(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយមន្ត្រីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំជាលក្ខណៈខួបផ្លូវក្រាលល្បាយថ្ម ភ្នំ ចំនួន១ខ្សែ ប្រវែង១២.០០០ម៉ែត្រ និងទទឹង៦ម៉ែត្រ។

ការងារចុះត្រួតពិនិត្យនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មការត្រួតពិនិត្យ ដឹកនាំលោកស្រី ឯក គន្ធវ៉ារី អនុរដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយការចូលរួមពីលោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ និងមន្ត្រីបច្ចេកទេស នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក ប្រាក់ សុវណ្ណ បានជម្រាបប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីគណៈកម្មការបានត្រួតពិនិត្យ និងវាយតម្លៃដោយយកចិត្តដាក់លើកិច្ចការនេះរួចរាល់ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកស្រី អនុរដ្ឋលេខាធិការ ក៏បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ដោយបានឯកភាព និងទទួលយកការបញ្ចប់សុពលភាពការងារ១០០%។

ក្រៅពីនេះ លោកស្រី អនុរដ្ឋលេខាធិការ ក៏បានសំណូមពរអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋត្រូវជួយថែរក្សា និងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ ដើម្បីការប្រើប្រាស់បានយូរអង្វែងផងដែរ៕