(ភ្នំពេញ)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ ន កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយលោក អ៊ុំ យុទ្ធី នាយករដ្ឋបាលហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត សរុបប្រមាណ ១៦០រូប។
កិច្ចប្រជុំនេះមានគោលបំណងចម្បង ដើម្បីពិនិត្យវឌ្ឍនភាពសម្រេចបាន និងបញ្ហាប្រឈមកន្លងមក ព្រមទាំងពិគ្រោះយោបល់រកដំណោះស្រាយ ដើម្បីជំរុញឱ្យការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ សម្រេចបានវឌ្ឍនភាពន្ថែមទៀត។
ជារួម អង្គប្រជុំបានឯកភាពឱ្យពិនិត្យ និងកំណត់គោលដៅអនុវត្តបន្ត ដោយត្រូវបញ្ចូលគោលដៅសូចនាករ នៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ទៅក្នុងផែនការសកម្មភាពក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (MAP4) ដើម្បីតាមដាន និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ នៅទូទាំងប្រទេសឱ្យចប់សប់គ្រប់ត្រឹមឆ្នាំ២០២៦ ស្របតាមវិធានការជំរុញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០២៤ កន្លងទៅ។
សូមគូសបញ្ជាក់ថា ការពង្រឹងការគ្រប់គ្រងដីរដ្ឋ គឺជាអាទិភាពមួយនៃការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្របតាមទិសដៅនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋកាន់តែមានប្រសិទ្ធភាព និងទំនើបជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏កំពុងរៀបចំឯកសារគោល ដើម្បីតម្រង់ទិសការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពថែមទៀត៕