(ពោធិ៍សាត់)៖ ក្រោមការផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បន្តរួបរួមជាកម្លាំងសាមគ្គី ទោះតិចក្តីច្រើនក្តី ក្នុងគោលបំណងដើម្បីឱ្យសមិទ្ធផលនេះទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខភាពកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំវីដេអូសិប្បនិម្មិត អគាររដ្ឋបាលខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាពីសប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បានចំនួន១៤,៤០០ដុល្លារ និង៤៣,២០៥.០០០រៀល សម្រាប់ឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុង-ក្រៅខេត្ត និងក្រៅប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គី បន្តនាំយកថវិកា ដើម្បីប្រគល់ជូននាពេលនេះ ក៏ដូចជាពេលកន្លងមក ដែលជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
លោកបានលើកឡើងថា កត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកុលបុត្រដ៏ឆ្នើមរបស់កម្ពុជា នាយុគសម័យនេះ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់សប្បុរសជន ដែលកើតចេញពីបេះដូងពិត គឺជាគម្រូដ៏ល្អ និងមានតម្លៃណាស់ ក្នុងការអភិវឌ្ឍន៍ខេត្ត និងវិស័យសុខាភិបាលក្នុងខេត្តរបស់យើង ឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ ទាំងនេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ដែលយើងមិននឹងស្មានថា ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានទទួលថវិកាយ៉ាងច្រើន ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួម ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជាផ្លែផ្កា សម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរ លោក ខូយ រីដា សូមកោតសរសើរដល់ក្រុមជំនួយការ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលជានិច្ចកាលខិតខំយកចិត្តទុកដាក់ ស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីគៀរគររកមូលនិធិមកអភិវឌ្ឍមន្ទីពេទ្យឱ្យកាន់តែរីកចម្រើន និងបង្កើតបាននូវសមិទ្ធផលថ្មីៗ ឥតឈប់ឈរជាលំដាប់។
បើតាមលោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមជំនួយការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឱ្យដឹងថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕