃការចំណាយលើការសិក្សាអប់រំ តាមរយៈការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ដោយស៊ីជម្រៅទៅលើម៉ូឌុលនៃការសិក្សាអប់រំក្នុងកម្រិតទូទាំងប្រទេស។

លោកថាវគ្គបណ្ដុះបណ្ដាលនេះ មានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែងដែលនឹងអាចជួយបង្កើននូវការយល់ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីមន្ទីរផែនការខេត្តតាកែវ និងមន្រ្តីរបស់មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត អំពីប្រព័ន្ធចងក្រងនិងការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យអង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួចនៅឡើយ។

លោក រិន វីរៈ បានផ្តាំផ្ញើថា តាមកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ សូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឱ្យបានគ្រប់ៗគ្នា និងឱ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធីដែលបានរៀបចំ និងសួរដេញដោលឱ្យបានសកម្មបំផុត តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះ។

លោកសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នាពេលនេះនឹងទទួលបានលទ្ធផលល្អប្រសើរសម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។

លើសពីនេះទៅទៀត លោក រិន វីរៈ ក៏សង្ឃឹមផងដែរថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះទៅមន្រ្តីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗថែមមួយកម្រិតទៀត និងចេះប្រែក្លាយចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងក្នុងការងារជំនាញដែលខ្លួនកំពុងទទួលខុសត្រូវ និងជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍស្ថិតិអប់រំនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសអ្នកប្រើប្រាស់ទិន្នន័យស្ថិតិ នៅក្នុងខេត្តតាកែវ៕