(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយតាមរយៈការបើកច្រកទ្វារព្រំដែនពីសំណាក់ភាគីថៃដោយឯកតោភាគី ឈរលើស្មារតីស្មោះត្រង់ ខណៈបច្ចុប្បន្ននេះ ប្រជាកសិករថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការបិទច្រកព្រំដែនដោយឯកតោភាគី ពីសំណាក់កងទ័ពថៃជាដើម។
គួរឱ្យដឹងថា អ្វីដែលបង្កើនភាពស្មុគស្មាញបន្ថែមទៀតក្នុងពេលដែលភាពតានតឹងនៃជម្លោះទឹកដីកើតឡើងរវាងប្រទេសទាំងពីរនោះ គឺបរិយាកាសផ្សព្វផ្សាយរបស់ក្រុមជាតិនិយមជ្រុលទាំងកម្ពុជា និងថៃ។ ក្រោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ បានកើតឡើងនោះ ក្រុមជាតិនិយមជ្រុល បានផ្សព្វផ្សាយនូវព័ត៌មានអុជអាល ញុះញង់ក្នុងបំណងរុញស្ថានការណ៍ឱ្យកាន់តែយ៉ាប់យ៉ឺន ដែលអ្វីទាំងនោះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍នៃកងទ័ពទាំងសងខាង។
ក្រុមជាតិនិយមជ្រុលនៅប្រទេសថៃ បានលើកឡើងថាមានការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានមិនពិតផ្សេងៗទៀត ខណៈក្រុមជ្រុលនិយមខ្មែរ បានផ្សព្វផ្សាយព័ត៌មានមានលក្ខណៈសំអប់ជាតិសាសន៍ ដើម្បីប៉ុនប៉ងដុតបញ្ឆេះកំហឹងជាតិនិយម។ រដ្ឋាភិបាលថៃ បានចាត់ទុកព័ត៌មានផ្សាយទាំងនោះ គឺជាព័ត៌មានអុជអាល បង្កភាពប៉ះពាល់សតិអារម្មណ៍ដល់កងទ័ព និងប្រជាជនកម្ពុជា និងថៃ។
ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅចំពោះមុខអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក Joseph Scheuer នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំនៅតែគោរពស្រឡាញ់អ្នកវិនិយោគ និងប្រជាជន ដែលកំពុងរកស៉ី និងរស់នៅលើទឹកដីកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយបបញ្ហាជាមួយប្រទេសថៃ ដោយសន្តិវិធី សន្តិភាព»។
ភ្ជាប់ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានបង្ហាញពីការហួសចិត្តដែលអតីតទាហានអាវខ្មៅថៃ មកជជែកលេងជាមួយកងទ័ពកម្ពុជា កំពុងឈរជើងនៅលើប្រសាទតាមាន់ធំ ប៉ុន្តែ បែរជាលួចវៃទាហានរបស់កម្ពុជា រួចរត់គេចខ្លួនបាត់ ហើយខ្លួនជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែង មកចោទប្រកាន់មកលើទាហានកម្ពុជា ថាជាអ្នកបង្កឱ្យខ្លួនមានកំហឹងទ្រាំមិនបានទើបវាយមកលើទាហានរបស់កម្ពុជា។ ដូច្នេះ ចំពោះទង្វរបស់អតីតទាហានឈុតខ្មៅមកលើទាហានកម្ពុជា គឺមិនអាចព្យាយាមបកស្រាយយករួចខ្លួនលើសពីការការពិតនោះទេ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា បញ្ហាវិវាទរវាងកម្ពុជា និងថៃ គឺមានក្រុមអ្នកនយោបាយមួយក្តាប់តូចមាននិន្នការប្រឆាំងរាជរដ្ឋាភិបាលទាំងកម្ពុជា និងថៃ បានព្យាយាមអូសបញ្ហានេះឱ្យកាន់តែរីកធំ រហូតឱ្យកងទ័ទពទាំងផ្ទុះអាវុធដាក់គ្នា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋន្ត្រី ទៀ សីហា បានបង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលថៃ នឹងយល់កាន់តែច្បាស់ពីជំហររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយតាមរយៈការបើកច្រកទ្វារព្រំដែនពីសំណាក់ភាគីថៃដោយឯកតោភាគី ឈរលើស្មារតីស្មោះត្រង់ ជាក់លាក់។ ខណៈបច្ចុប្បន្ននេះ ប្រជាកសិករថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការបិទច្រកព្រំដែនដោយឯកតោភាគី ពីសំណាក់កងទ័ពថៃជាដើម។
សូមជម្រាប់ថា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឱ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖ បើកដំណើរការប្រក្រតីភាពវិញ ឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់។ សម្ដេចបន្ដថា កម្ពុជាមិនចង់ប្រើប្រាស់វិធានក្នុងការបិទច្រកព្រំដែនោះទេ ប៉ុន្ដែទ្រាំមិនបានចំពោះការសម្រេចចិត្តជាឯកតោភាគីម្ដងហើយម្ដងទៀត ពីសំណាក់ក្រុមយោធាថៃ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជា មិនចង់លេងបិទពួនដូចថៃកំពុងលេងនោះទេ មិនមែនចង់បិទក៏បិទ ចង់បើកខ្លះទុកខ្លះ ឬបិទបើកតាមទំនើងចិត្តនោះទេ ហើយកម្ពុជាយល់អំពីការលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្ដែកម្ពុជាមានសិទ្ធិក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់ក្រុមយោធាថៃ។ កម្ពុជាបញ្ជាក់ជំហរច្បាស់ គឺនៅពេលថៃបើកទាំងអស់ឲ្យវិលមករកប្រក្រតីភាពវិញ កម្ពុជានឹងអនុវត្តតាមក្រោយ៕