(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីស្វែងយល់ដោយផ្ទាល់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា ។
ទស្សនកិច្ចនេះ ក្នុងឱកាសដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពី ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។
នៅក្នុងជំនួប និងទស្សនកិច្ច នៅក្រុមហ៊ុន Hoa Binh Group (ហៅ បិញ) អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថាលើកទឹកចិត្ត និងជំរុញឲ្យវិនិយោគិនកម្ពុជា និងវៀតណាមសហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ លោក ឡេ វៀត ហៃ ប្រធានក្រុមហ៊ុនសំណង់ហាវប៊ិញគ្រុប បានធ្វើបទបង្ហាញពីរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងបានណែនាំឲ្យភាគីទាំងពីរកម្ពុជា-វៀតណាមភ្ជាប់ទំនាក់ទំនងគ្នាស្វែងរកឱកាសវិនិយោគ។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា៕