(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ បានបន្តចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត គ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវ ២៨ មិថុនា (ផ្លូវភ្លោះដើមល្មើរ) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ ធ្វើឡើក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ជាក់ស្តែងនាយប់ថ្ងៃទី១២ ខែកក្ដដា លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យលើអ្នកបើកបរ ដោយមិនគោរពច្បាប់រួមមាន បើកបរមិនពាក់មួកសុវត្ថិភាព ខ្សែរក្រវាត់ បើកលើសល្បឿនកំណត់ និងពិនិត្យរកជាតិស្រវឹងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដើម្បីទប់ស្កាត់កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដែលបង្កឡើងដោយការធ្វេសប្រហែសនូវចំណុចខាងលើ។

លោកសង្កត់ធ្ងន់ថា ក្នុងនាមនគរបាលចរាចរណ៍ លោនមិនចង់បានការផាកពិន័យនោះទេ តែផ្ទុយទៅវិញ លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរច្បាប់ឲ្យបានត្រឹមត្រូវគ្រប់ៗគ្នា។ ក្នុងប្រត្តិបត្តិការនេះទៀតសោត ក្រៅពីការផាកពិន័យ កម្លាំងយើងក៏បានណែនាំបងប្អូនដែលមិនចូលរួមគោរពច្បាប់ ឲ្យកាន់តែយល់ច្បាស់បន្ថែមទៀត ចៀសវាងមិនមានគ្រោះថ្នាក់ និងផាកពិន័យ។

ក្នុងឱកាសនេះលោកវរសេនយ៍ទោ នី ចាន់ណារ៉ា បានលើកឡើងនូវប្រសាសន៍ឧត្តមសេនីយ៍ឯក ស រដ្ឋា ដោយមានខ្លឹមសារ «បងប្អូនអ្នកបើកបររថយន្ត ធុនធំទាំងអស់ដែលធ្វើចរាចរណ៍តាមដងផ្លូវបើកបរដោយប្រុងប្រយ័ត្ន ខ្ពស់គោរពល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំបើកបរក្នុងស្ថានភាពស្រវឹង និងមានសារធាតុគ្រឿងញៀនក្នុងខ្លួនជាដាច់ខាត ក្នុងន័យនេះគឺដើម្បីចៀសផុតពី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ កើតឡើងដែលបណ្តាលមកពីការធ្វេសប្រហែសនូវកត្តាខាងណាមួយជាយថាហេតុ»៕